យុវជនសង្ឃឹមថានឹងទទួលបានការងារធ្វើក្រោយពីបានដាក់ពាក្យនៅ NEA

ភ្នំពេញ៖ យុវជននិងអ្នកស្វែងរកការងារធ្វើបានបង្ហាញក្តីសង្ឃឹមយ៉ាងមោះមុតថា នឹងទទួលបានការងារធ្វើក្រោយពីបានមកដាក់ពាក្យស្វែងរកការងារធ្វើនៅទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៅថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ២០២៣ នេះ នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)នៃក្រសួងការងារបានប្រកាសថា ក្រុមហ៊ុនធំៗចំនួន ៦ បានផ្តល់ឱកាសការងារថ្មីបន្ថែមទៀតសរុបចំនួន ៣៩៩ កន្លែង សម្រាប់យុវជនសិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើក្នុងវេទិកាការងារប្រចាំខែ។

និស្សិតម្នាក់ឈ្មោះ ប៉ៃ ភឿន មកពីរាជធានីភ្នំពេញ បាននិយាយថា រូបនាងបានមកដាក់ពាក្យដើម្បីស្វែងរកការងារធ្វើនៅNEA ដោយរំពឹងថានឹងទទួលបានជោគជ័យជាប់បានការងារធ្វើពីសំណាក់ក្រុមហ៊ុនជ្រើសរើសបុគ្គលិក។

និស្សិតរូបនេះនិយាយថា៖ « កន្លងមកខ្ញុំពិបាកក្នុងការដាក់ពាក្យស្វែងរកការងារធ្វើ តែពេលមកដល់ NEA ខាងNEA ជួយសម្របសម្រួល និងមានឱកាសជួបជាមួយតំណាងក្រុមហ៊ុនដើម្បីសម្ភាសន៍ការងារផ្ទាល់តែម្តង»។

និស្សិតរូបនេះបានថ្លែងអំណរគុណដល់ក្រសួងការងារដែលបានបង្កើតវេទិកាការងារនេះក្នុងការផ្តល់ឱកាសដល់សិស្ស និស្សិត និងអ្នកស្វែងរកការងារធ្វើដឹងពីតម្រូវការក្រុមហ៊ុនជ្រើសរើសបុគ្គលិក។

ចំណែកនិស្សិតម្នាក់ទៀត ឈ្មោះ ធឹម ចាន់លៃ ជានិស្សិតឆ្នាំទី១ មកពីខេត្តតាកែវ បាននិយាយឲ្យដឹងផងដែរថា និស្សិតរូបនេះធ្លាប់មកដាក់ពាក្យនៅNEA ច្រើនដងមកហើយតែបរាជ័យ ហើយមកលើកនេះរូបនាងនៅតែមានភាពជឿជាក់ថានឹងមានឱកាសជាប់ទទួលបានការងារធ្វើ។
និស្សិតរូបនេះនិយាយថា៖ « ខ្ញុំធ្លាប់មកដាក់ពាក្យច្រើនដងហើយ អារម្មណ៍ខ្ញុំខ្លាច នៅតែបរាជ័យ តែមិនអស់សង្ឃឹមទេ ព្រោះចង់បានបទពិសោធន៍សម្ភាសន៍ការងារ និងរៀបចំCVឲ្យបានល្អដើម្បីក្រុមហ៊ុនពេញចិត្ត»។

រីឯនិស្សិតម្នាក់ទៀត ពៅ មុនីរ័ត្ន និយាយស្រដៀងគ្នាដែរថា បានបង្ហាញចំណាប់អារម្មណ៍រីករាយពេលដែលបាន ចូលរួមវេទិកាការងារហើយនិស្សិតរូបនេះលើកទឹកចិត្តបងប្អូន យុវជនផ្សេងទៀតអាចមកស្វែងរកការងារធ្វើតាមរយៈវេទិកាការងាររបស់ NEA នេះ។

សម្រាប់និស្សិត លីន រ៉ូហ្សា ជានិស្សិតឆ្នាំទី៣ នៅវិទ្យាស្ថានស៊ីតិកបាននិយាយថា នៅNEA មានឱកាសការងារប្រមូលផ្តុំគ្នាពីក្រុមហ៊ុនជ្រើសរើសបុគ្គលិក ដូចនេះងាយស្រួលដល់អ្នកស្វែងរកការងារធ្វើ ។ និស្សិតរូបនេះនិយាយថា៖ « អត់ពិបាកដើរស្វែងរកការងារធ្វើទៀតទេ ដាក់ពាក្យភ្លាម សម្ភាសន៍ភ្លាម»។

សូមជម្រាបថា ក្រុមហ៊ុនធំៗទាំង៦ ក្នុងនោះរួមមាន៖ ក្រុមហ៊ុន VCAM FASHION គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើន ម.ក ក្រុមហ៊ុន MR Training ក្រុមហ៊ុន ម៉ាស្ទ័រស៊ុគីស៊ុប ធនាគារ WOORI និងមីក្រូហិរញ្ញវត្ថុ AMK៕

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner