លោក ឃិន វណ្ឌី គ្រូឧទ្ទេសនៅវិទ្យាស្ថានជាតិអប់រំ បង្ហាញគោលបំណងលើកកម្ពស់ការអប់រំនៅកម្ពុជាតាមរយៈនិពន្ធសៀវភៅ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ការអប់រំ គឺជាកត្តាចម្បងក្នុងការរួមចំណែកអភិវឌ្ឍប្រទេសជាតិ ហើយដើម្បីឱ្យការផ្ដល់ចំណេះដឹងនិងការអប់រំបានល្អប្រសើរ ។ប៉ុន្តែអាស្រ័យលើការពង្រឹងចិត្តគំនិតសិស្ស និងនិស្សិតជាមុនសិន។ ដោយយល់ឃើញពីសារៈសំខាន់នៃចិត្តវិទ្យាអប់រំនេះ លោកគ្រូ ឃិន វណ្ឌី គ្រូឧទ្ទេសនៅវិទ្យាស្ថានជាតិអប់រំបានរៀបចំចងក្រងឯកសារជាភាសាខ្មែរដែលមានចំណងជើងថា «ចិត្តវិទ្យាអប់រំ» ដើម្បីបំពេញបន្ថែមលើអ្វីដែលលោកគ្រូ អ្នកគ្រូ ធ្លាប់មាននាពេលកន្លងមក។ ការរៀបចំសៀវភៅនេះ ដើម្បីផ្តល់ចំណេះដឹងប្រកបដោយប្រសិទ្ធភាពក៏ដូចជាគុណភាពអប់រំកាន់តែប្រសើរក្នុងបរិយាកាសវិជ្ជមាន ការលើកទឹកចិត្ត និងគ្មានការគំរាមកំហែងដល់អ្នកសិក្សា។

សៀវភៅចិត្តវិទ្យាអប់រំ ត្រូវបានបោះពុម្ពចំនួនមួយពាន់ច្បាប់ ក្នុងមួយច្បាប់តម្លៃ ៣៦ ០០០រៀល ដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃទី​៥ ខែតុលា ឆ្នាំ ២០២៣។ ការចេញផ្សាយស្នាដៃចងក្រងថ្មីនេះ លោកគ្រូ ឃិន វណ្ឌី បានឱ្យដឹងថា «គ្រូត្រូវដឹងពីអ្វីដែលមានប្រសិទ្ធភាពបំផុតសម្រាប់សិស្សម្នាក់ៗនៅក្នុងថ្នាក់រៀនរបស់ខ្លួន។ គ្រូបង្រៀនក៏ត្រូវយល់ពីបុគ្គលិកលក្ខណៈ និងសកម្មភាពរបស់សិស្សផងដែរ ។ចិត្តវិទ្យាអប់រំ គឺជាឧបករណ៍ដ៏សំខាន់មួយសម្រាប់គ្រូបង្រៀន ។វាជួយគ្រូឱ្យយល់ដឹងអំពីអ្វីដែលសិស្សម្នាក់ៗត្រូវការដើម្បីទទួលបានជោគជ័យ ។គ្រូអាចជួយសិស្សបានដោយសម្របការបង្រៀនរបស់ខ្លួនទៅនឹងឥរិយាបថ និងកម្រិតនៃការយល់ដឹងរបស់សិស្ស» ។

ទាក់ទិននឹងចិត្តវិទ្យាអប់រំនេះដែរ លោកក៏បានពន្យល់លើទស្សនៈរបស់ ខុងជឺ ដែលនិយាយថា «នៅជុំវិញខ្លួនយើងគឺសុទ្ធតែជាគ្រូនេះបញ្ជាក់ថា មិនខ្វះទេគ្រូបង្រៀន ប៉ុន្តែគ្រូល្អឬគ្រូប្រកបដោយប្រសិទ្ធភាព គឺយើងពិបាករក។ ពិតណាស់ ដើម្បីឆ្ពោះទៅរកឧត្តមភាពនៃការអប់រំ គឺផ្តើមចេញពីគ្រូដែលមានសមត្ថភាពមិនត្រឹមតែចេះដឹងអំពីឯកទេសរបស់ខ្លួនប៉ុណ្ណោះទេ បន្ថែមពីនេះត្រូវយល់ដឹងពីរបៀបផ្ទេរពុទ្ធិទៅឱ្យសិស្សនៅក្នុងរបៀបវិជ្ជមាន គ្មានហិង្សា ឬការគំរាមកំហែងដល់អ្នកសិក្សា»។

លោកបន្ថែមថា វគ្គសិក្សាដ៏ជាក់លាក់នៅក្នុងចិត្តវិទ្យាអប់រំ គួរតែត្រូវចងភ្ជាប់យ៉ាងទូលំទូលាយ និងពេញលេញបំផុតនៅសាលាបណ្តុះបណ្តាលគ្រូដើម្បីឆ្លើយតបទៅនឹងបញ្ហានៃការផ្តល់ការអប់រំដល់គ្រូបង្រៀនឱ្យកាន់តែប្រសើរ។ ចិត្តវិទ្យាអប់រំ ផ្តល់ឱ្យគ្រូក្នុងការយល់ដឹងពីដំណើរការអភិវឌ្ឍ, ដែនកំណត់, សមត្ថភាព, ដំណើរការរៀន និងអន្តរកម្មសង្គមរបស់សិស្ស, ជាពិសេស ការយល់ដឹងពីសក្តានុពល, ចំណាប់អារម្មណ៍, ឥរិយាបថ, សមត្ថភាព, ការលើកទឹកចិត្ត និងកត្តាពីធម្មជាតិផ្សេងទៀតរបស់អ្នកសិក្សា។

នៅក្នុងសៀវភៅចិត្តវិទ្យាអប់រំនេះ លោកគ្រូ ឃិន វណ្ឌី បានរៀបចំជាប្រាំពីជំពូក ដោយជំពូកទី១ ពិពណ៌នាអំពីសញ្ញាណទូទៅរបស់ចិត្តវិទ្យាដោយលើកឡើងពីការវិវឌ្ឍនៃបញ្ញត្តិចិត្តវិទ្យា,ធម្មជាតិ និងវិសាលភាពរបស់ចិត្តវិទ្យា, មែកធាងចម្បងៗនៅក្នុងចិត្តវិទ្យា និងការអនុវត្តចិត្តវិទ្យានៅក្នុងវិស័យផ្សេងៗដូចជា វិស័យអប់រំ, ផ្នែកណែនាំប្រឹក្សា, វេជ្ជសាស្រ្ត, ធុរកិច្ច, ច្បាប់ឧក្រិដ្ឋកម្ម, នយោបាយ និងផ្នែកយោធាជាដើម។

នៅជំពូកទី២ ចាប់ផ្តើមជាមួយការណែនាំអំពីអត្ថន័យ,ធម្មជាតិ, វិសាលភាព និងផ្នែកអនុវត្តន៍របស់ចិត្តវិទ្យាអប់រំ។

 ចំណែកជំពូកបន្តបន្ទាប់ក្នុងសៀវភៅនេះ ផ្តោតលើទិដ្ឋភាពផ្សេងៗនៃការលូតលាស់ និងការអភិវឌ្ឍរបស់មនុស្ស ជាពិសេស ទាក់ទងនឹងដំណាក់កាលនៃកុមារភាព និងវ័យជំទង់។ លោកគ្រូបានលើកឡើងថា ការពិចារណាអំពីធម្មជាតិ និងទ្រឹស្តីនៃការរៀនដោយពិភាក្សាលើលក្ខខណ្ឌនៃការសិក្សាយោងតាមទ្រឹស្តីមួយចំនួនដូចជា ទ្រឹស្តីតំណនិយម, ទ្រឹស្តីនៃការបង្កើតលក្ខខណ្ឌក្លាស៊ិក, ទ្រឹស្តីនៃការបង្កើតលក្ខខណ្ឌប្រតិបត្តិ, ទ្រឹស្តីកេស្តាល់, ទ្រឹស្តីដែលផ្អែកលើដំណើរការព័ត៌មាន, ទ្រឹស្តីមនុស្សនិយម និងបង្ហាញពីតួនាទីគ្រូបង្រៀននៅក្នុងទ្រឹស្តីនីមួយៗ។ វាក៏ទទួលស្គាល់ផងដែរនូវសារៈសំខាន់នៃពិពិធភាពនៅក្នុងថ្នាក់រៀន, ទិដ្ឋភាពនៃការយល់ដឹងពីឥរិយាបថរបស់សិស្សដោយការណែនាំអំពីប្រធានបទដែលទាក់ទងនឹងបញ្ញា, ការច្នៃប្រឌិត, ការគិត, វិចារណកិច្ច និងការដោះស្រាយបញ្ហា។

សូមរំឭកថា លោក ឃិន វណ្ឌី គ្រូឧទ្ទេសនៅវិទ្យាស្ថានជាតិអប់រំ បានប្ដេជ្ញាថានឹងចេញផ្សាយស្នាដៃជាសៀវភៅសម្រាប់សិស្សនិស្សិត ក៏ដូចជាគ្រូបង្រៀន ក្នុងមួយឆ្នាំឱ្យបានមួយចំណងជើង។ គិតត្រឹមឆ្នាំ២០១៨ មកដល់ពេលនេះ លោករៀបចំចងក្រងសៀវភៅ បានប្រាំចំណងជើងរួចហើយ រួមមាន សៀវភៅវិធីសាស្ត្របង្រៀន, សៀវភៅយុទ្ធសាស្ត្របង្រៀន, សៀវភៅទស្សនវិជ្ជាអប់រំ, សៀវភៅការគ្រប់គ្រងថ្នាក់រៀន និងសៀវភៅចិត្តវិទ្យាអប់រំ ដែលទើបនឹងបោះពុម្ពថ្មីៗនេះ ៕

ដោយ៖ ហួន ស៊ីឡូន

ads banner