នាវិកកងទ័ពជើងទឹកអាមេរិក សារភាពថា មានកំហុសក្នុងការធ្វើចារកម្មឱ្យចិន

អាមរិក៖ ក្រសួងយុត្តិធម៌អាមេរិកបាននិយាយថា មន្ត្រីកងទ័ពជើងទឹកអាមេរិកម្នាក់បានសារភាពកំហុសកាលពីថ្ងៃអង្គារថា ខ្លួនបានជួយប្រមូលព័ត៌មានយោធាដ៏រសើបឱ្យមន្ត្រីចារកម្មចិន។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។

លោក Wenheng Zhao អាយុ ២៦ ឆ្នាំ និងនាវិកកងទ័ពជើងទឹកអាមេរិកម្នាក់ទៀតឈ្មោះ Jinchao Wei ត្រូវបានចាប់ខ្លួនកាលពីខែសីហាពីបទសង្ស័យថា បានធ្វើចារកម្មឱ្យប្រទេសចិន។ ក្រសួងយុត្តិធម៌និយាយថា លោក Zhao បានសារភាពកំហុសនៅក្នុងតុលាការសហព័ន្ធរដ្ឋកាលីហ្វ័រញ៉ា ចំពោះការចោទប្រកាន់ពីបទសមគំនិតជាមួយមន្ត្រីចារកម្មបរទេស និងទទួលយកសំណូក។

លោកអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ប្រាំឆ្នាំពីបទសមគំនិត និង ១៥ ឆ្នាំពីបទសូកប៉ាន់។ ការកាត់ទោសលើសំណុំរឿងនេះ នឹងធ្វើឡើងនៅថ្ងៃទី៨ ខែមករា។

យោងតាមមន្ត្រីអាមេរិក លោក Zhao ដែលឈរជើងនៅមូលដ្ឋានទ័ពជើងទឹកភាគខាងជើងនៃទីក្រុង Los Angeles បានទទួលប្រាក់ជិត ១៥ ០០០ ដុល្លារអាមេរិក ពីមន្ត្រីចារកម្មចិននៅចន្លោះខែសីហា ឆ្នាំ ២០២១ ដល់ខែឧសភា ឆ្នាំ ២០២៣។

ជាថ្នូរនឹងប្រាក់សំណូកនេះ លោកបានប្រគល់ព័ត៌មានរសើបទាក់ទងនឹងប្រតិបត្តិការផ្នែកសន្តិសុខ សមយុទ្ធ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក។

លោក Zhao បានផ្តល់ព័ត៌មានជាពិសេសអំពីលំហាត់ហ្វឹកហ្វឺនដែនសមុទ្រទ្រង់ទ្រាយធំនៅប៉ាស៊ីហ្វិក និងដ្យាក្រាមអគ្គិសនី និងប្លង់មេសម្រាប់ប្រព័ន្ធរ៉ាដាយោធាអាមេរិក ដែលមានទីតាំងនៅកោះអូគីណាវ៉ាប្រទេសជប៉ុន។

ជនជាប់ចោទម្នាក់ទៀត គឺលោក Wei ដែលបម្រើការនៅលើនាវាចម្បាំង USS Essex រងការចោទប្រកាន់ថាបានប្រគល់ឯកសារ រូបថត និងវីដេអូរាប់សិបទៅប្រទេសចិន ដែលរៀបរាប់លម្អិតអំពីប្រតិបត្តិការនាវា និងប្រព័ន្ធរបស់នាវា។

លោក Matthew Olsen ជំនួយការអគ្គមេធាវីអាមេរិក បាននិយាយថា៖ «សេវាស៊ើបការណ៍សម្ងាត់នៃសាធារណៈរដ្ឋប្រជាមានិតចិន កំណត់គោលដៅយ៉ាងសកម្មលើអ្នកធ្វើការផ្នែកសន្តិសុខគ្រប់ទាំងវិស័យយោធា ដោយល្បួងពួកគេតាមរយៈប្រាក់ ជាថ្នូរនឹងការផ្តល់ព័ត៌មានរសើបដល់រដ្ឋាភិបាល»៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner