ក្រសួងវប្បធម៌ អំពាវនាវគ្រប់ភាគីចូលរួមដាំកូនឈើនៅតំបន់ប្រាសាទ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា អំពាវនាវទាំងស្ថាប័នរដ្ឋឯកជន និងសាធារណជនចូលរួមដាំកូនឈើនៅតំបន់ប្រាសាទនានាឱ្យមានភាពស្រស់បៃតង ដែលជាផ្នែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរ និងដើម្បីថែរក្សាការពារ និងលើកតម្លៃប្រាសាទខ្មែរដែលបានបន្សល់ទុកពីដូនតា។

ការអំពាវនាវនេះធ្វើឡើងនាឱកាសដែលក្រសួងវប្បធម៌ អាជ្ញាធរជាតិអប្សរា និងវិស័យឯកជនសហការរៀបចំកម្មវិធីដាំកូនឈើសរុប ១ ៩០០ ដើមនៅខាងត្បូងកសិន្ធុអង្គរវត្ត កាលពីថ្ងៃទី១០ខែតុលា ឆ្នាំ ២០២៣។

ក្រោយបញ្ចប់ការដាំកូនឈើ លោកជំទាវ ភឿង សកុណា បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ការដាំកូនឈើរវាងស្ថាប័នរដ្ឋ និងឯកជននាពេលនេះ បង្ហាញពីការចូលរួមដ៏មានសារៈសំខាន់នៅក្នុងសង្គមខ្មែរដើម្បីជាគំរូដល់កូនចៅជំនាន់ក្រោយឱ្យបន្តថែរក្សាកេរតំណែលពីដូនតា។

លោកជំទាវបន្តថា ៖ «យើងចង់ឱ្យតម្លៃខ្ពស់ទៅលើការចូលរួមភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងឯកជន ដែលបង្ហាញនូវការចូលរួមដ៏មានសារៈសំខាន់។ នៅក្នុងសង្គមខ្មែររបស់យើងតាំងពីដូនតាមក តែងតែរស់នៅក្នុងភាពរួមគ្នាយ៉ាងតិច ៣ធាតុ បានន័យថា ប្រាសាទរបស់ខ្មែរ ប្រជាជនដែលរស់នៅជុំវិញ និងធម្មជាតិ ហើយសកម្មភាពថ្ងៃនេះ បង្ហាញពីការថែរក្សានូវតម្លៃមានពីដូនពីតាមក ថែរក្សាបាននូវអត្តសញ្ញាណរបស់ជនជាតិខ្មែរ»។

លោក ភឿង សកុណា ថ្លែងថា ៖ «នៅអង្គរយើងបានរៀបចំដាំស្មៅជុំវិញ ហើយឥឡូវនេះអាចមានពណ៌បៃតង ទាំងខួបប្រាំង ខួបវស្សា។ យើងដឹងហើយកាលពីមុន ខែប្រាំងស្មៅងាប់អស់ហើយ ។ប៉ុន្តែឥឡូវយើងរៀបចំប្រព័ន្ធទឹក ហើយបំណងរបស់ក្រសួងគឺ កន្លែងណាដែលមានបេតិកភណ្ឌជាតិ គឺត្រូវឱ្យមានស្មៅបៃតងគ្រប់ទីកន្លែង ប៉ុន្តែធ្វើទៅតាមលទ្ធភាពបន្តិចម្តងៗដោយមានការចូលរួមពីប្រជាជន សហគមន៍ រដ្ឋ និងឯកជន ហើយបំណងមែនទែនធ្វើម៉េចឱ្យប្រាសាទរបស់យើងឋិតនៅក្នុងធម្មជាតិដែលមានមនុស្សនៅថែរក្សាទាំងអស់គ្នា»។

ប្រធាននាយកប្រតិបត្តិធនាគារ CIMB លោក ប៊ុន យីន ដែលបានចូលរួមនាឱកាសនោះដែរបានលើកឡើងថា ធនាគារតែងគិតគូរ និងយកចិត្តទុកដាក់ពីបរិស្ថាន ហើយការដាំកូនឈើនៅតំបន់អង្គរនេះគឺជាលើកទី២ហើយ បន្ទាប់ពីបានដាំកាលពីឆ្នាំ ២០២០។

លោកបន្តថា យើងមិនគិតតែធ្វើអាជីវកម្មរកប្រាក់ចំណេញប៉ុណ្ណោះទេ គឺយើងគិតគូរអ្វីមួយដែលយកពីផលចំណេញផ្តល់ទៅលើសហគមន៍វិញ។ សកម្មភាពដែលបានធ្វើកន្លងមកនេះបានធ្វើច្រើនណាស់ដែលពាក់ព័ន្ធបញ្ហាបរិស្ថាន សុខាភិបាល កីឡា ដែលទាំងអស់នេះជាបញ្ហាដែលយើងត្រូវយកចិត្តទុកដាក់ទីបំផុតទៅលើបរិស្ថានក្នុងការដាំកូនឈើ។

ដោយឡែក ពាក់ព័ន្ធការដាំកូនឈើនេះដែរ បណ្តុំអង្គការសង្គមស៊ីវិល នៅថ្ងៃទី១១ ខែតុលា បានចេញសេចក្តីប្រកាសគាំទ្រ ចំពោះគោលនយោបាយរបស់ក្រសួងបរិស្ថាន ដែលបានប្រកាសដាក់ចេញយុទ្ធនាការដាំដើមឈើ យ៉ាងតិចមួយលានដើម ជារៀងរាល់ឆ្នាំ។

សេចក្តីប្រកាសគាំទ្របញ្ជាក់ថា កិច្ចការបរិស្ថាន មានភាពសំខាន់ជាសកល ដូចនេះ ប្រជាជលរដ្ឋគ្រប់រូបមានកាតព្វកិច្ចលើកស្ទួយចូលរួមក្នុងកិច្ចការសង្គម។ ជាមួយគ្នានេះ បណ្តុំអង្គការសង្គមស៊ីវិលអំពាវនាវដល់ប្រជាពលរដ្ឋ សិស្សនិស្សិត ចូលរួមជាមួយក្រសួងបរិស្ថាន ដើម្បីធនធានធម្មជាតិ និងសង្គមជាតិ៕ ដោយ៖ សុខ រក្សា

ads banner