អង្គការណាសា បង្ហាញគំរូអាចម៍ផ្កាយដែលផ្ទុកទៅដោយសារធាតុកាបូនជាក្ដីសង្ឃឹមសម្រាប់ការកកើតជីវិត

អាមេរិក៖ អង្គការណាសា(NASA)កាលពីថ្ងៃពុធកន្លងទៅបានបង្ហាញទិដ្ឋភាព​ដែលអ្នក​វិទ្យាសាស្ត្រ​ទាញយក​គំរូដី​ដែលសម្បូរទៅដោយសារធាតុការបូន ចេញពីផ្ទៃអាចម៍ផ្កាយឈ្មោះ Bennu។ ក្រោយបានសិក្សា គំរូដីនោះរួច អ្នកវិទ្យាសាស្ត្របានអះអាងថា ពួកគេក៏បានប្រទះឃើញសារធាតុរ៉ែ និងទឹក ដែល​អំណោយផលដល់ជីវិតផងដែរ។

ភ័ស្តុតាងដែលប្រមូលបានដោយកូនយានអវកាស OSIRIS-REx ចេញពីអាចម៍ផ្កាយឈ្មោះ Bennu នៅមានទីតាំងនៅជិតផែនដីនោះ ត្រូវបានដាក់បង្ហាញ​នៅក្នុងសាល​ប្រជុំនៃមជ្ឈមណ្ឌលអវកាស Johnson របស់ NASA ក្នុងទីក្រុង Houston។

លោក Dante Lauretta អ្នកស៊ើបអង្កេតលើបេសកកម្ម OSIRIS-REx របស់ NASA បាននិយាយថា អាចម៍ផ្កាយនោះត្រូវបានពិនិត្យភ្លាមៗជាមួយនឹងមីក្រូទស្សន៍អេឡិច​ត្រុង និងឧបករណ៍កាំរស្មីអ៊ិច។

លោក Lauretta បានឱ្យដឹងទៀតថា អ្វីដែលពួកគេបានរកឃើញគឺសារធាតុកាបូនក្នុងទំហំដ៏ច្រើន ក្នុងនោះប្រហែលជាជិត៥ភាគរយជាធាតុសំខាន់ៗដែលអំណោយផលដល់ការកកើតជីវិត ។មិនត្រឹម​តែប៉ុណ្ណោះ គេក៏ឃើញមានវត្តមាននៃម៉ូលេគុលទឹក ដែលនៅលាយឡំជាមួយដី របស់អាចម៍ផ្កាយ​នោះផងដែរ ។ម៉ូលេគុលទឹកទាំងនោះទៀតសោត ត្រូវបានអ្នកវិទ្យាសាស្ត្ររកឃើញក្នុងទម្រង់ជា​ស៊ុលហ្វីតដែក និងអុកស៊ីដជាតិដែក ដែលជាប្រភពសំខាន់ក្នុងការវិវត្តទៅជាទឹក ។

យ៉ាងណាមិញ ការនាំយកមកនូវគំរូដីចេញពីអាចម៍ផ្កាយរបស់កូនយានអវកាស OSIRIS-Rex នាពេលនេះ កើតចេញពី​បេសកកម្ម​រួមគ្នារយៈពេល​ប្រាំពីរឆ្នាំរបស់ទីភ្នាក់ងារអវកាសអាមេរិក និងសាកលវិទ្យាល័យអារីហ្សូណា ។វាជាគំរូអាចម៍ផ្កាយទី ៣ ដែលរហូតមកដល់ពេលនេះ​ជាអាចម៍ផ្កាយដ៏ធំបំផុត ធៀបទៅនឹងអាចម៍ផ្កាយចំនួនពីរទៀត ​នៅក្នុងបេសកកម្មរបស់ទីភ្នាក់​ងារអវកាស​ប្រទេសជប៉ុនកាលពីឆ្នាំ ២០១០ និង ២០២០។

ប្រធានអង្គការ NASA លោក Bill Nelson បានថ្លែងក្នុងឱកាស​បង្ហាញរូបភាពដំបូង​​ដែលបាន​ទាញយកពីអាចម៍ផ្កាយ Bennu ថាលោកនៅតែមានក្ដីរំភើបចំពោះសមិទ្ធផលនេះ ។

ជាមួយគ្នានេះការរកឃើញបឋមនេះកំពុងបោះជំហានទៅកាន់លទ្ធភាពនៃការរកឃើញបន្ថែមទៀត ដែលអាចទាញជាសម្មតិកម្មថា ផែនដីដំបូងត្រូវបានកកើតឡើងដោយធាតុផ្សំសំខាន់ៗដូចជា ផ្កាយ​ដុះកន្ទុយ អាចម៍ផ្កាយ ដែលធ្លាក់មកប៉ះជាមួយនឹងផែនដី។

គួរបញ្ជាក់ថា អាចម៍ផ្កាយ Bennu ត្រូវបានរកឃើញដំបូងក្នុងឆ្នាំ ១៩៩៩ និងត្រូវបានពិពណ៌នា​ដោយអ្នក​វិទ្យាសាស្ត្រថាជាកម្ចេចថ្មតូចៗដែលផ្គុំចូលគ្នាដោយទំនាញផែនដី ។វាមានទំហំ​ប្រហែល៥០០ ម៉ែត្រ ដែលធំជាងអគារ Empire State របស់សហរដ្ឋអាមេរិកបន្តិច ប៉ុន្តែវាមានទំហំតូចជាង បើគេធៀបទៅនឹងអាចម៍ផ្កាយ Chicxulub ដែលបានវាយប្រហារ និងបំផ្លាញជីវិតដាយណូស័រ​លើផែនដីកាលពី ៦៦ លានឆ្នាំមុន ៕

ប្រែសម្រួល៖ កែវ បុស្បា ប្រភព៖ https://www.reuters.com/technology/space/nasa-unveil-first-newly-returned-near-earth-asteroid-sample-2023-10-11/

ads banner