អង្គការ​សុខភាព​ពិភព​លោក​៖ ប្រទេស​ទាំង​អស់​ត្រូវ​វិនិយោគ​លើសុ​ខភាព​ផ្លូវ​ចិត្ត ជា​ពិសេស​សេវា​សហគមន៍

អត្ថបទដោយ៖
CPA

ភ្នំពេញ៖​ នា​​ឱកាសនៃ​​ទិវា​សុខភាព​ផ្លូវ​ចិត្ត​ពិភព​លោក​ឆ្នាំ​២០២៣​ អង្គការ​សុខភាព​ពិភពលោកបាន​អំពាវ​នាវ​ឱ្យប្រ​ទេស​ទាំង​អស់​ត្រូវ​វិនិយោគ​លើ​សុខភាព​ផ្លូវ​ចិត្ត ជា​ពិសេស​សេវា​សហគមន៍ ​ព្រោះ​សុខភាព​ល្អនឹង​មិនអាចមានទេ​ បើ​សិន​ជា​គ្មាន​សុខភាព​ផ្លូវ​ចិត្ត។

នេះ​ជា​ការ​អំពាវ​នាវ​របស់លោក តេដ្រូស អាដាណម ហ្គេប្រេយ៉េស៊ូស(Tedros Adhanom Ghebreyesus) អគ្គនាយក​អង្គការ​សុខភាព​ពិភព​លោក (WHO) នា​ឱកាស​ប្រារព្វ​ទិវា​សុខភាព​ផ្លូវ​ចិត្ត​ពិ​ភព​លោក​ឆ្នាំ​២០២៣ កាលពី​​ថ្ងៃ​ទី​១០ ខែ​តុលា​ ឆ្នាំ២០២៣ ក្រោម​ប្រធានបទ «​សុខភាព​ផ្លូវ​ចិត្ត គឺ​ជា​សិទ្ធិ​មនុស្ស​ជា​ស​ក​ល​» ។ ​

លោក​បាន​ថ្លែង​​ថា មនុស្ស​មួយនាក់ ក្នុង​ចំណោមប្រាំបី​នាក់ រស់​នៅ​ជា​មួយ​ស្ថាន​ភាព​សុខភាព​ផ្លូវ​ចិត្ត​ ប៉ុន្តែ​នៅ​ជុំ​វិញ​ពិភព​លោក មនុស្ស​ជា​ច្រើន​មិន​អាច​ទទួល​បាន​ការ​ថែទាំ​សុខភាព​ផ្លូវ​ចិត្ត​ប្រកប​ដោយ​គុណភាពនោះទេ​ ដោ​យ​សារ​ពួក​គេ​មាន​ឧបសគ្គ​ច្រើន​ដូច​ជា​៖ កង្វះ​សេវាថែទាំ ភាព​ក្រី​ក្រ អំពើ​ហិង្សា ការ​ម៉ាក់​ងាយ និង​ការ​រើស​អើងជាដើម​។

លោក​​​បន្តថា មនុស្ស​មួយ​ចំនួន​ដែល​មាន​ស្ថាន​ភាព​សុខភាព​ផ្លូវ​ចិត្ត ជា​ពិសេស​ប្រជាជន​ដែល​ខ្វះ​ខាត ​ឬជន​ងា​យ​រង​គ្រោះ អាច​ប្រឈម​មុខ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស រួម​ទាំង​ការ​បង្ខិត​បង្ខំ ការ​រំលោភ​បំពាន ឬ​​ការ​មិន​យ​ក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ថែទាំ​ផងដែរ​។

លោក​ តេដ្រូស អាដាណម ថ្លែង​ថា ​៖ «​ក្នុង​ទិវា​សុខ​ភាព​ពិភព​លោក អង្គការ​សុខភាព​ពិភពលោ​ក អំពាវ​នា​វ​ឱ្យ​សុខភាព​ផ្លូវ​ចិត្ត​ត្រូវ​បាន​គេ​គោរព​ជា​សិទ្ធិ​មនុស្ស​។ យើង​អំពាវ​នាវ​ឱ្យ​ប្រទេស​ទាំង​អស់​វិនិយោគ​លើ​សុខភា​ព​ផ្លូវ​ចិត្ត ជា​ពិសេស​សេវា​សហគមន៍ ព្រោះ​សុខភាព​ល្អ​គ្មាន​ទេ បើ​គ្មាន​សុខភាព​ផ្លូវ​ចិត្ត​»​។

ដោយឡែក អ្នក​នាង យឹម​ សុធា​រី​ នាយិកា​​មជ្ឈ​មណ្ឌល​ស្នេហា ​(Sneha Center) បាន​ប្រាប់ឱ្យដឹងដែរថា​ ដោយ​សារ​តែ​មាន​វិបត្តិ​កូវីដ១៩ នៅ​កម្ពុជា​អ្នក​​ដែល​​មាន​​វិបត្តិ​​ផ្លូ​វ​ចិត្ត​មាន​ការ​កើន​ឡើង​ជាង​មុន ក៏​ប៉ុន្តែ​វិបត្តិ​ជំងឺ​កូវីដ១៩ វា​ក៏​ជា​ឱកាស​មួយ​ដែល​ធ្វើ​ឱ្យ​មាន​ទាំង​យុវជន និង​ស្ថាប័ន​ជា​ច្រើន បាន​យក​ចិត្ត​ទុក​ដាក់ និង​មាន​ការ​ជជែក​ពី​រឿង​សុខភាព​ផ្លូវ​ចិត្ត​នេះ​ច្រើន។

អ្នកនាង​បន្តថា ខណៈដែលមានមនុស្ស​មាន​ការ​ជជែក​​​ពី​រឿង​សុខភាព​ផ្លូវ​ចិត្ត​ច្រើន ប៉ុន្តែប្រជាជន​កម្ពុជា​ ​តែ​ង​តែ​យល់​ច្រឡំ​ថា​សុខភាព​ផ្លូវ​ចិត្ត គឺ​ជា​ជំងឺ​ផ្លូវ​ចិត្ត តាម​ពិត​សុខភាព​ផ្លូវ​ចិត្ត វា​ជា​ចំណែក​មួយ​នៃ​សុខ​ភាព ទាំ​ង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត ចំណែក​ជំងឺ​ផ្លូវ​ចិត្ត វាជាជំងឺ​​ធ្លាក់​​ទឹក​ចិត្ត និងជំងឺ​ថប់​បារម្ភជា​ដើម។ ទោះបីមានការជជែកគ្នាច្រើនអំពីសុខភាពផ្លូវចិត្ត ប៉ុន្តែ​បើ​និយាយ​ពី​ការ​ទទួល​សេវា​ ប្រឹក្សាសុខភាពផ្លូវចិត្ត គឺនៅ​មាន​ការ​កំណត់​នូវ​ឡើយ​ទេ​។  ​

អ្នកនាង​ យឹម​ សុធា​រី ប្រាប់​ថា ៖ «ក្នុងឱកាសទិវាសុខភាពផ្លូវចិត្តពិភពលោកនេះ ខ្ញុំសូមផ្ដាំទៅប្រជាព​លរ​ដ្ឋទូទៅថា សុំចាត់ទុកសុខភាពផ្លូវចិត្តហ្នឹង ជាចំណែកមួយនៃសុខភាព ដូច្នេះនៅពេលដែលយើងមិនចាត់ទុ​កជាអាទិភាពទេ នោះបានន័យថាយើងអនុញ្ញាតឱ្យខ្លួនយើង​ បំពេញកិច្ចការប្រចាំថ្ងៃទាំងមិនល្អ»។

ក្រៅពីនេះ អ្នក​នាង​ក៏បាន​អំពាវ​​នាវ​ដល់​ប្រជាជន​ទូទៅ​កុំ​ព្យាយាម​វិនិច្ឆ័យ​នរណា​ម្នាក់ថាមានជំងឺផ្លូវចិត្ត ដោ​យ​ប្រើ​មាត់ និង​ភ្នែក​ទ​ទេនោះ តែ​​ត្រូវ​វិនិច្ឆ័យ​តាម​រយៈ​គ្លី​និក ដោយ​មាន​កម្រ​សំណួរមួយចំនួន​​ជា​ដើម​។

​​យោងតាមសេចក្តីថ្លែងការណ៍របស់​អង្គការ​យូនីសេហ្វ និងមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជនបាន​ អំពាវនាវឱ្យមានសកម្មភាពរួមគ្នាដើម្បីវិនិយោគបន្ថែមទៀតលើសុខភាពផ្លូវចិត្ត និងសុខុមាលភាពរបស់កុមារ ក្មេងជំទង់ និងយុវជននៅក្នុងប្រទេសកម្ពុជា។

សេចក្តីថ្លែងការណ៍បន្តថា ​ក្មេងជំទង់ម្នាក់ក្នុងចំណោមប្រាំពីរនាក់ ដែលមានអាយុពី ១០ ទៅ១៩ឆ្នាំ ទទួលរង​វិបត្តិផ្លូវចិត្ត។ នៅទូទាំងសកលលោក អត្តឃាតគឺជាមូលហេតុនាំមុខគេទីបួននៃការស្លាប់ក្នុងចំណោមម​នុស្សវ័យក្មេងដែលមានអាយុពី ១៥-១៩ ឆ្នាំ។​

ប្រភពដដែលបន្តថា ៖ «យូនីសេហ្វ និង UNFPA ធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាលកម្ពុជា ដែ​លប្តេជ្ញាយ៉ាងពេញលេញដើម្បីផ្តល់ការថែទាំសុខភាពផ្លូវចិត្តឱ្យបានគ្រប់គ្រាន់ដល់កុមារ ក្មេងជំទង់ និងយុ​វជននៅក្នុងប្រទេ​សនេះ»​។

សេចក្តីថ្លែងការណ៍ថា ទោះជាយ៉ាងណាក៏ដោយ វិបត្តិផ្លូវចិត្ត ឬការថប់បារម្ភ មិនគួរជាបញ្ហាសុខភាពសាធារណៈតែមួយនោះទេ ប៉ុន្តែគួរតែត្រូវបានគេទទួលស្គាល់ថា ជាក្តីបារម្ភរបស់សង្គមមួយផងដែរ។ ​វិបត្តិ​នេះបានបង្កផលប៉ះពាល់​យ៉ាងធំធេងបំផុតមកលើ​កុមារ ក្មេង​ជំទង់ និង​យុវជន ដែលគេ​មិន​ធ្លាប់បានជួបប្រទះនាពេលកន្លង​មក។

សូមបញ្ជាក់ដែរ​ថា ​​ក្រសួង​សុខា​ភិបាល បាន​ដាក់​ដំណើរ​ការ​សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្តកម្រិត​ឯកទេស​នៅ​តាម​មន្ទីរ​ពេទ្យ​ជាតិ និង​មន្ទីរ​ពេទ្យ​បង្អែក​រាជ​ធានី​​ខេត្ត បាន​ចំនួន​១០​កន្លែង និង​កម្រិត​មូល​ដ្ឋាន​នៅ​​តាម​ម​ន្ទីរ​ពេទ្យ​ខេត្ត​ ​ស្រុក ចំនួន​៩៧​កន្លែង និង​កម្រិត​បឋម​នៅ​តាម​មណ្ឌល​សុខ​ភាព​ចំនួន ៣៥៥​កន្លែ​ង​៕ ដោយ៖ជា សុខនី

ads banner