ក្រសួងព័ត៌មាន ណែនាំឱ្យបង្កើនការផ្សព្វផ្សាយសារអប់រំបញ្ហាគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ ក្នុងពិធីភ្ជុំបិណ្ឌ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មានឯកឧត្តម នេត្រ ភក្ត្រា បានណែនាំដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ជំរុញការផ្សព្វផ្សាយសារអប់រំបញ្ហាគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីក្រើនរំឮកពលរដ្ឋឱ្យចូលការពារ និងប្រុងប្រយ័ត្នពីបញ្ហាទាំងនេះ។

ឯកឧត្តម នេត្រ ភក្ត្រា បានធ្វើការណែនាំដូចនេះ តាមរយៈលិខិតផ្ញើជូនម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ ស្តីពីការផ្សព្វផ្សាយសារអប់រំបញ្ហាគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១៥ខែតុលា ឆ្នាំ២០២៣។

សេចក្តីណែនាំបានបញ្ជាក់ថា នៅក្នុងឱកាសបុណ្យប្រពៃណីខ្មែរ ប្រជាពលរដ្ឋនៅទូទាំងប្រទេសនឹងបានឈប់សម្រាកពីការងារ ហើយធ្វើដំណើរទៅលេងស្រុកកំណើតដើម្បីជួបជុំក្រុមគ្រួសារ ញាតិមិត្ត បងប្អូន និងធ្វើដំណើរទៅកាន់ទីអារាម ក៏ដូចជាធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាននានានៅទូទាំងប្រទេស។ ឆ្លៀតក្នុងឱកាសនេះ សូមម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ជួយផ្សព្វផ្សាយឱ្យបានជាអតិបរមានូវសារអប់រំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរផ្លូវគោក។

ឯកឧត្តមបន្តថា ៖ «ការផ្សព្វផ្សាយនេះ ដើម្បីបំផុសស្មារតី និងដាស់តឿនក្រើនរំឭកដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន ព្រមទាំងចូលរួមការពារខ្លួន និងក្រុមគ្រួសារ មិត្តភក្តិ ចៀសផុតពីការបើ ប្រាស់គ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ដែលធ្វើឱ្យប៉ះពាល់ដល់អាយុជីវិត ខូចខាតទ្រព្យសម្បត្តិរបស់ បងប្អូនប្រជាពលរដ្ឋរបស់យើង»។

សូមរំឭកដែរថា កាលពីថ្ងៃទី៩ ខែតុលាកន្លងទៅនេះឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានចេញគោលការណ៍ណែនាំ សម្រាប់ចាត់តាំងអនុវត្តការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅទូទាំងប្រទេសផងដែរ។

ក្នុងគោលការណ៍ណែនាំនោះក៏បានបញ្ជាក់ពីការបង្កើនការងារផ្សព្វផ្សាយអប់រំ, បង្កើតយន្តការគ្រប់គ្រងសារធាតុគីមីផ្សំ , ទប់ស្កាត់ការនាំចូលគ្រឿងញៀន, ការទប់ស្កាត់ការកែច្នៃផលិតគ្រឿងញៀន និងការលុបបំបាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន។

គោលការណ៍បញ្ជាក់ថា គ្រប់ក្រសួង ស្ថាប័ន និងថ្នាក់ក្រោមជាតិទាំងអស់ ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយពីផលវិបាក និងគ្រោះថ្នាក់នៃគ្រឿងញៀន ឥទ្ធិពលនៃគ្រឿងញៀន និងអប់រំដាស់តឿនក្រើនរំលឹកដល់មន្រ្តីរបស់ខ្លួនគ្រប់ជាន់ថ្នាក់ រួមទាំងធ្វើការផ្សព្វផ្សាយសារអប់រំតាមរយៈបណ្តាញសារព័ត៌មាន វិទ្យុ ទូរទស្សន៍ កាសែត និងលើផលិតផលផ្សេងៗជាដើម៕ ដោយ៖ នាង សុគន្ធា

ads banner