កូរ៉េខាងត្បូង ឆ្មក់ចូលមូលដ្ឋានយោធាអាមេរិកនៅកូរ៉េក្នុងការស៊ើបអង្កេតគ្រឿងញៀន
សេអ៊ូល៖ ប៉ូលិសកូរ៉េខាងត្បូងកំពុងស៊ើបអង្កេតទាហានអាមេរិក ១៧ នាក់ និងមនុស្សប្រាំនាក់ផ្សេងទៀត ដែលរងការចោទប្រកាន់ថា បានរត់ពន្ធ ឬប្រើប្រាស់កញ្ឆាសំយោគតាមរយៈអ្នកនាំសំបុត្រយោធា។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ទី ២១ ខែកញ្ញា។
ការស៊ើបអង្កេតនេះ ធ្វើឡើងបន្ទាប់ពីប៉ូលិសកូរ៉េខាងត្បូងឆ្មក់លើមូលដ្ឋានទ័ពអាមេរិកយ៉ាងហោចណាស់ពីរដងកាលពីខែឧសភា រួមទាំងនៅមូលដ្ឋានទ័ព Camp Humphreys ដែលជាមូលដ្ឋាននៅបរទេសធំបំផុតរបស់អាមេរិកក្នុងទឹកដីកូរ៉េខាងត្បូង។
ជនជាតិហ្វីលីពីនម្នាក់ និងកូរ៉េខាងត្បូងម្នាក់ ត្រូវបានចាប់ខ្លួន ខណៈរដ្ឋអាជ្ញាពិនិត្យមើលសំណុំរឿងប្រឆាំងនឹងជនសង្ស័យទាំង ២២ នាក់។ ការជាប់ពាក់ព័ន្ធនឹងកងកម្លាំងអនុវត្តរបស់កងទ័ពអាមេរិក បានជំរុញឱ្យមានការស៊ើបអង្កេតរយៈពេលបួនខែដោយអាជ្ញាធរកូរ៉េ។
ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ដោយដកស្រង់សម្តីលោក Cha Min-seok ដែលជាអ្នកស៊ើបអង្កេតជាន់ខ្ពស់នៅប្រទេសកូរ៉េខាងត្បូងថា វាគឺជាករណីធំបំផុតមួយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពាក់ព័ន្ធនឹងទាហានអាមេរិក។
ការឆ្មក់ចូលរួមគ្នារបស់ប៉ូលិសកូរ៉េខាងត្បូង និងផ្នែកស៊ើបអង្កេតឧក្រិដ្ឋកម្មរបស់កងទ័ពសហរដ្ឋអាមេរិក បានរកឃើញកញ្ឆាសំយោគចំនួន ៧៧ ក្រាម ជាងបួនគីឡូក្រាមនៃគ្រឿងញៀនរាវចម្រុះចូលគ្នាដែលគេប្រើសម្រាប់ជក់ជាងបួនគីឡូក្រាម និងលុយសុទ្ធចំនួន ១២ ៨៥០ ដុល្លារអាមេរិក។ វត្ថុតាងទាំងអស់នេះ ត្រូវបានរកឃើញនៅផ្ទះជនសង្ស័យទាំង ២២ នាក់។
ជនសង្ស័យរងការចោទប្រកាន់ពីបទរត់ពន្ធកញ្ឆាសំយោគ ចូលក្នុងប្រទេសកូរ៉េខាងត្បូងតាមរយៈសេវាប្រៃសណីយ៍របស់យោធាអាមេរិក។
បើតាម BBC កងកម្លាំងសហរដ្ឋអាមេរិកកូរ៉េ (USFK) បាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានដឹងអំពីការស៊ើបអង្កេត។ អង្គភាពនេះបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា បច្ចុប្បន្នមិនមានទាហានណាមួយ កំពុងស្ថិតក្នុងការឃុំឃាំង ឬត្រូវបានឃុំខ្លួនទាក់ទងនឹងករណីស៊ើបអង្កេតនេះនៅឡើយទេ។
បច្ចុប្បន្ន នៅក្នុងប្រទេសកូរ៉េខាងត្បូង អ្នកដែលត្រូវបានផ្តន្ទាទោសពីបទជួញដូរកញ្ឆា ត្រូវប្រឈមនឹងការជាប់ពន្ធនាគារពីប្រាំឆ្នាំដល់អស់មួយជីវិត។ ការកាន់កាប់គ្រឿងញៀន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលប្រាំឆ្នាំ ឬពិន័យជាប្រាក់ប្រហែល ៥០ លានវ៉ុន (៣៧ ២០០ ដុល្លារ)៕
ប្រែសម្រួល៖ ហួន ឌីណា
ប្រភព៖ South Korea raids US military bases in drugs probe https://www.bbc.com/news/world-asia-66874163?xtor=AL-72-%5Bpartner%5D-%5Bbbc.news.twitter%5D-%5Bheadline%5D-%5Bnews%5D-%5Bbizdev%5D-%5Bisapi%5D&at_format=link&at_campaign_type=owned&at_link_id=E98EB6B6-583B-11EE-AB2F-B83EFE754D29&at_medium=social&at_link_type=web_link&at_campaign=Social_Flow&at_bbc_team=editorial&at_link_origin=BBCNewsAsia&at_ptr_name=twitter