ជនដែលក្លែងព្រះរាជសារព្រះមហាក្សត្រ និងសម្តេចម៉ែ ត្រូវបានចាប់ខ្លួន
ភ្នំពេញ៖ជនដែលក្លែងព្រះរាជសាររបស់ព្រះករុណាជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទាក់ទងនឹងការនិមន្តព្រះសង្ឃព្រះនាម ចន្ទ មុនី ដែលកំពុងល្បីលើបណ្ដាញសង្គមនោះត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកឃើញ និងឃាត់ខ្លួន។
មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ហាក់ ឧត្តម ភេទប្រុស ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ដោយកម្លាំងនាយកដ្ឋានកណ្តាលសន្តិសុខនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
សូមជម្រាបថា កាលពីថ្ងៃទី២៦ ខែតុលាបន្ទាប់ពីមានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព្រះបរមរាជវាំងបដិសេធចំពោះលិខិតក្លែងបន្លំជាព្រះរាជសារ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ដែលត្រូវបានបង្ហោះចែកចាយក្នុងប្រព័ន្ធបណ្តាញសង្គម និងដោយមានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាល អគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ បើកការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហាក់ ឧត្តម ភេទប្រុស នៅថ្ងៃទី ២៩ ខែតុលា ។
ក្រោយឃាត់ខ្លួនជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរៀបចំបង្កើតលិខិតក្លែងបន្លំជាព្រះរាជសារប្រាកដមែន ដោយបន្លំខ្លួនជាសែព្រះញាតិវង្សទៅជួលសេវាវាយអត្ថបទតាមកុំព្យូទ័រមួយកន្លែងនៅម្តុំវិទ្យាល័យសម្តេចជាស៊ីមសន្ធរម៉ុក ដោយខ្លួនជាអ្នកផ្តល់នូវខ្លឹមសារ និងឯកសារគំរូ រួចផ្ញើលិខិតនោះទៅកូនសិស្សលោកនៅវត្តចន្ទប្បជោត្តនារាម ដើម្បីនិមន្តព្រះធម្មវនវាសី ចន្ទ មុនី ទៅសម្តែងធម៌ទេសនាក្នុងព្រះរាជពិធីបុណ្យកឋិនទាន នៅវត្តទេពវិមាន ហៅវត្តកាន់ទ្រង់ ស្ថិតនៅឃុំតានី ស្រុកអង្គជ័យ ខេត្តកំពត ដើម្បីទទួលបានផលប្រយោជន៍ពីការរៀបចំកម្មវិធីបុណ្យកឋិនទាន។
ទាក់ទងនឹងករណីខាងលើនេះផងដែរ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមអំពាវនាវដល់សាធារណជនឱ្យប្រុងប្រយ័ត្នចំពោះការចែករំលែកនូវព័ត៌មានគ្មានប្រភពច្បាស់លាស់ ដែលបណ្តាលឱ្យខ្លួនក្លាយជាឈ្នាន់បម្រើដល់ឧបាយកលរបស់ក្រុមជនឆបោក ព្រមទាំងត្រូវទទួលខុសត្រូវចំពោះច្បាប់ថែមទៀត៕ដោយ៖ពលជ័យ