ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង៖ ការប្រឆាំងនឹងអំពើពុករលួយឈរលើគោលការណ៍យុទ្ធសាស្រ្ដ៣ធំៗ

ភ្នំពេញ៖ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា ការប្រឆាំងនឹងអំពើពុករលួយឈរលើគោលការណ៍យុទ្ធសាស្រ្ដមុខព្រួញបីធំៗ ទី១)អប់រំ ទី២)បង្ការ និងទប់ស្កាត់ និងទី៣)បង្ក្រាបបទល្មើស បញ្ចូនទៅតុលាការ និងដាក់ពន្ធធនាគារ ដើម្បីកុំឱ្យប្រព្រឹត្ដអំពើពុករលួយ។ ការបញ្ជាក់នេះ នៅក្នុងពិធីបញ្ជ្រាបច្បាប់ស្តីពីប្រឆាំងអំពើពុករលួយ និងវិធានការទប់ស្កាត់នានាជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងព័ត៌មាន នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង មានប្រសាសន៍ថា គោលការណ៍យុទ្ធសាស្រ្តមុខព្រួញបីធំៗនោះរួមមាន៖ ទីមួយ ការអប់រំ ដោយអប់រំឱ្យស្អប់អំពើពុករលួយ អប់រំឱ្យស្រឡាញ់សុចរិតភាព និងស្រឡាញ់ភាពស្អាតស្អំ ជាពិសេសការអប់រំនេះ គឺជាទីតួនាទីរបស់ក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានដែលដើរតួនាទីសំខាន់ក្នុងការចូលរួម។ គោលការណ៍ទីពីរការបង្ការ និងទប់ស្កាត់ ដែលបញ្ហានេះ គឺជាតួនាទីរបស់ក្រសួង ស្ថាប័ននីមួយៗ និងអាជ្ញាធរថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ដែលជាមន្រ្ដីសាធារណៈ ក្នុងការផ្ដល់សេវា បម្រើជូនដល់ប្រជាពលរដ្ឋ។ ចំណែកគោលការណ៍ទីបី ការបង្ក្រាបបទល្មើសបញ្ចូនទៅតុលាការ ដាក់ពន្ធធនាគារ ដើម្បីកុំឱ្យប្រព្រឹត្ដអំពើពុករលួយ។

ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តីបានគូសបញ្ជាក់ឱ្យដឹងថា ការប្រឆាំងនឹងអំពើពុករលួយនេះ គឺធ្វើឡើងតាមរយៈប្រភពមានព័ត៌មានចំហ សម្ងាត់ ទាំងក្នុង និងក្រៅប្រទេស ពាក្យប្តឹង និងតុលាការប្រគល់ឱ្យ ដែលមានបទល្មើសពុករលួយ មាន៣៨ បទល្មើសក្នុងក្រមព្រហ្មទណ្ឌ និង ១៧បទល្មើស ក្នុងច្បាប់ប្រឆាំងអំពើពុករលួយ។ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានបញ្ជាក់យ៉ាងច្បាស់អំពីបទល្មើសស៊ី-សូក ១៩បទល្មើស និងបទល្មើសក្រៅពីស៊ី-សូក ១៧ និងបទល្មើសពុករលួយក្នុងច្បាប់ផ្សេងៗទៀតផងដែរ។ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានធ្វើការពន្យល់អំពីអត្ថន័យនៃអំពើពុករលួយដោយគូសបញ្ជាក់ថា ពាក្យអំពើពុករលួយត្រូវបានគេនិយាយ និងស្គាល់ច្បាស់ ប៉ុន្ដែគោលគំនិត និងខ្លឹមសារនៃអំពើពុករលួយ មិនត្រូវបានយល់ដឹងទូលំទូលាយនិងស៊ីជម្រៅទេ-ពុំមាននិយមន័យនៃពាក្យអំពើពុករលួយ ហើយគ្រាន់តែមានការរៀបរាប់អំពីអំពើអ្វីខ្លះដែលចាត់ទុកថាជាបទល្មើសពុករលួយ។ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត បានបន្ថែមទៀតថា ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយបានកំណត់ និយមន័យបទល្មើសពុករលួយដោយចាត់ទុកនូវអំពើចែងនៅក្នុង ៥១ មាត្រា ជា ៣៨ បទល្មើស ពុករលួយ និងក្នុងច្បាប់ផ្សេងៗទៀតចំនួន១៧ បទល្មើសពុករលួយទៀត។

ការបញ្ជ្រាបច្បាប់ស្តីពីប្រឆាំងអំពើពុករលួយដែលត្រូវបានឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ដើម្បីពង្រឹងភាពស្អាតស្អំរបស់ស្ថាប័ន ពង្រឹងប្រសិទ្ធភាពស្ថាប័ន និងគុណភាពការងាររបស់ក្រសួងព័ត៌មាន។ ក្រសួងព័ត៌មានដែលតាមការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី បានដើរតួនាទីសំខាន់ក្នុងការគ្រប់គ្រងវិស័យព័ត៌មាន និងជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល។

ក្នុងឱកាសនោះដែរ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានបញ្ជាក់ថា ការរៀបចំកម្មវិធីបញ្ជ្រាបច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងវិធានការទប់ស្កាត់នេះឡើង ដើម្បីបញ្ជូលក្នុងក្របខណ្ឌនានាសម្រាប់ការកសាងស្ថាប័នមួយដែលជារដ្ឋបាលទំនើប ផ្តល់សេវាសាធារណៈដល់សាធារណជនប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនដែរថា ក្នុងក្របខណ្ឌក្រសួងព័ត៌មាន ការកែទម្រង់រដ្ឋបាលសាធារណៈ គឺជាកិច្ចការងារសំខាន់ ព្រោះអាណត្តិទី៧ នៃរាជរដ្ឋាភិបាល ជាទិសដៅរបស់ក្រសួង ក្នុងការកែប្រែក្លាយក្រសួងព័ត៌មាន ទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល ដែលសកម្ម បុរេសកម្ម អន្តរសកម្ម ប្រសិទ្ធិភាព និងគុណភាព៕
ដោយ​៖ពលជ័យ
រូបភាព៖ក្រសួងព័ត៌មាន

ads banner