មន្ត្រីជាន់ខ្ពស់ គ.ជ.ប៖ រយៈពេល១០ថ្ងៃ មានប្រជាពលរដ្ឋជាង១២ម៉ឺននាក់ ចុះឈ្មោះបោះឆ្នោតថ្មី

ភ្នំពេញ៖ លទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះ ឆ្នាំ២០២៣ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋដែលបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មីសរុបមានចំនួន ១២១.០៤២ នាក់ (ស្រី ៥៨.១៨០នាក់)។ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតសរុបមានចំនួន ៨២.៩៧២នាក់។ អ្នកដែលបានកែតម្រូវទិន្នន័យសរុបមានចំនួន ១១.២៤៤ នាក់។ អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មីសរុប មានចំនួន ២៤.៨១៨ នាក់។ នេះបើតាមការបញ្ជាក់របស់ឯកឧត្ដម ឌុច សុន សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។

ឯកឧត្ដមបានបញ្ជាក់ថា សរុបអ្នកមានឈ្មោះបណ្ដោះអាសន្នក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២៣ ចំនួន ៩.៧៧៣.៥៤៣ នាក់ (ស្រី ៥.១៩៣.៩៦៧នាក់) ស្មើនឹង ៨៩,០៣%។ បញ្ហាប្រឈមក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត លោក ឌុច សុន បានបញ្ជាក់ថា ឃុំ សង្កាត់មួយចំនួនមិនសូវមានអ្នកមកចុះឈ្មោះ ដោយសារប្រជាពលរដ្ឋជាប់រវល់បំពេញការងារ ប្រកបមុខរបរចិញ្ចឹមជីវិត និងជាប់រវល់នឹងពិធីភ្ជុំបិណ្ឌជាដើម។ សម្ភារបរិក្ខាសម្រាប់ការចុះឈ្មោះនៅតាមឃុំ សង្កាត់មួយចំនួនមានសភាពចាស់ ដំណើរការរអាក់រអួល។ ឃុំ សង្កាត់មួយចំនួននៅតំបន់ដាច់ស្រយាល មានសេវាអ៊ីនធឺណិតខ្សោយ ពិបាកក្នុងការបញ្ជូនទិន្ន័យតាម VPN មក គ.ជ.ប។ ឃុំ សង្កាត់ខ្លះមានភ្លៀងធ្លាក់ពីតិចទៅខ្លាំង ដែលបង្កជាផលរំខានមួយចំនួនតូចដល់ប្រជាពលរដ្ឋដែលត្រូវអញ្ជើញមកទទួលសេវាពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត។ រូបថតក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មីមួយចំនួនមិនច្បាស់ ធ្វើឱ្យមានការលំបាកក្នុងការស្គែនរូបឱ្យបានច្បាស់។

ឯកឧត្ដមបានបន្តថា ទោះបីមានបញ្ហាអាកាសធាតុ និងបច្ចេកទេសមានបញ្ហាប្រឈមខ្លះ គ.ជ.ប បានដោះស្រាយទាន់ពេលវេលា ហើយដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ បានប្រព្រឹត្តទៅធម្មតា។

ឯកឧត្ដម ឌុច សុន បានជម្រាបជូនបន្ថែមទៀតថា ដើម្បីផ្ដល់ភាពងាយស្រួលដល់ ប្រជាពលរដ្ឋ កុំឱ្យពិបាកក្នុងការធ្វើដំណើរការទៅពិនិត្យឈ្មោះនៅតាមឃុំ សង្កាត់ គ.ជ.ប បានបង្កើតឡើងនូវគេហទំព័រ គ.ជ.ប ដែលមានឈ្មោះ Voterlist.nec.gov.kh និងលើទូរសព្ទដៃ ដែលមានឈ្មោះ NEC KH។ លោកបន្តថា គ.ជ.ប បានអនុវត្តការងារចែកលិខិតអញ្ជើញអ្នកចុះឈ្មោះបោះឆ្នោត ជូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការក្នុងឆ្នាំ២០២២ ចំនួន ៩.៧១០.៦៥៥ នាក់ ក្នុងចំណោម ១.៦៥២ ឃុំ សង្កាត់ បានចំនួន ៩.០៣៨.១៤៤ សន្លឹក គិតជាភាគរយ ស្មើនឹង ៩៣,០៧% គិតចាប់តាំងពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។

ឯកឧត្ដម ឌុច សុន បានវាយតម្លៃថា ពិនិត្យជារួមដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ រយៈពេល១០ថ្ងៃកន្លងទៅ នៅតាមឃុំ សង្កាត់ទូទាំងប្រទេស បានប្រព្រឹត្តទៅដោយរលូនល្អក្នុងបរិយាកាស ស្ងប់ស្ងាត់ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង ណាមួយកើតឡើងទេ៕
ដោយ៖ពលជ័យ
រូបភាព៖គ.ជ.ប

ads banner