ប្រធានមូលនិធិ The Nippon Foundation ៖ កម្ពុជា គឺជាគំរូដ៏ល្អមួយ នៃការដឹកនាំប្រទេសប្រកបដោយសុខសន្តិភាព និងឯកភាពជាតិ

(ភ្នំពេញ)៖ ប្រធានមូលនិធិ The Nippon Foundation បានគូសបញ្ជាក់ថា កម្ពុជា គឺជាគំរូដ៏ល្អមួយ នៃការដឹកនាំប្រទេសប្រកបដោយសុខសន្តិភាព និងឯកភាពជាតិ សម្រាប់បណ្តាប្រទេសផ្សេងទៀតលើសាកលលោក អាចយកជាគំរូ ខណៈដែល ប្រទេសមួយចំនួនកំពុងតែរងនូវជម្លោះបែកបាក់ និងអសន្តិសុខ ។ នេះបើតាម លទ្ធផល នៃជំនួបពិភាក្សាការងាររវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ កម្ពុជា និងលោក យ៉ូហេ សាសាកាវ៉ា (Yohei Sasakawa) ប្រធានមូលនិធិ The Nippon Foundation នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ។

ក្នុងជំនួបនេះ លោក យ៉ូហេ សាសាកាវ៉ា បានថែ្លងអំណរគុណ សម្តេចធិបតី ដែលបាន ឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកចូលជួបសម្តែងការគួរសម ព្រមទាំង បានអបអរសាទរ សម្តេចធិបតី ចំពោះការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី នៃ កម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ។ លោកប្រធានមូលនិធិ ក៏បានថ្លែងកោតសរសើរ ប្រទេសកម្ពុជា ដែលពីមុនធ្លាប់ជាប្រទេសរងគ្រោះខ្ទេចខ្ទាំដោយសារភ្នក់ភ្លើងសង្គ្រាម បែកបាក់ ប៉ុន្តែសព្វថ្ងៃបានចាកចេញផុតពីវិនាសកម្មសោកសង្រេងទាំងនោះ ហើយកំពុងតែស្ថិតនៅលើមាគ៌ានៃការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ ។ ទាំងនេះ ក៏ដោយសារតែកម្ពុជាមានប្រមុខថ្នាក់ដឹកនាំឆ្នើម តួយ៉ាងដូចជា សម្តេចអគ្គមហាសេនាបតីតេជោ និង សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ជាដើម ។ បន្ថែមលើនេះ លោក យ៉ូហេ សាសាកាវ៉ា ក៏បានសង្កត់ធ្ងន់ទៀតថា កម្ពុជា គឺជាគំរូដ៏ល្អមួយ នៃការដឹកនាំប្រទេសប្រកបដោយសុខសន្តិភាព និងឯកភាពជាតិ សម្រាប់បណ្តាប្រទេសផ្សេងទៀតលើសាកលលោក អាចយកជាគំរូ ខណៈដែលប្រទេសមួយចំនួនកំពុងតែរងនូវជម្លោះបែកបាក់ និងអសន្តិសុខ ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ និងក្តីរីករាយ ដែលបានជួបសំណេះសំណាលជាមួយ លោក យ៉ូហេ សាសាកាវ៉ា ជាលើកទី៤ ហើយក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃជំនួបរវាង លោក យ៉ូហេ សាសាកាវ៉ា ជាមួយនឹង សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃដដែល ជាពិសេស សម្តេចធិបតី បានគូសបញ្ជាក់អំពីការគាំទ្រចំពោះគម្រោង នៃដំណើរទស្សនកិច្ចរួមគ្នារបស់ឥស្សរជនទាំងពីរ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងពេលខាងមុខ ។

ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏បានថ្លែងនូវការអរគុណចំពោះមូលនិធិ The Nippon Foundation ដែលក្នុងរយៈកាល ៣០ ឆ្នាំ ចាប់ពីឆ្នាំ១៩៩២ បានផ្តល់នូវជំនួយមនុស្សធម៌ដល់កម្ពុជានៅក្នុងវិស័យអប់រំ និងសុខាភិបាល ដោយក្នុងនេះ ប្រជាជនកម្ពុជា ជាច្រើនបានទទួលនូវអត្ថប្រយោជន៍ ពីជំនួយទាំងនោះ ដូចជា ការទទួលបាន នូវអវយវៈសិប្បនិម្មិត ដែលផ្តល់លទ្ធភាពឱ្យពួកគាត់មានឱកាសត្រឡប់ទៅប្រកបរបរចិញ្ចឹមជីវិត ក្នុងជីវភាពជាប្រក្រតីឡើងវិញ ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏នឹងបន្តគាំទ្រចំពោះគម្រោងសកម្មភាពនានា ដែលមូលនិធិ The Nippon Foundation បន្តអនុវត្តនៅកម្ពុជា ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner