នាយក​រដ្ឋមន្ត្រី​ថៃ កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សិង្ហ​បុរី​

សិង្ហបុរី៖ នាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) នឹងធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសសិង្ហបុរីនៅថ្ងៃព្រហស្បតិ៍នេះ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តី លី សៀនឡុង (Lee Hsien Loong) នេះបើយោងតាមក្រសួងការបរទេសថៃ (MFA) បានលើកឡើងកាលពីថ្ងៃពុធម្សិលមិញ។

នេះ​គឺជា​ដំណើរ​ទស្សន​កិច្ច​ជា​ផ្លូវ​ការ​លើក​ដំបូង​របស់​លោក​ សេដ្ឋា ​ទៅកាន់ប្រទេស​សិង្ហបុរី។ ក្រសួងការបរទេសថៃបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រី សេដ្ឋា នឹងត្រូវបានទទួលស្វាគមន៍ និងជួបជាមួយប្រធានាធិបតី ថាម៉ាន សានមូហ្ការ៉ាតណាម (Tharman Shanmugaratnam) នៅការិយាល័យអ៊ីស្ដានា (Istana)»។

ក្រសួងការបរទេសថៃបន្តថា «នាយករដ្ឋមន្ត្រីថៃ សេដ្ឋា នឹងជួបនាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី ដែលនឹងរៀបចំអាហារថ្ងៃត្រង់ជូនគាត់ផងដែរ»។ ក្រសួងការបរទេសថៃបានបន្ថែមថា លោក ស្រេតថា ក៏នឹងទៅទស្សនកិច្ចនៅផ្សារហ៊ុនសិង្ហបុរី អមដោយមន្ត្រីជាន់ខ្ពស់ជាច្រើនរូបផងដែរ។

លោក សេដ្ឋា អតីត​មហាសេដ្ឋី​អចលនទ្រព្យមួយរូប ​បាន​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​របស់​ប្រទេស​ថៃ​នៅ​ថ្ងៃ​ទី២២ ខែ​សីហា បន្ទាប់​ពី​ការ​បោះឆ្នោត​នៅសភា។ ការណ៍នេះបានដោះស្រាយបញ្ហាជាប់គាំងនយោបាយជាច្រើនខែរបស់ប្រទេសថៃ បន្ទាប់ពីការបោះឆ្នោតសកលកាលពីខែឧសភា។

នៅក្នុងលិខិតអបអរសាទរដែលផ្ញើជូនលោក សេដ្ឋា លោក លី បានលើកឡើងថា «សិង្ហបុរី និងថៃមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ រួមទាំងទំនាក់ទំនងសេដ្ឋកិច្ចរឹងមាំ ទំនាក់ទំនងស្ថាប័ន និងការផ្លាស់ប្តូរនយោបាយ ក៏ដូចជាប្រជាជននិងប្រជាជនយ៉ាងកក់ក្ដៅ»។

លោក លី បានកត់សម្គាល់ថា ប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការយូរអង្វែង និងស៊ីជម្រៅលើវិស័យជាច្រើន រួមមានវិស័យពាណិជ្ជកម្ម និងការវិនិយោគ វិស័យការពារជាតិ និងវិស័យអប់រំជាដើម។

គួរដឹងដែរថា សិង្ហបុរី និងថៃបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅឆ្នាំ១៩៦៥ ហើយប្រទេសទាំងពីរបានចាប់ផ្តើមទំនាក់ទំនងសេដ្ឋកិច្ច ដោយបានចុះកិច្ចព្រមព្រៀងទ្វេភាគីស្ដីពី «ការបង្កើនទំនាក់ទំនងសេដ្ឋកិច្ច សិង្ហបុរី-ថៃ» ឬហៅកាត់ថា​ STEER ក្នុងឆ្នាំ២០០២។

ក្នុង​ឆ្នាំ២០២២ សិង្ហបុរីគឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​៨​ របស់​ប្រទេស​ថៃ ខណៈ​ប្រទេស​ថៃ​ស្ថិត​ក្នុង​លំដាប់​ទី​៩​ របស់​សិង្ហបុរី។ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរមានទំហំជាទឹកប្រាក់រហូតដល់ទៅជាង ៤២ ប៊ីលានដុល្លារសិង្ហបុរី ស្មើនឹងជាង ៣០ ប៊ីលានដុល្លារអាមេរិក កាលពីឆ្នាំមុន ពោលគឺកើនឡើង ២៣,៤ ភាគរយធៀបនឹងឆ្នាំមុន។

យោងតាមក្រុមប្រឹក្សាវិនិយោគរបស់ប្រទេសថៃ សិង្ហបុរីក៏បានក្លាយជាប្រភពនៃការវិនិយោគផ្ទាល់ពីបរទេសធំជាងគេទី២ របស់ប្រទេសថៃនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ដែលស្មើនឹង ១៩ ភាគរយនៃតម្លៃវិនិយោគពីបរទេសទាំងអស់នៅក្នុងព្រះរាជាណាចក្រថៃ៕

ប្រែសម្រួលដោយ៖ ធា សុណា

ប្រភពព័ត៌មាន៖​ Channel NewsAsia

Thai PM Srettha to make official visit to Singapore

https://www.channelnewsasia.com/singapore/thai-pm-srettha-thavisin-make-official-visit-singapore-3837721

ads banner