​តៃវ៉ាន់​​បង្កើត​​ក្រុម​​ការងារ​ ​ដើម្បី​​សិក្សា​​​ពី​​សង្គ្រាម​​អ៊ីស្រាអែល​ និង​​ហាម៉ាស

តៃប៉ិ៖​រដ្ឋ​មន្ត្រី​ក្រសួង​ការពា​រ​ជាតិ​តៃវ៉ាន់​ លោក​ Chiu Kuo-cheng ​បាន​និយាយ​​​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​តៃវ៉ាន់​បាន​បង្កើត​ក្រុម​ការងា​រ​មួយ​ ដើម្បី​ទាញ​មេរៀន​ពី​ការ​វាយ​ប្រហារ​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ដោយ​ក្រុម​ហាម៉ាស​របស់​ប៉ាឡេស្ទីន​ទៅ​លើ​ប្រទេស​អ៊ីស្រាអែល​។​​ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

​ការ​ទាញ​យក​មេរៀន​នេះ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ជា​ប្រយោជន៍​សំខាន់​ ​ខណៈ​​តៃវ៉ាន់​ដែល​ចិន​ទាម​ទារ​ថា​ជា​ទឹក​ដី​របស់​ខ្លួន​ ស្ថិត​​នៅ​ក្រោម​សម្ពាធ​កាន់​តែ​ខ្លាំង​ឡើង​ៗ​ផ្នែក​យោធា​ និង​នយោបាយ​ពី​ទីក្រុង​ប៉េកាំង ​​រួម​ទាំង​ការ​ធ្វើ​យមយុទ្ធ​យោធា​ទ្រង់​ទ្រាយ​ធំ​ជុំវិញ​កោះ​ និង​វោហាសាស្រ្ត​នយោបាយ​។

ទោះ​បី​ជា​មាន​ភាព​ខុស​ប្លែក​គ្នា​ខ្លាំង​រវាង​ការ​គំរាម​កំហែង​ដែល​តៃវ៉ាន់​ប្រឈម​មុខ​ពី​ប្រទេស​ចិន​ និង​អ្វី​ដែល​កំពុង​កើត​ឡើង​រវា​ង​អ៊ីស្រាអែល​ និង​ក្រុមហាម៉ាស​ក៏​ដោយ​ ​ជម្លោះ​នៅ​មជ្ឈិម​បូព៌ា​នា​ពេល​នេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​លទ្ធភាព​នៃ​ការ​វាយ​ប្រហារ​របស់​ចិន​។​

លោក​ Chiu បាន​ថ្លែង​នៅ​សភា​តៃវ៉ាន់​នៅ​ពេល​ឆ្លើយ​សំណួរ​ទៅ​កាន់​អ្នក​កាសែត​ថា​៖ «​មេរៀន​ដំបូង​ គឺ​ថា​ ការងារ​ស៊ើបការណ៍​សម្ងាត់​មាន​សារៈ​សំខាន់​ណាស់​។​ ជាមួយ​នឹង​​ព័ត៌មាន​សម្ងាត់​​ យើង​អាច​ចេញ​​វិធានការណ៍​តប​ត​ជា​ច្រើន​​ ហើយ​អាច​ជៀស​វាង​សង្គ្រាម​មួយ​បាន​»។ ​

លោក​បាន​និយាយ​ថា​ ការ​ប្រយុទ្ធ​គ្នា​រវាង​អ៊ីស្រាអែល​ និង​ក្រុម​ហាម៉ាស​ បាន​បង្ហាញ​ពី​ភាព​រន្ធត់​នៃ​សង្រ្គាម​ ហើយ​បើ​​យោធា​​ធ្វើ​ការ​ដើម្បី​បង្កើន​ការ​ត្រៀម​ខ្លួន​ប្រយុទ្ធ​​ វា​នឹង​មិន​មាន​ជម្លោះ​នោះ​ទេ​។ លោក​បន្ត​ថា​៖ ​​​«​​​វា​​ជា​​ការ​​រំពឹង​​ទុក​​រួម​​របស់​​អ្នក​​រាល់​​គ្នា​ ​ក្នុង​​ការ​​បញ្ចៀស​​សង្គ្រាម​»​។

គួរ​គូស​បញ្ជាក់​ថា​ រដ្ឋាភិបាល​តៃវ៉ាន់​បាន​ថ្កោល​ទោស​ការ​វាយ​ប្រហារ​រប​ស់​ក្រុម​ហាម៉ាស់​ ដោយ​លោក​ស្រី​ប្រធានាធិបតី​ ត្សៃ អ៊ីង-វីន ​ ​​បាន​​និយាយ​​​ថា​​៖ «​តៃវ៉ាន់​នៅ​តែ​​ប្តេជ្ញា​ធ្វើ​ការ​ជាមួយ​ប្រទេស​ដែល​មាន​គំនិត​ដូច​គ្នា​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​ និង​អំពើ​ហិង្សា​ និង​ដើម្បី​ការពារ​សេរីភាព​ និង​លទ្ធិ​ប្រជាធិបតេយ្យ​»។

នៅ​ខែ​មករា​ខាង​មុខ​ តៃវ៉ាន់​នឹង​​រៀ​ប​ចំ​​កា​រ​បោះ​ឆ្នោត​​ប្រធានាធិបតី​ និង​​សភា​ ​ដោយ​​គណបក្ស​ប្រឆាំង​​​ដ៏​​សំខាន់​របស់​កោះ​ គឺ​​គណបក្ស​ គួមីងតាង(Kuomintang ​​,KMT) ​បាន​ចាត់​ទុក​ព្រឹត្តិការណ៍​នេះ​ជា​​ជម្រើស​​រវាង​​សង្គ្រាម​ និង​​សន្តិភាព​​។​ បក្ស​ KMT ​បាន​ចោទ​ប្រកាន់​គណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ​ (DPP) របស់​លោក​ស្រី​ អ៊ីង-វីន​ ដែល​កំពុង​កាន់​អំណាច​ថា​ បាន​ធ្វើ​ឱ្យ​កោះ​តៃវ៉ាន់​ជិត​ធ្លាក់​ទៅ​ក្នុង​សង្រ្គាម​ ដោយ​​​ចេតនា​បង្ក​រឿង​ដល់​ប្រទេស​ចិន​ ​ជា​អ្វី​ដែល​បក្ស​ DPP ​បដិសេធ​យ៉ាង​ដាច់​អហង្ការ​។​

​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ ប្រធាន​បក្ស​ KMT ដែល​គេ​មើល​ឃើញ​ថា​ ជា​បក្ស​ជិត​ស្និទ្ធ​នឹង​ក្រុង​ប៉េកាំង​ ​លោក​ អេរិច ជូ(Eric Chu) ​បាន​និយាយ​ថា​ អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល​នា​ពេល​នេះ​ ​បាន​ធ្វើ​ឱ្យ​មនុស្ស​គ្រប់​គ្នា​មាន​អារម្មណ៍​ថា​ ​រង​ការ​គំរាម​កំហែង​ដោយ​សង្រ្គាម​​។ លោក​ ជូ បាន​បន្ត​ថា​៖ «​យើង​ជឿ​ថា​សន្តិភាព​នៅ​ទូទាំង​ច្រក​សមុទ្រ​តៃវ៉ាន់​ គឺ​ជា​អ្វី​ដែល​មនុស្ស​គ្រប់​គ្នា​រំពឹង​ទុក​។​ គ្មាន​ជន​ជាតិ​តៃវ៉ាន់​ណា​ម្នាក់​ ចង់​ឃើញ​សង្រ្គាម​នោះ​ទេ​»៕

ប្រែសម្រួល៖ ហួន ឌីណា

ប្រភព​៖ Taiwan sets up task force to study Israel-Hamas war  

ads banner