សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ប្តេជ្ញាបន្តពង្រឹងនិងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-ប្រេស៊ីល

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ម៉ៅរូ វីអេរ៉ា (Mauro Vieira) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ក្នុងអំទ្បុងពេលនៃដំណើរបំពេញទស្សនកិច្ចផ្លូវការចំនួន៣ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះការអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមរដ្ឋមន្ត្រីការបរទេសប្រេស៊ីល នាពេលនេះ និងបានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការកន្លងមករវាងប្រទេសទាំងពីរ ព្រមជាមួយនឹងក្តីសង្ឃឹមថា ទំនាក់ទំនងដ៏ល្អនេះ នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ខណៈពេលដែលកម្ពុជាមានរាជរដ្ឋាភិបាលថ្មី ប៉ុន្តែគោលនយោបាយការបរទេស ជាពិសេសក្នុងទំនាក់ទំនងរវាងកម្ពុជា-ប្រេស៊ីល នៅរក្សាដដែល។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ៅរូ វីអេរ៉ា បានគោរពប្រគល់ជូន សម្តេចធិបតី នូវលិខិតអបអរសាទររបស់ឯកឧត្តមប្រធានាធិបតីប្រេស៊ីល ក្នុងឱកាសដែលសម្តេចធិបតី ចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ហើយក៏បានធ្វើការបញ្ជាក់ផងដែរនូវបំណងក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម អប់រំ សុខាភិបាល និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវក្តីរីករាយសាទរចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកស្ថានឯកអគ្គរាជទូតកម្ពុជានៅក្នុងប្រទេសប្រេស៊ីល ហើយក៏បានជម្រាបផងដែរថា ប្រេស៊ីលក៏គ្រោងនឹងបើកស្ថានឯកអគ្គរដ្ឋទូតរបស់ខ្លួននៅរាជធានីភ្នំពេញក្នុងឆ្នាំ២០២៤ ខាងមុខនេះ ស្របពេលនៃខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងការទូតកម្ពុជា-ប្រេស៊ីល។ ជាងនេះទៀត ឯកឧត្តមរដ្ឋមន្ត្រីការបរទេសប្រេស៊ីល ក៏បានសម្តែងនូវការអរគុណចំពោះកម្ពុជា ដែលបានគាំទ្រប្រទេសប្រេស៊ីល ឱ្យក្លាយជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន នៅរាជធានីភ្នំពេញ ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២។

ទន្ទឹមនឹងនេះផងដែរ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងឯកឧត្តមរដ្ឋមន្ត្រីការបរទេសប្រេស៊ីល ក៏បានឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ កសិកម្ម និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ព្រមទាំងបានពិភាក្សាអំពីបញ្ហាមួយចំនួនទៀត ដែលជាផលប្រយោជន៍រួម។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសប្រេស៊ីល បានគោរពអញ្ជើញសម្តេចធិបតី ទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសប្រេស៊ីល ក្នុងពេលវេលាសមស្របណាមួយ។ ជាការឆ្លើយតប សម្តេចធិបតី បានទទួលយកការអញ្ជើញនេះដោយក្តីរីករាយ និងបានបង្ហាញអំពីបំណងក្នុងការអញ្ជើញ ឯកឧត្តមប្រធានាធិបតីប្រេស៊ីល មកបំពេញទស្សនកិច្ចនៅកម្ពុជាវិញ ជាពិសេសនៅក្នុងឆ្នាំ២០២៤ខាងមុខនេះ ដែលជាឆ្នាំនៃការប្រារព្ធខួបលើកទី៣០ នៃចំណងការទូតផ្លូវការកម្ពុជា-ប្រេស៊ីល ព្រមជាមួយការបើកដំណើរការស្ថានអគ្គរដ្ឋទូតប្រេស៊ីលប្រចាំនៅកម្ពុជាផងដែរ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner