ឯកឧត្តម ហួត ហាក់ សំណេះ សំណាល ជាមួយនិវត្តជន ក្រសួងអធិការកិច្ច ក្រោមប្រធាន​បទ នំខ្មែរថែសន្តិភាព

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ សំណេះសំណាល ជាមួយនិវត្តជន ក្រសួងអធិការកិច្ច ក្រោមប្រធាន​បទ នំខ្មែរថែសន្តិភាព និងការជួបជុំរវាងថ្នាក់ដឹកនាំ មន្រ្តីរាជការ ជាមួយនិវត្តន៍ជន​ក្នុងពិធីបុណ្យភ្ជំបិណ្ឌ សរុបប្រមាណ៣០៦នាក់ នៅសាលប្រជុំសម្តេច​កិត្តិសង្គហបណ្ឌិត ម៉ែន សំអន នៅសាលប្រជុំសម្តេច​កិត្តិសង្គហបណ្ឌិត ម៉ែន សំអន នាទីស្តីការក្រសួង នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣។​

ការជួបជុំនេះ មានគោលបំណងធំៗចំនួនពីរ ទី១.គឺដើម្បីជាឱកាសជួបជុំគ្នារវាងថ្នាក់ដឹកនាំ មន្រ្តីរាជការ ជាមួយនិវត្តន៍ជន​ដែលជាសក្ខីភាព​ នៃការផ្សារភ្ជាប់មនោសញ្ចេតនា ការទទួលស្គាល់គុណតម្លៃ ក្នុងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងជុំវិញមហាគ្រួសារមន្រ្តី​រាជការអធិការកិច្ច ក្រោមដំបូលសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងដើម្បីថែរក្សាទំនាក់ទំនង ការផ្ដាំផ្ញើរសាក​សួរសុខទុក្ខគ្នាទៅវិញទៅមក សំដៅរឹតចំណងមិត្តភាព សាមគ្គីភាពរវាងមន្រ្តីរាជការជំនាន់មុន និងមន្រ្តីរាជការបច្ចុប្បន្នប្រកបដោយក្តីនឹករលឹក ភាពកក់ក្តៅក៏ដូចជាការគិតគូរ ដល់អតីតមន្រ្តីរាជការដែលធ្លាប់មានគុណបំណាច់ជាច្រើន ក្នុងការបម្រើការងារជូនក្រសួង​អស់ពី​កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតីនាពេលកន្លងមកផង និង ទី២.គឺប្រធានបទ​នំខ្មែរថែសន្តិភាព​ជាការចូលរួមអបអរពិធីបុណ្យភ្ជុំបិណ្ឌ ដែលនឹងចូលមកដល់នាពេល​ប៉ុន្មានថ្ងៃខាងមុខ។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូនអង្គពិធី អំពីជោគជ័យជាប្រវត្តិសាស្រ្តថ្មីរបស់ក្រសួង ដែលព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យរាជានុញ្ញាតប្តូរ​ឈ្មោះក្រសួងទៅជា ក្រសួងអធិការកិច្ច កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣កន្លងទៅ និងបានជម្រាបជូន អំពីសារបាននៃការប្តូរឈ្មោះក្រសួង ជូនឯកឧត្តម លោកជំទាវ លោក លោកស្រី ថា ការប្តូរឈ្មោះ “ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច” មកជា “ក្រសួងអធិការកិច្ច” គឺដើម្បីឆ្លើយតបទៅនឹងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ​បញ្ចកោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សំដៅបន្តការកែ​ទម្រង់ស៊ីជម្រៅ ទូលំទូលាយ មានភាពស៊ីចង្វាក់គ្នា ដែលនឹងផ្ដោតលើការ​លើកកម្ពស់​អភិបាលកិច្ច និងសមត្ថភាពសា្ថប័ន ការបង្កើតបរិយាកាស​អំណោយផល​សម្រាប់​អភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការអភិវឌ្ឍ-មូលធនមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើនភាព​ប្រកួតប្រជែង ការអភិវឌ្ឍវិស័យឯកជន ដែលប្រកបដោយភាពធន់ ចីរភាព បរិយាប័ន្ន និងសង្គម​ឌីជីថលជាដើម។

ថ្វីត្បិតតែថ្ងៃនេះ យើងមិនបានជួបជាមួយនិវត្តជនទាំងអស់របស់ក្រសួងក្តី ព្រោះក្នុងពេល​នេះក៏មានលោកពូ អ្នកមីង បងៗ ជានិវត្តជនរបស់យើងមួយចំនួន បាននិងកំពុង​សម្រាក​ព្យាបាល​ជម្ងឺផងដែរ ហើយឯកឧត្តមក៏គ្រោងនឹងដាក់កម្មវិធី​ចុះសាកសួរសុខទុក្ខពួក​គាត់ដោយផ្ទាល់តាមពេលវេលាសមស្របណាមួយតែម្តង។
មុននឹងបញ្ចប់ ឯកឧត្តរដ្ឋមន្រ្តី ក៏បានផ្តល់ជូនសម្រាប់លោកពូ អ្នកមីង និងបងៗ ជានិវត្តជនដែលអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលថ្ងៃនេះ ដោយទទួលបាន​នូវកម្រងស្នាដៃជាសៀវភៅរបស់សម្តេចតេជោ សៀវភៅសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត និងសៀវភៅកូនប្រុសច្បងដ៏មានឥទ្ធិពល របស់សម្តេចមហាបវរធិបតី, នំខ្មែរ ម្នាក់ ១កន្រ្តក និងថវិកាម្នាក់ៗ១០ម៉ឺនរៀល ហើយសម្រាប់ថ្នាក់ដឹកនាំក្រសួងក៏បានទទួលបាន​នូវអំណោយជាសៀវភៅ និងនំខ្មែរដូចគ្នាផងដែរ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner