លោក ពូទីនថា ការពង្រីកជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន អាចប៉ះពាល់ដល់ទីផ្សារថាមពល

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និយាយថា ការពង្រីកជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន កាន់តែខ្លាំង អាចនឹងប៉ះពាល់ដល់ទីផ្សារថាមពល។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន អះអាងថា ការពង្រីកជម្លោះអ៊ីស្រាអែល និងហ្គាហ្សា «នឹងមិនប៉ះពាល់ដល់ផលិតកម្មនោះទេ ប៉ុន្តែវាអាចប៉ះពាល់ដល់សមាសធាតុផ្សេងទៀតទាំងអស់ ដែលកំណត់ស្ថានភាព នៃទីផ្សារថាមពល ពិភពលោក»។

ថ្លែងនៅក្នុងវេទិកា «សប្តាហ៍ថាមពលរុស្ស៊ី» លោក ពូទីន ក៏និយាយផងដែរថា លោកមិនឃើញពីភាពចំណេញ ដែលអាមេរិកបញ្ជូននាវាផ្ទុកយន្តហោះទៅកាន់សមុទ្រមេឌីទែរ៉ាណេ នាភាគខាងកើត ហើយលោកថែមទាំងព្រមានថា «សកម្មភាពបែបនេះធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង»។

នៅក្នុងបទសម្ភាសន៍មួយ ដែលចេញផ្សាយដោយវិមានក្រឹមឡាំង បន្ទាប់ពីវេទិកា «សប្តាហ៍ថាមពលរុស្ស៊ី» នេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានកត់សម្គាល់ថា «រុស្ស៊ីក៏អាចរួមចំណែករបស់ខ្លួន ក្នុងដំណើរការដោះស្រាយនេះផងដែរ» ។

គួររម្លឹកថា ការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស់ ទៅលើអ៊ីស្រាលអែល កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍ បានធ្វើឱ្យមនុស្សសរុបចំនួន ១២០០ នាក់ត្រូវបានសម្លាប់។ ជាការតបតវិញ អ៊ីស្រាអែលបានវាយប្រហារតាមអាកាស និងបាញ់កាំភ្លើងធំ ស្លាប់មនុស្សជាង ១០០០នាក់ នៅតំបន់ហ្គាហ្សា ដែលជាគេដឹងថា ជាតំបន់របស់ពួកហាម៉ាស់៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner