នាយករដ្ឋមន្ត្រីអ៊ីស្រាអែលប្តេជ្ញា បំផ្លាញក្រុមហាម៉ាស់ ក្រោយការវាយប្រហារយ៉ាងសាហាវ

ហ្ស៊េរុយសាឡិម៖ អ៊ីស្រាអែលបានវាយលុកគោលដៅរបស់ក្រុមហាម៉ាស នៅតំបន់ហ្គាហ្សាស្ទ្រីប អស់រយៈពេលប្រាំថ្ងៃជាប់គ្នា ចាប់តាំងពីការវាយប្រហារដ៏ខ្លាំងក្លារបស់ពួកសកម្មប្រយុទ្ធ ហើយចំនួនអ្នកស្លាប់បានកើនឡើងដល់រាប់ពាន់នាក់ ដោយក្នុងនោះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានប្តេជ្ញាថា នឹងមានការបំផ្លិចបំផ្លាញទាំងស្រុង ទៅលើក្រុមសកម្មប្រយុទ្ធ។

លោក នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដែលជាមេដឹកនាំស្តាំនិយមជើងចាស់រូបនេះបាននិយាយថា សមាជិកក្រុមហាម៉ាស់ទាំងអស់គឺជា «មនុស្សត្រូវសម្លាប់» ដោយលោកបានប្រដូចពួកគេទៅនឹងក្រុមរដ្ឋឥស្លាម ហើយបានសន្យាថា «យើងនឹងកម្ទេចពួកគេ ហើយបំផ្លាញពួកគេ ដូចដែលពិភពលោកបានបំផ្លាញក្រុម រដ្ឋឥស្លាម»។

នៅមុននេះ លោក នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Netanyahu ទើបបានដោះស្រាយ វិវាទនយោបាយរបស់លោក ជាបណ្ដោះអាសន្ន និងបង្កើតរដ្ឋាភិបាលគ្រាអាសន្ន រួមទាំង អតីតរដ្ឋមន្ត្រីការពារជាតិ Benny Gantz កណ្តាលនិយម សម្រាប់រយៈពេលនៃវិបត្តិសង្គ្រាមនេះ។

ការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើល កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍ ដែលជាការអាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ ៧៥ ឆ្នាំរបស់អ៊ីស្រាអែល បានធ្វើឱ្យមនុស្សសរុបចំនួន ១២០០ នាក់ត្រូវបានសម្លាប់ ជាការវាយលុករបស់ពួកសកម្មប្រយុទ្ធអ៊ីស្លាម នេះបើយោងតាមកងកម្លាំងអ៊ីស្រាអែល ដោយពួកគេអះអាងទៀតថា អ្នកស្លាប់ភាគច្រើន គឺជាជនស៊ីវិល។

រីឯ មន្ត្រីនៅតំបន់ហ្គាហ្សាបានរាយការណ៍ថា មនុស្សជាង ១០០០ នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាស និងកាំភ្លើងធំរបស់អ៊ីស្រាអែល តបតទៅវិញ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner