កម្ពុជា ធ្វើព្យុហយាត្រា​លើក​ទី​២ ដើម្បី​ឆ្ពោះ​ទៅ​បញ្ឈប់​អំពើ​ជួញ​ដូរ​មនុស្ស

អត្ថបទដោយ៖
CPA

សៀមរាបៈស្ថាប័ន​រដ្ឋ អង្គការ និង​ប្រជាពលរដ្ឋជាច្រើនរយនាក់ បាន​ធ្វើ​កម្មវិធី​ព្យុហ​យាត្រា​នៅ​ខេត្ត​សៀម​រាប ដើម្បី​ឆ្ពោះ​ទៅ​បញ្ឈប់​អំពើ​ជួញ​ដូរ​មនុស្ស ដែលក​ម្មវិធី​នេះ​ជា​ការ​រំឭក​ដល់​សារធារណជន​គ្រប់​និន្នាការទាំង​អស់ឱ្យមានការប្រុងប្រយ័ត្ន ពីព្រោះ​ឧក្រិដ្ឋជន​នៃ​ការ​ជួញ​ដូរ​មនុស្សមាននៅ​គ្រប់​ទី​កន្លែង​។

លោកជំទាវ ជូ ប៊ុនអេង អនុ​ប្រធាន​អចិន្ត្រៃយ៍​គណៈ​កម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស (​គ​.​ជ​.​ប​.ជ​.​) បាន​ឱ្យ​ដឹង​តាម​រយៈ​ទំព័រ​ហ្វេស​ប៊ុក​​នៅ​ថ្ងៃ​ទី​១១ ខែ​តុលា​ថា គោល​បំណង​នៃកា​រ​ធ្វើ​ព្យុហយាត្រា​នេះ គឺ​ដើម្បី​ចូល​រួម​យុទ្ធនា​ការ​សកល ដើម្បី​ក្រើង​រំឭក​ដល់​សារធារណជន កុំ​ឱ្យ​ភ្លេច​ខ្លួន​ថា​ ឧក្រិដ្ឋ​ជន គឺ​នៅ​គ្រប់​ទីក​ន្លែង មនុស្ស​គ្រប់​វ័យ គ្រប់​ប្រភេទ គ្រប់​សាសនា គ្រប់​និន្នាការ គឺ​សុទ្ធ​តែ​អាច​ក្លាយ​ជា​ជន​រង​គ្រោះ​ដោយ​អំពើ​ជួញ​ដូរម​នុស្សនិង​អំពើ​កេង​ប្រវ័ញ្ច​ដទៃ​ទៀត​ ។​កម្មវិធី​ព្យុហ​យាត្រា​នេះ វា​ក៏​ជា​ការ​បង្ហាញ​អំពី​ឆន្ទៈ​មុះ​មុត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា និង​ប្រជាពលរដ្ឋ​គ្រប់​រូប​ក្នុង​ការ​រួម​គ្នា បង្ការ ​បង្រ្កាប ផ្តន្ទា​ទោស និងសង្រ្គោះ​អំពើ​ជួញ​ដូរ​មនុស្ស​។

លោកជំទាវថ្លែង​ថា​៖ «​យើង​សង្ឃឹម​ថា ការ​បា្ររព្ធ​កម្មវិធី​ព្យុហ​យាត្រា​ឆ្ពោះ​ទៅ​បញ្ឈប់​អំពើ​ជួញដូ​រ​មនុស្ស​នេះ​ នឹង​ជួយ​បំផុស​កិច្ច​ចូល​រួម​ក្នុង​ការ​អនុវត្ត​ច្បាប់ ស្តី​អំពី​ការ​ជួញ​ដូរ​មនុស្ស ការ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​លើ ​ស្រ្តី​និង​កុមារ​ឱ្យ​កាន់​តែ​​ផុស​ផុល​បន្ថែម​ទៀត​»​។

ដោយឡែក លោកស្រី យូ សុភា អភិបាល​រង​ខេត្ត​សៀមរា​ប បាន​ឱ្យ​ដឹង​ដែរ​ថា ខេត្ត​សៀមរាប ជា​ប៉ូល​ទេស​ចរណ៍​មួយ​ដ៏​សំខាន់ ដែល​មាន​ប្រាសាទ​អង្គរ​វត្ត ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក និង​មាន​តំបន់​ទេសភាព​ធម្មជាតិ​អេកូទេសចរណ៍​ជា​ច្រើន​កន្លែង​ផ្សេង​ទៀត​សម្រាប់​ភ្ញៀវ​ទេសចរ​ទស្សនា​កម្សាន្ត​។ លោកស្រី​បន្ត​ថា ទន្ទឹម​នឹង​ផល​វិជ្ជមាន​ពីសេ​វា​កម្ម​ទេសចរណ៍ ខេត្ត​សៀមរាប​ក៏​ទទួល​បាន​ផល​អ​វិជ្ជមាន​ពី​បណ្ដា​អ្នក​ទេសចរណ៍​មួយ​ចំនួន​ផង​ដែរ​។

លោក​ស្រី​បញ្ជាក់​ថា​៖ «​យើង​បាន​ទទួល​រង​ផល​ជា​អ​វិជ្ជមាន​ពី​អ្នក​ទេសចរណ៍​មួយ​ចំនួន ដែល​មាន​បំណង​ទុច្ចរិត​បាន​ប្រព្រឹត្ត​បទ​ល្មើស​រំលោភ​បំពាន ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​ទៅ​លើ​កុមារ តាម​រូបភាព​ផ្សេងៗ និង​ការ​យក​ខេត្ត​សៀមរាប ជា​ខេត្ត​សម្រាប់​ឆ្លង​កាត់កា​រ​នាំ​ចេញម​នុស្ស​ដោយ​ខុស​ច្បាប់ និង​កន្លែង​សម្រាប់​ប្រព្រឹត្ត​បទ​ល្មើស​ផង​ដែរ​»​។

សូម​បញ្ជាក់​ថា កម្មវិធី​ព្យុហ​យាត្រា​ឆ្ពោះ​ទៅ​បញ្ឈប់​អំពើ​ជួញ​ដូរ​មនុស្សលើក​ទី​២ ឆ្នាំ​២០២៣​នេះ បាន​រៀប​ចំ​ឡើង​ដោយ​​គណៈ​កម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស  សហការ​ជា​មួយ អង្គការ​មូល​និធិ ​អេ​២១ និង​រដ្ឋបាល​ខេត្ត​សៀមរាប ដែល​មាន​ការ​ចូល​រួម​ពី​មន្ត្រី​រាជការ កង​កម្លាំង​នគរបាល កង​រាជ​អាវុធ​ហត្ថ លោក​គ្រូ​​-​អ្នក​គ្រូ សិស្សានុសិស្ស យុវជន​កាយ​រិទ្ធ យុវជន​កាក​បាទ​ក្រហម បុគ្គលិក​​អង្គការ​សមាគម ព្រម​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរ​ជាតិ សរុប​ប្រមាណ ៦០០​នាក់​៕

ដោយ៖ ជា សុខនី

ads banner