គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៖ កិច្ចសន្ទនារវាងអាយឆា និងអ.ស.ប លើកទី១ ចូលរួមចំណែកលើកកម្ពស់ប្រយោជន៍ប្រជាជនអាស៊ាន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលើកឡើងថា កិច្ចសន្ទនាស្តីពីសិទ្ធិមនុស្សរវាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស(អាយឆា) និងអង្គការសហប្រជាជាតិ(UN)នៅទីក្រុងហ្សឺណែវ នៅចុងខែកញ្ញាកន្លងទៅនេះ បានចូលរួមចំណែកសំខាន់ក្នុងការអនុវត្តភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងUN ជាប្រយោជន៍សម្រាប់ប្រជាជនអាស៊ានក្នុងការកសាងសហគមន៍អាស៊ាន។

ការលើកឡើងដូច្នេះតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាចុះថ្ងៃទី១០ ខែតុលា ស្តីពីកិច្ចសន្ទនាលើកទី១ ស្តីពីបញ្ហាសិទ្ធិមនុស្សរវាងអាយឆា និងអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកញ្ញាកន្លងទៅ ដែលមានលោកជំទាវ អ៊ុច និពន្ធ សមាជិកគណៈកម្មការធិការសិទ្ធិមនុស្សកម្ពុជាតំណាង ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការនេះ ជាភាគីកម្ពុជាចូលរួមក្នុងកិច្ចសន្ទនាលើកនេះ។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបញ្ជាក់ថា គណៈប្រតិភូអាយឆា និងមានការចូលរួមពីអ្នកសង្កេតការណ៍ទីម័រខាងកើត បានជួបប្រជុំជាមួយការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស(OHCHR) ព្រមទាំងផ្នែកផ្សេងៗនៃសិទ្ធិមនុស្សអង្គការសហប្រជាជាតិជាច្រើនទៀតតួយ៉ាងគណៈកម្មាធិការសិទ្ធិកុមារ(CRC), គណៈកម្មាធិការសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌(CESCR) និងគណៈកម្មារធិការស្តីពីការបាត់ខ្លួនដោយបង្ខំ(CED) ជាដើម។

សេចក្តីប្រកាសព័ត៌មានបន្តថា ក្នុងនោះប្រធានបទដែលបានលើកឡើងក្នុងកិច្ចសន្ទនារួមមាន សិទ្ធិសង្គមនិងសេដ្ឋកិច្ច, សិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ, សិទ្ធិអភិវឌ្ឍន៍, ធុរកិច្ចនិងសិទ្ធិមនុស្ស, សិទ្ធិបរិស្ថាននិងការប្រែប្រួលអាកាសធាតុ, នីតិរដ្ឋនិងលំហពលរដ្ឋ និងការការពារសិទ្ធិមនុស្ស។

ភាគីទាំងពីរ បានសង្កត់ធ្ងន់ពីសារៈសំខាន់ក្នុងកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សនៅក្នុងតំបន់ និងពិភពលោក ហើយភាគីទាំងពីរក៏បានស្វែងយល់ស៊ីជម្រៅពីគ្នាទៅវិញទៅមក ពីអាណត្តិ របៀបរបបការងារ និងបញ្ហាប្រឈមផ្សេងៗផងដែរ។

លោកជំទាវ អ៊ុច និពន្ធ ជាតំណាងភាគីកម្ពុជា ដែលបានចូលរួមកិច្ចសន្ទនាលើកទី១នេះ បានលើកឡើងតាមរយៈសេចក្តីប្រកាសព័ត៌មានថា ជំនួបសន្ទនារវាងអាយឆា និងអង្គការសហប្រជាជាតិនេះ ជាការជួបលើកទី១ ។ដូច្នេះ ភាគីបានផ្លាស់ប្តូរយោបល់គ្នា និងជជែកពីក្របខ័ណ្ឌរៀងៗខ្លួន អ្វីដែលអាស៊ានបានធ្វើកន្លងមក បញ្ហាប្រឈមក្នុងក្របខ័ណ្ឌសិទ្ធិមនុស្ស។

លោកជំទាវ អ៊ុច និពន្ធ ថ្លែងថា ៖ «កិច្ចសន្ទនានេះបានចូលរួមចំណែកកសាងសហគមន៍អាស៊ាន ដោយភាគីអាស៊ានអាចសិក្សាពីយន្តការរបស់អ.ស.ប ដើម្បីយកមកអនុវត្តជាមួយនឹងយន្តការថ្នាក់តំបន់អាស៊ាន ថាអ្វីខ្លះដែលអាស៊ានអាចរៀនសូត្របាន និងអាចបន្តសហការជាមួយអ.ស.បបានដើម្បីជាប្រយោជន៍លើកកម្ពស់និងការពារសិទ្ធិមនុស្ស»។

លោកស្រីបន្ថែមថា កិច្ចសន្ទនានេះជាលើកទី១ ដែលទើបជាចំណុចចាប់ផ្តើមរវាងអាយឆា និងអង្គការសហប្រជាជាតិ ដើម្បីស្វែងយល់ពីគ្នាជាមុន ដើម្បីកិច្ចសហប្រតិបត្តិការបន្ត និងជាជំហានសម្រាប់កិច្ចសន្ទនាលើកទី២។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក អំ សំអាត នាយកទទួលកិច្ចការទូទៅនៃអង្គការលីកាដូ ចាត់ទុកថា កិច្ចសន្ទនាលើកដំបូងរវាងអាយឆា និងអ.ស. នេះជាការពង្រីកវិសាលភាពកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរជុំវិញបញ្ហាសិទ្ធិមនុស្សនៅក្នុងតំបន់អាស៊ានផ្ទាល់។

លោកបន្តថា ខណៈប្រទេសជាសមាជិកតំបន់នេះមានគោលការណ៍សិទ្ធិមនុស្សខុសៗគ្នា ជាមួយបរិបទប្រទេសខ្លះប្រកាន់លទ្ធិប្រជាធិបតេយ្យ ប្រទេសខ្លះប្រកាន់លទ្ធិកុម្មុយនីស្ត ។ចំណែកគោលការណ៍រួមអាស៊ានគោរពសំឡេងជាឯកច្ឆន្ទ ៕ ដោយ៖ សំបាន ច័ន្ទដារ៉ា

ads banner