អ្នកវិភាគ៖ ​វិបត្តិអ៊ីស្រាអែល-ប៉ាឡេស្ទីន នឹងបន្តអូសបន្លាយ តែពិភពលោករួមទាំងកម្ពុជាគួរជំរុញភាគីទាំងពីរចូលតុចរចា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖អ្នកតាមដានភូមិសាស្រ្តនយោបាយ និងកិច្ចការ​អន្តរជាតិលើកឡើងថា វិបត្តិអ៊ីស្រាអែល-ប៉ាឡេស្ទីន នឹងបន្ត​អូសបន្លាយយូរតទៅទៀត ខណៈវា​ជាទំនាស់ប្រវត្តិសាស្រ្ត ដែលនឹងអាចជះឥទ្ធិពលតិច ឬច្រើនដល់ពិ​ភពលោក។ ទោះជាយ៉ាងណា អ្នកតាមដានទាំងនេះ យល់ថាពិភពលោករួមទាំងកម្ពុជា គួរជំរុញឱ្យភាគីទាំងពីរចូលតុចរចា។​

សូម​ជម្រាបថា កាលពី​ថ្ងៃ​ទី៧ ខែតុលា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ក្រុមហាម៉ាស់របស់ប៉ាឡេស្ទីនបានវា​យប្រហារទ្រង់ទ្រាយធំមកលើអ៊ីស្រាអែលដែល​បង្កឱ្យមានការស្លាប់ និងរបួសជាច្រើននាក់រហូតរដ្ឋាភិបាល​អ៊ីស្រាអែលប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្ន ហើយប្រកាសសង្គ្រាមជាផ្លូវការជាមួយក្រុមហាម៉ា​ស់វិញ រហូតមានការ​វាយប្រហារបកត្រឡប់ទៅ​វិញផងដែរ​។​

បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាលើកឡើងថា ការវាយប្រ​ហា​រគ្នារវាងក្រុមសកម្មប្រយុទ្ធហាម៉ាស់ និងកងទ័ពអ៊ីស្រាអែល ​ដែល​ចេញពីវិបត្តិអ៊ីស្រាអែល-ប៉ាឡេស្ទីន ជាទំនាស់ប្រវត្តិសាស្រ្ត ដោយសារស្មារតីជាតិនិយមរៀងខ្លួន ជាពិសេសបញ្ហាទឹកដី។ លោកថា​ ទំនាស់នេះនឹ​ងអូសបន្លាយពេលយូរតទៅទៀត។​

ត្រង់បញ្ហានេះ លោកស្នើឱ្យពិភពលោករួមទាំងកម្ពុជាជំរុញដល់ភាគីទាំងសងខាងប្រកាន់យកដំណោះស្រាយដោយសន្តិវិធីតាមរយៈយន្តការការទូតពោល គឺចូលតុចរចា ចៀសវាងប្រកាន់ជំហយកសង្គ្រាមទៅបញ្ចប់សង្គ្រាមដែលអាចបង្កវិនាសកម្មធ្ងន់ធ្ងរជាពិសេសប្រជាពលរដ្ឋស្លូតត្រង់។​

លោកបាន​សង្កត់ធ្ងន់ថា ៖ «ការប្រយុទ្ធគ្នារវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល នេះនឹងជះឥទ្ធិពលដល់ខ្សែច្រវាក់ផ្គត់ផ្គង់ផលិតកម្ម ដែល​អាចកើតមានជា​វិបត្តិស្បៀង វិបត្តិថាមពល បន្តទៅទៀត ហើយអាចទាញពិ​ភ​ពលោកទៅកាន់សង្គ្រាមមួយថ្មីទៀត អាចជាសង្គ្រាមសាសនា ព្រោះយើងឃើញចរន្តតាមប្រទេសធំៗ មាន​ការគាំទ្រក្រុមហាម៉ាស់​ច្រើនដែរ»​។

លោកបាន​បន្ថែមថា បើសិនជា​វិបត្តិនេះនៅបន្តអូសបន្លាយ វានឹងអាចរាលដាលជាចលនាទំនាស់រវាងក្រុមប្រ​ទេស និងក្រុមប្រទេស ឬអាចលាយឡំនឹងទំនាស់រវាងមហាអំណាចផង ដែលនឹងជះឥទ្ធិពលអាក្រក់ដ​ល់សណ្តាប់ធ្នាប់ពិភពលោក ។វិបត្តិនេះជាបញ្ហារ៉ាំរ៉ៃដែលអូសបន្លាយពេលជាងមួយសតវត្សរ៍មកហើយ ខណៈយន្តការចរចាក៏ហាក់នៅជើងមេឃនៅឡើយ។

ដោយឡែក លោក សេង វណ្ណលី សាស្រ្តាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិបានបញ្ជាក់ប្រាប់ដែរ​ថា ក្រុមហាម៉ាស់ ត្រូវបានអ៊ីស្រាអែល និងបស្ចឹមលោកចាត់ទុកជាក្រុមភេរវករ ប៉ុន្តែក្រុមនេះមានឥទ្ធិពលក្នុងនយោ​បា​យ​សង្គមប៉ាឡេស្ទីន ។លោកថា ជម្លោះនេះអាចមានច្រកដោះស្រាយមិនសូវស្មុគស្មាញ ដោយសារជាសង្គ្រា​មរវាងរដ្ឋមួយ និងក្រុមភេរវករ។​

លោកបន្តថា ៖ «លើកនេះការប៉ះទង្គិចរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែលហាក់ចេញជា​ទ្រង់ទ្រាយធំ ខណៈ​អ៊ីស្រាអែលឆ្លើយតបទៅកាន់ខាង​ហាម៉ាស់វិញរាងធ្ងន់ធ្ងរ ប៉ុន្តែវាអាចជាចេតនារបស់រដ្ឋាភិបាលអ៊ីស្រាអែល ដើម្បីឱ្យហាម៉ាស់ក្រោធខ្លាំង ហើយឈានទៅដល់ការបើកប្រយុទ្ធដើម្បីកម្ទេចក្រុមហាម៉ាស់ឱ្យចេញពី​ឆាកនយោបាយប៉ាឡេស្ទីន»។ ​

ទោះជាយ៉ាងណា លោក សេង វណ្ណលី ​ថា វិបត្តិនេះអាចរាលដាលធំ បើសិនជាក្រុមភាគីផ្សេងៗរបស់ប៉ាឡេស្ទីន ក៏ដូចជាប្រទេសផ្សេងៗតួយ៉ាងក្រុមប្រទេសអារ៉ាប់ ក្រុមសហគមន៍ប្រទេសមូស្លីមគាំទ្រសកម្ម​ភាពរបស់ហាម៉ាស់ ដែលអាចចេញពីសង្គ្រាមរវាងរដ្ឋ និងក្រុមភេរវករ ទៅជាសង្គ្រាមធំមួយវិញ ពោលគឺសង្គ្រា​មតួអង្គ(Proxy War)។​

លោកថា ពិភពលោក រួមទាំងកម្ពុជាគួរជំរុញឱ្យកិច្ចចរចាណាមួយរវាងរដ្ឋាភិបាលអ៊ីស្រាអែល ជាមួយក្រុមហា​ម៉ាស់ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ដើម្បីបង្ការកុំឱ្យទំនាស់នេះរាលដាលកាន់តែខ្លាំង ដែលអា​ច​គំរាមកំហែងដល់សន្តិសុខ និងស្ថិរភាពតំបន់ និងពិភពលោក ខណៈបើសិនភាគីទាំងពីរ បន្តវាយប្រហារគ្នា​ដោយអាវុធធុនធ្ងន់។​

សម្រាប់លោក ថុង ម៉េងដាវិត អ្នកសិក្សា​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​មេគង្គ​សម្រាប់​សិក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​ (AVI) វិញ លើកឡើងថា វិបត្តិអ៊ីស្រាអែល-ប៉ាឡេស្ទីន ជាវិបត្តិពីឬសគល់ប្រវត្តិ​សាស្រ្ត មនោគមវិទ្យានយោបាយ សាសនា និងភូមិសាស្ត្រយុទ្ធសាស្រ្ត។

ក្រុមហាម៉ាស់ជាក្រុមផ្តាច់ខ្លួនក្នុងទឹកដីប៉ាឡេស្ទីនដែលមិនពេញចិត្តនឹងដំណោះស្រាយរបស់រដ្ឋាភិបាលកណ្តា​លប៉ាឡេស្ទីនជុំវិញបញ្ហាបែងចែកទឹកដីរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។

លោកថា ៖ «មានយន្តការ និងគំនិតផ្តួចផ្តើមជាច្រើនពីអង្គការតំបន់ និងសហគមន៍អន្តរជាតិក្នុងការដោះស្រា​យបញ្ហាដ៏ចម្រូងចម្រាស់នេះ ហើយមហាអំណាចទាំងអស់ ពុំមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការដោះស្រា​យឡើយ ដោយសារកត្តាប្រយោជន៍យុទ្ធសាស្រ្ត និងសេដ្ឋកិច្ចរបស់ពួកគេ»។

លោក ថុង ម៉េងដាវិត ជឿជាក់ថា វិបត្តិនេះនឹងបន្តអូសបន្លាយពេល ហើយការសម្លាប់ និងអំពើភេរវកម្មនឹងនៅបន្តមាននៅលើទឹកដីអ៊ីស្រាអែល និងប៉ាឡេស្ទីន៕ ដោយ៖ សំបាន ច័ន្ទដារ៉ា

ads banner