សហគមន៍ទេសចរណ៍នេសាទចំនួនប្រាំ និងសហគមន៍អេកូទេសចរណ៍ចំនួនបី ទទួលបានការបណ្តុះបណ្តាលជំនាញ មគ្គុទេ្ទសក៍ទេសចរណ៍

អត្ថបទដោយ៖
CPA

កែប៖ មន្ទីរទេសចរណ៍ខេត្តកែបបានបើកវគ្គបណ្តុះបណ្តាលមគ្គុទេ្ទសក៍ដល់សហគមន៍ទេសចរណ៍នេសាទចំនួនប្រាំ និងសហគមន៍អេកូទេសចរណ៍ចំនួនបី ដើម្បីពង្រឹងបន្ថែមលើសមត្ថភាពសហគមន៍ ក្នុងការផ្តល់ព័ត៌មានជូនភ្ញៀវទេសចរ និងការធ្វើបដិសណ្ឋារកិច្ច ដល់អ្នកទេសចរជាតិ និងអន្តរជាតិនៅរដូវសម្បូរភ្ញៀវខាងមុខនេះ។

លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែបបានប្រាប់ឱ្យដឹងនៅថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៣ថា សហគមន៍ទេសចរណ៍នេសាទដែលទទួលបានការបណ្តុៈបណ្តាលវគ្គមគ្គុទេ្ទសក៍ទេសចរណ៍នេះមាន៖ សហគមន៍នេសាទភូមិថ្មី សហគមន៍នេសាទកំពង់ត្រឡាច សហគមន៍នេសាទអូរក្រសា សហគមន៍នេសាទភូមិកែប និងសហគមន៍នេសាទអង្កោល។ ចំណែកសហគមន៍អេកូទេសចរណ៍ចំនួនបីមាន៖ សហគមន៍កោះទន្សាយ សហគមន៍ភ្នំវល្លិ៍ និងសហគមន៍ភ្នំសរសៀ ព្រមទាំងមានតំណាងអ្នករត់រម៉កម៉ូតូ និងនិស្សិតមកពីសាលាបច្ចេកទេសដុនបូស្កូផងដែរ។

លោកប្រធានមន្ទីរបានបន្ថែមថា សហគមន៍ទេសចរណ៍នេសាទមានសក្តានុពល ក្នុងបម្រើដល់វិស័យទេសចរណ៍ ដោយនៅតាមសហគមន៍ទាំងនោះ ក្រៅពីការងារនេសាទហើយ មានទីតាំងជាច្រើនដូចជា មានព្រៃកោងកាង មានព្រែក មានបឹងជាដើម ដែលអាចទាក់ទាញភ្ញៀវទេសចរឱ្យទៅកម្សាន្ត និងទិញម្ហូបអាហារចម្អិនបរិភោគនៅតាមសហគមន៍ទាំងនោះតែម្តង។

លោកបញ្ជាក់ថាដោយសារសហគមន៍នេសាទមានធ្វើសេវាកម្មផ្នែកទេសចរណ៍នេះហើយ ទើបខាងមន្ទីររៀបចំវគ្គបណ្តុះបណ្តាលនេះឡើងដើម្បីឱ្យខាងសហគមន៍យល់ដឹង ចេះពីរបៀបបដិសណ្ឋារកិច្ចចំពោះភ្ញៀវ និងបានយល់ដឹងពីសារៈសំខាន់នៃវិស័យទេសចរណ៍នៅក្នុងសហគមន៍របស់គាត់។

លោកបានបន្តថា មន្រ្តីនៃមន្ទីរទេសចរណ៍ ក៏បានណែនាំឱ្យសហគមន៍មានការយកចិត្តទុកដាក់លើបញ្ហាអនាម័យ និងបរិស្ថាន ជាពិសេសការរៀបចំបន្ទប់ទឹក កន្លែងអង្គុយកម្សាន្តប្រកបដោយសោភ័ណភាព និងភាពទាក់ទាញ។

លោក ណុះ យ៉េប អនុប្រធានសហគមន៍នេសាទភូមិថ្មី ដែលមានទីតាំងនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប បានឱ្យដឹងថា ដោយសារតែសហគមន៍នេសាទភូមិថ្មី នឹងក្លាយទៅជាសហគមន៍នេសាទអេកូទេសចរណ៍នាថ្ងៃខាងមុខ ដូចនេះ ខាងសហគមន៍បានខិតខំបន្ដអភិរក្សព្រៃកោងកាងនៅតែនិងដាំកូនកោងកាងបន្ថែមទៀត។

លោកបានបន្ថែមថា សហគមន៍នេសាទភូមិថ្មី និងសហគមន៍នេសាទទាំងប្រាំនៅទូទាំងខេត្តកែប បានពង្រីកផ្ទៃដីដាំកូនកោងកាងបន្ថែមជាហូរហែរ ដើម្បីវិសាលភាពនាថ្ងៃអនាគត។

លោក ណុះ យ៉េប បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលមានសារៈសំខាន់ណាស់សម្រាប់សហគមន៍ទេសចរណ៍នេសាទរបស់យើង ដោយខាងមន្ទីរទេសចរណ៍ខេត្តកែបបាន បានណែនាំច្រើនពីរបៀបបដិសណ្ឋារកិច្ចដល់ភ្ញៀវទេសចរ និងការបង្ហាត់បង្ហាញការរៀបចំសហគមន៍ឱ្យមានភាពទាក់ទាញ ក៏ដូចជាការបង្កើតផលិតផលទេសចរណ៍ថ្មីៗជាដើម។

បើតាមការបញ្ជាក់ពីលោកប្រធានមន្ទីរ គឺមន្ទីរទេសចរណ៍ខេត្តកែប មានគម្រោងនឹងបណ្តុះបណ្តាលដល់អ្នកប្រកបអាជីវកម្មទេសចរណ៍ផ្នែកដទៃទៀតនៅក្នុងខេត្តកែប ដើម្បីជាការត្រៀមទទួលស្វាគមន៍អ្នកទេសចរជាតិ និងអន្តរជាតិ នារដូវ High Season (រដូវសម្បូរភ្ញៀវ) ខាងមុខនេះ ខណៈដែលនៅរៀងរាល់អំឡុងពេលនេះ ខេត្តកែបទទួលបានទេសចរទៅកម្សាន្តរាប់ម៉ឺននាក់ ។ការត្រៀមខ្លួននេះស្របពេលដែលខេត្ត បាននិងកំពុងត្រៀមរៀបចំ បុណ្យសមុទ្រ លើកទី១០ ជុំទី៣ ឆ្នាំ២០២៣ នៅចុងឆ្នាំនេះផងដែរ៕ ដោយ៖ វណ្ណ សុជាតា

ads banner