មេដឹកនាំគណបក្សនយោបាយនិងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ឆ្លើយតបទៅនឹងការលើកឡើងរបស់បក្សប្រឆាំងនិងសង្គមស៊ីវិល
ភ្នំពេញ៖ មេដឹកនាំគណបក្សនយោបាយមួយចំនួន និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ បានឆ្លើយតបទៅនឹងការលើកឡើងរបស់ក្រុមគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលមួយចំនួនតូចថា ការតែងតាំងសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់គ្មានប្រយោជន៍ គឺគ្មានអ្វីចម្លែកសម្រាប់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចទាំងនេះទេ ដែលតែងតែធ្វើសកម្មភាពនយោបាយតាមបែបទុច្ចរិត ញុះញង់ លាបពណ៌ ទម្លាក់កំហុស ក្នុងចេតនាបំបែកបំបាក់ជាតិ បំផ្លាញសន្តិភាព បង្កឲ្យសង្គមអស្ថេរភាព។
លោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ បានប្រតិកម្មឆ្លើយតបទៅនឹងក្រុមគណបក្សប្រឆាំង និងក្រុមអង្គការសង្គមស៊ីវិលថា ការតិះទៀនរបស់គណបក្សប្រឆាំង និងក្រុមសង្គមស៊ីវិល មិនដឹងថា សង្គមស៊ីវិលទាំងអស់នោះនៅក្នុងស្រុក ឬក្រៅស្រុកទេ តែបើសនៅក្នុងស្រុកវិញ គឺសង្គមស៊ីវិលអស់ទាំងអស់យ៉ាប់យឺនហើយ ពីព្រោះពួកគេអត់បានមើលឃើញអ្វីដែលក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់បានធ្វើកន្លងមកហើយ។
ប្រធានគណបក្សធម្មាធិបតេយ្យបានបន្តថា ទម្លាប់របស់ខាងគណបក្សប្រឆាំង និងសង្គមស៊ីវិលដែលមាននិន្នាការប្រឆាំង អ្វីដែលពួកគេធ្វើទើបត្រូវ តែបើគណបក្សផ្សេងពីពួកគេដែលមិនគាំទ្រនិន្នាការរបស់ពួកគេ គឺពួកគេតែងតែតិះទៀនថា ខុសហើយ បរាជ័យមិនបានប្រយោជន៍ហើយ។ ទោះជាពួកគេធ្វើឲ្យរលាយប្រទេស ធ្វើឲ្យឈ្លោះគ្នាពេញប្រទេសកន្លងមកក៏ពួកគេមើលឃើញថាត្រូវដែរ។ វាជារឿងធម្មតារបស់ក្រុមគណបក្សប្រឆាំង និងក្រុមអង្គការសង្គមស៊ិវិល ដែលមាននិន្នាការប្រឆាំងទៅហើយ។
ចំណែកឯកឧត្តម ហ៊ាង គឹមស្រឿន ប្រធានស្តីទីគណបក្សមហាសាមគ្គីជាតិខ្មែរ និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ បានឆ្លើយតបទៅនឹងការលើកឡើងរបស់គណបក្សប្រឆាំង និងក្រុមអង្គការសង្គមស៊ីវិលថា ចំពោះក្រុមប្រឆាំងជ្រុលនិយម និងអង្គការសង្គមស៊ីវិលដែលបានលើកឡើងទាក់ទងនឹងយន្តការរបស់ក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ គឺគ្មានអ្វីចម្លែកសម្រាប់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចទាំងនេះទេ ដែលតែងតែធ្វើសកម្មភាពនយោបាយតាមបែបទុច្ចរិត ញុះញង់ លាបពណ៌ ទម្លាក់កំហុស ក្នុងចេតនាបំបែកបំបាក់ជាតិ បំផ្លាញសន្តិភាព បង្កឲ្យសង្គមអស្ថេរភាព ដើម្បីមហច្ឆិតាដណ្តើមអំណាចមិនស្មោះត្រង់ ឃោសនាអំពាវនាវឲ្យបរទេសផ្តាច់ជំនួយក្នុងចេតនាបន្ទុចបង្អាក់ការអភិវឌ្ឍជាតិ និងចូលរួមបំផ្លាញជីវភាពប្រជាពលរដ្ឋកម្ពុជា ដែលយើងជាខ្មែរមិនគួរលើកលែងឲ្យបានឡើយ។
សូមជម្រាបថា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈដល់ សមាសភាព ប្រតិភូ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់ យោបល់ចំនួន១៤៥រូប។ ដោយក្នុងនោះមានឋានៈស្មើទេសរដ្ឋមន្ត្រី ចំនួន ២៩រូប, ឋានៈស្មើរដ្ឋមន្ត្រីចំនួន២៩រូប, ឋានៈស្មើរដ្ឋលេខាធិការចំនួន២៩រូប, ឋានៈស្មើអនុរដ្ឋលេខាធិការចំនួន ២៩រូប និងឋានៈស្មើអគ្គនាយកមានចំនួន ២៩រូប៕
ដោយ៖ពលជ័យ