សម្តេចតេជោ ហ៊ុន សែន ពេញចិត្ត និងស្វាគមន៍ចំពោះ គណបក្សនយោបាយនានា ដែលមានបំណងចងសម្ព័ន្ធភាព ជាមួយនឹងគណបក្សប្រជាជនកម្ពុជា ដើម្បីការពាររដ្ឋធម្មនុញ្ញ និងរបបរាជនិយម

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្ដីពេញចិត្ត និងស្វាគមន៍ចំពោះគណបក្សនយោបាយនានា ដែលមានបំណងចងសម្ព័ន្ធភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា ដើម្បីការពាររដ្ឋធម្មនុញ្ញ និងរបបរាជនិយម ។ នេះបើតាមរយៈសារជាសំឡេងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣ ។

សម្តេចតេជោ បានថ្លែងថា ថ្ងៃនេះខ្ញុំបានទទួលដោយការពេញចិត្ត នូវការស្នើសុំ ក៏ដូចជាសេចក្តីថ្លែងការណ៍ នៃបណ្ដាគណបក្សនយោបាយនានាដែលមានបំណងចងសម្ព័ន្ធភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា។ សម្ដេចថា ក្នុងនាមគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមស្វាគមន៍យ៉ាងកក់កៅចំពោះគំនិតផ្ដួចផ្ដើម និងបំណងដ៏ល្អរបស់បណ្ដាគណបក្សនយោបាយដែលបានផ្ញើ និងធ្វើសេចក្តីថ្លែងការណ៍រួចមកហើយ ។

សម្ដេចបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាពេញចិត្តជាមួយនឹងការចងសម្ព័ន្ធភាពលើមូលដ្ឋាន នៃការគោរពឯករាជ្យភាព នៃគណបក្សរៀងៗខ្លួន។ សម្ដេចបានបន្តថា គណបក្សប្រជាជនកម្ពុជាមិនព្យាយាមដើម្បីត្រួតត្រាទៅលើគណបក្សនយោបាយដទៃទៀតទេ ប៉ុន្តែគណបក្សប្រជាជនកម្ពុជានឹងធ្វើការជាមួយគណបក្សផ្សេងទៀត ផ្អែកលើឯករាជ្យរបស់គណបក្សទាំងអស់ ហើយចាត់ទុកគណបក្សទាំងអស់ជាដៃគូស្មើភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា។ យើងមិនបានគិតថា គណបក្សប្រជាជនកម្ពុជា ជាគណបក្ស ធំហើយគណបក្សដទៃដែលគ្មានកៅអីក្នុងសភា ជាគណបក្សតូចតាចនោះទេ ។ យើងបានផ្ដល់ការគោរព គណបក្សទាំងអស់ដែលស្របច្បាប់ដែលចុះបញ្ជីក្នុងក្រសួងមហាផ្ទៃ។

សម្តេចថា តាមខ្ញុំដឹង ខាងរាជរដ្ឋាភិបាល បានត្រៀមទទួល យកគណបក្សចំនួន៣០ ចូលរួមនៅក្នុងក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់។ ក្នុងន័យនេះ គណបក្សប្រជាជនកម្ពុជា ត្រៀមទទួលយកនៅដៃគូទាំងអស់ ដែលចង់បូករួមជាមួយនឹងគណបក្សប្រជាជនកម្ពុជា ក្រោមរូបភាព នៃការចងសម្ព័ន្ធភាពកិច្ចសហប្រតិបត្តិការស្មើភាព និងស្មើសិទ្ធិ ។

សម្ដេចតេជោ ហ៊ុន សែន បានឲ្យក្រុមជំនួយការថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ព្រៀងនូវកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងអស់ដែលចងសម្ព័ន្ធភាពជាមួយគ្នា ហើយសម្ដេច នឹងជួបជាមួយនឹងឯកឧត្តម លោកជំទាវនាពេលខាងមុខដើម្បីពិភាក្សាទៅលើខ្លឹមសារ នៃសេចក្តីព្រមព្រៀងនោះ ។ សម្តេច បញ្ជាក់ទៀតថា យើងពិតជាមានតម្រូវការ នៃការរួបរួមរវាងគណបក្សនយោបាយនៅកម្ពុជា ដើម្បីសម្រេចគោលដៅ នៃការរក្សាសន្តិភាព ដើម្បីធានាការអភិវឌ្ឍន៍រយៈពេលវែង ចូលរួមជាមួយគ្នាដើម្បីការពារ នូវឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ការពាររបបរាជានិយមអាស្រ័យធម្មនុញ្ញ ការពារ នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការពារសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យនិង នីតិរដ្ឋ និងកិច្ចការផ្សេងៗទៀតដែលរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាប្រគល់ឲ្យយើងទាំងអស់គ្នាជាអ្នករួបរួម ដើម្បីការពារ។ និយាយមួយម៉ាត់ឲ្យខ្លី គឺត្រូវការពាររដ្ឋធម្មនុញ្ញរបស់យើង ហើយយើងក៏មានកាតព្វកិច្ចដើម្បីនឹងកម្ចាត់ចោល នូវនយោបាយជ្រុលនិយមចេញឲ្យផុតពីកម្ពុជា ដើម្បីធានាដ៏សាមគ្គីភាព ឯកភាពជាតិ ក៏ដូចជារក្សានៅសន្តិភាពដើម្បីធានា នូវការអភិវឌ្ឍ។

សម្តេចតេជោ ក៏បានថ្លែងអរគុណចំពោះឯកឧត្តម លោកជំទាវដែលបានផ្ញើសារ និងចេញសេចកីថ្លែងការណ៍ និងថ្លែងអំណរគុណដល់ឯកឧត្តម លោកជំទាវទុកជាមុនដែលមិនទាន់បានផ្ញើ ឬចេញសេចក្តីថ្លែងការណ៍ ដោយសង្ឃឹមថា នឹងបានជួបគ្នានាពេលខាងមុខ៕

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner