ក្រសួងមហាផ្ទៃសម្រេចចុះបញ្ជីគណបក្សកម្លាំងជាតិ

ភ្នំពេញ៖ នៅទីបំផុត ក្រសួងមហាផ្ទៃ បានសម្រេចចុះបញ្ជីគណបក្សកម្លាំងជាតិ ក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ។ ជាមួយនឹងការសម្រេចចុះបញ្ជី ក្រសួងមហាផ្ទៃបានបញ្ជាក់ថា គណបក្សកម្លាំងជាតិ ត្រូវធ្វើសកម្មភាពស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន និងលក្ខន្តិកៈរបស់គណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ។ នេះបើយោងតាមប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣។

លោក ស៊ុន ចន្ធី អតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការរងគណបក្សភ្លើងទៀន និងជាអតីតជំនួយការជនក្បត់ជាតិ៣ជំនាន់ បានដាក់ពាក្យស្នើសុំបង្កើតគណបក្សកម្លាំងជាតិ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។

លោក ស៊ុន ចន្ធី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ គណបក្សភ្លើងទៀន និងជាអតីតជំនួយការជនក្បត់ជាតិ ៣ជំនាន់ បានលាលែងសមាជិកភាពគណបក្សភ្លើងទៀន។ ការលាលែងនេះ បានធ្វើឡើងកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣។ លោក ស៊ុន ចន្ធី បានទទួលនីតិសម្បទាឡើងវិញ តាមព្រះរាជក្រឹត្យចុះ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។

គួរបញ្ជាក់ថា លោក ស៊ុន ចន្ធី ត្រូវបានហាមឃាត់មិនឱ្យធ្វើសកម្មភាពនយោបាយ សម្រាប់រយៈពេល៥ឆ្នាំ តាមអំណាច សាលដីកាលេខ ៣៤០ ( ឆ ) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូល។ លោក ស៊ុន ចន្ធី ដាក់ពាក្យស្នើសុំផ្តល់នីតិសម្បទានូវសិទ្ធិធ្វើនយោបាយឡើងវិញ ទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃកាលពី ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១៕
ដោយ៖ពលជ័យ

ads banner