ឥណ្ឌូណេស៊ីចង់ធ្វើជាម្ចាស់ផ្ទះ វើល ខាប់ឆ្នាំ២០៣៤ ជាមួយអូស្ត្រាលី ម៉ាឡេស៊ី និងសិង្ហបុរី

ហ្សាការតា៖ ប្រធានសហព័ន្ធកីឡាបាល់ទាត់របស់ប្រទេសឥណ្ឌូណេស៊ី (PSSI) នៅថ្ងៃទី១២​ ខែតុលា ឆ្នាំ២០២៣ បាននិយាយថា ប្រទេសឥណ្ឌូណេស៊ី កំពុងពិភាក្សាជាមួយអូស្ត្រាលី អំពីការដេញថ្លៃរួមគ្នា​ ដើម្បីធ្វើជាម្ចាស់ផ្ទះ FIFA World Cup ឆ្នាំ២០៣៤ រួមជាមួយប្រទេសម៉ាឡេស៊ី និងសិង្ហបុរី។

កាលពីសប្តាហ៍មុន ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក ឬហៅកាត់ថា FIFA បានអញ្ជើញបណ្ដាប្រទេសមកពីអាស៊ី និងបណ្ដាប្រទេសប្រជុំកោះនៅតំបន់អូសេអានី (Oceania) ដើម្បីដេញថ្លៃសិទ្ធិក្នុងការធ្វើជាម្ចាស់ផ្ទះ FIFA World Cup ឆ្នាំ២០៣៤។ កាសែត Sydney Morning Herald បានដកស្រង់សម្ដីប្រធាន PSSI លោក អ៊ីរីក ថូហ៊ី (Erick Thohir) ថា «យើងកំពុងពិភាក្សាអំពីការដេញថ្លៃជាមួយប្រទេសអូស្ត្រាលី»។

លោកបានបន្ថែមថា «នៅពេលដែលខ្ញុំធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ប្រទេសទាំងពីរបានបង្ហាញចំណាប់អារម្មណ៍ចង់ចូលរួមជាមួយឥណ្ឌូណេស៊ី និងអូស្ត្រាលីផងដែរ» ។ប៉ុន្តែនៅពេលដែលក្រុមអ្នកសារព័ត៌មាន Reuters សាកសួរអំពីការដេញថ្លៃរួមគ្នានេះ ភាគីអូស្រ្តាលីបានឆ្លើយតបដោយយោងទៅលើសេចក្តីថ្លែងការណ៍មួយកាលពីសប្តាហ៍មុន ដែលបាននិយាយថា «អូស្ដ្រាលីកំពុងស្វែងរកលទ្ធភាពក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះ FIFA Club World Cup ឆ្នាំ២០២៩ ឬ FIFA World Cup ឆ្នាំ២០៣៤»។

ដោយឡែក សហព័ន្ធកីឡាបាល់ទាត់អាស៊ីបានអះអាងថា ខ្លួននឹងមិនធ្វើអត្ថាធិប្បាយជុំវិញរឿងនេះនោះទេ។ ម៉្យាងវិញទៀត សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី សមាគមបាល់ទាត់ម៉ាឡេស៊ី និងសមាគមបាល់ទាត់សិង្ហបុរី ក៏មិនបានឆ្លើយតបទៅនឹងសំណើសុំអត្ថាធិប្បាយរបស់សារព័ត៌មាន Reuters នោះដែរ។

គួរដឹងដែរថា ប្រទេសអេស្ប៉ាញ ម៉ារ៉ុក និងព័រទុយហ្គាល់ នឹងធ្វើជាម្ចាស់ផ្ទះ FIFA World Cup ឆ្នាំ២០៣០ ខណៈដែលប្រទេសអ៊ុយរូហ្កាយ ប៉ារ៉ាហ្កាយ និងអាហ្សង់ទីន នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតបើកឆាកនៅឆ្នាំដដែលនោះ។ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក ក៏បានអញ្ជើញបណ្ដាប្រទេសនៅអាស៊ី និងតំបន់អូសេអានី ដើម្បីដេញថ្លៃសម្រាប់រកប្រទេសម្ចាស់ផ្ទះ FIFA World Cup ឆ្នាំ២០៣៤ ផងដែរ។

ឥឡូវនេះ ប្រទសអារ៉ាប៊ីសាអូឌីតក៏កំពុងដេញថ្លៃធ្វើជាម្ចាស់ផ្ទះ FIFA World Cup ឆ្នាំ២០៣៤ ហើយប្រទេសផ្សេងទៀតដែលចាប់អារម្មណ៍ចង់ធ្វើជាម្ចាស់ផ្ទះដែរនោះ អាចមានពេលរហូតដល់ថ្ងៃទី៣១ ខែតុលា ដើម្បីប្រកាសពីវត្តមានចូលរួមដេញថ្លៃរបស់ពួកគេ។ គួរបញ្ជាក់ថា FIFA World Cup ឆ្នាំ២០២៦ មានក្រុមបាល់ទាត់ចូលរួមចំនួន ៤៨ ក្រុម ហើយម្ចាស់ផ្ទះដែលនឹងសហការរៀបចំគឺសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក។

ដោយសារតែប្រទេសកាតាទើបនឹងបានធ្វើជាម្ចាស់ផ្ទះ FIFA World Cup ឆ្នាំ២០២២រួចមកហើយនោះ លោក អាកម៉ាល់ ម៉ាហាលី (Akmal Marhali) មកពីក្រុមអ្នកឃ្លាំមើលបាល់ទាត់ឥណ្ឌូណេស៊ីឈ្មោះថា Save Our Soccer បានលើកឡើងថា «វាហាក់ដូចជាលឿនពេក ក្នុងការដែលឱ្យ FIFA World Cup ប្រព្រឹត្តទៅនៅតំបន់មជ្ឈឹមបូព៌ាម្ដងទៀត»។

លោក​បាន​ថ្លែង​ថា​ «​យើង​មានធនធានច្រើន និងរឹងមាំខ្លាំងណាស់។​ ខ្ញុំគិតថា FIFA នឹងយល់ឃើញថាតំបន់មជ្ឈិមបូព៌ាបានធ្វើជាម្ចាស់ផ្ទះនៅប្រទេសកាតាកាលពីឆ្នាំមុនរួចហើយ។ រីឯប្រទេសជប៉ុន និងកូរ៉េខាងត្បូងក៏ធ្លាប់ធ្វើជាម្ចាស់ផ្ទះហើយផងដែរ។ ដូច្នេះ ខ្ញុំប្រាកដណាស់ថា FIFA នឹងផ្ដល់ឱកាសឱ្យប្រទេសផ្សេងទៀត។ យើងអាចនឹងមានសក្តានុពលក្នុងការឈ្នះការដេញថ្លៃនេះ ប្រសិនបើយើងចូលរួមជាមួយអូស្ត្រាលី ម៉ាឡេស៊ី និងសិង្ហបុរី»។

យ៉ាងណាក៏ដោយ វិស័យកីឡាបាល់ទាត់ឥណ្ឌូណេស៊ីបានជួបបញ្ហាជាច្រើនកាលពីឆ្នាំមុន ពោលគឺប្រទេសឥណ្ឌូណេស៊ីត្រូវបានដកហូតសិទ្ធិធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកអាយុក្រោម២០ឆ្នាំនៅខែមីនា ដោយសារប្រទេសនេះបដិសេធមិនអនុញ្ញាតឱ្យប្រទេសអ៊ីស្រាអែលចូលរួមការប្រកួត។

បន្ទាប់មក FIFA បានដាក់ទណ្ឌកម្មប្រទេសឥណ្ឌូនេស៊ីដោយការបង្កកមូលនិធិអភិវឌ្ឍន៍បាល់ទាត់របស់ខ្លួន ប៉ុន្តែក្រោយមកក៏បានអនុញ្ញាតឱ្យធ្វើជាម្ចាស់ផ្ទះនៃការប្រកួតបាល់ទាត់ពិភពលោកអាយុក្រោម ១៧ ឆ្នាំ បន្ទាប់ពីប្រទេសប៉េរូមិនអាចបំពេញតាមលក្ខខណ្ឌហេដ្ឋារចនាសម្ព័ន្ធបាន។

គួររំឭកថា ប្រទេសឥណ្ឌូណេស៊ីក៏បានជួបប្រទះនឹងគ្រោះមហន្តរាយដ៏អាក្រក់បំផុតមួយនៅលើពិភពលោក ដែលបានកើតឡើងនៅកីឡដ្ឋានកាលពីឆ្នាំមុន ដែលកាលនោះ មនុស្សចំនួន ១៣៥ នាក់បានស្លាប់នៅក្នុងការរត់ជាន់គ្នាបន្ទាប់ពីការប្រកួតនៅទីក្រុងម៉ាឡាង៕

ប្រែសម្រួលដោយ៖ ធា សុណា

ប្រភពព័ត៌មាន៖​ Reuters

Indonesia wants to co-host 2034 World Cup with Australia, Malaysia, Singapore

https://www.reuters.com/sports/soccer/indonesia-wants-co-host-2034-world-cup-with-australia-malaysia-singapore-2023-10-11/

ads banner