កម្ពុជារៀបចំការប្រឡងបាក់ឌុបរយៈពេល២ថ្ងៃ (Video Inside)

កម្ពុជាបានរៀបចំការប្រឡងបាក់ឌុបនៅថ្ងៃទី៦វិច្ឆិកានេះ ដែលមានសិស្សចុះឈ្មោះប្រឡង ចំនួន ១៣ម៉ឺន ៧ពាន់ ៤១២នាក់នៅទូទាំងប្រទេស។ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងមានរយៈពេល២ថ្ងៃ គឺថ្ងៃទី៦ និងទី៧ វិច្ឆិកា ដោយមានការដាក់ពង្រាយកម្លាំងសន្តិសុខរារាំងអំពើឆបោកនានា ដែលធ្លាប់មានពីអតីតកាល។

នៅក្នុងថ្ងៃដំបូងនៃការប្រឡងនេះ, ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិត ហង់ជួន ណារ៉ុន បានអញ្ជើញបើកហិបវិញ្ញាសា ក្នុងមណ្ឌលប្រឡងព្រះសីសុវត្តិ និងបានបដិសេធនូវការនិយាយចោទប្រកាន់ថា មានការបែកធ្លាយវិញ្ញាសារ។

ការពង្រាយកម្លាំងដើម្បីរារាំងអំពើឆបោកក្នុងការប្រឡងបាក់ឌុបនេះ ត្រូវអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឃាង សេង បានថ្លែងថា មានការដាក់ពង្រាយអ្នកសង្កេតការណ៍ ជាង ៣ពាន់នាក់ ដើម្បីធានាថាការប្រឡងបាក់ឌុបនេះ ជាការប្រឡងដែលមានភាពសុក្រឹត្យ ស្របនឹងពាក្យស្លោកអ្នកចេះ គឺជាប់។

មិនមានសេចក្តីរាយការណ៍ជុំវិញភាពមិនប្រក្រីតីណាមួយកើតឡើងឡើយ នៅថ្ងៃប្រឡងដំបូងនេះ។

វិស័យអប់រំគឺជាវិធានការគន្លឹះទី២ នៃយុទ្ធសាស្ត្របញ្ចកោណទាំង៥ ដាក់ចេញដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ចាប់តាំងពីបានឡើងកាន់តំណែង ជានាយករដ្ឋមន្ត្រីថ្មី តាំងពីថ្ងៃទី២២ សីហា ឆ្នាំ២០២៣។

គោលនយោបាយមួយរបស់សម្តេចធិបតីលើវិស័យអប់រំនេះ គឺជំរុញការពង្រឹងបណ្តុះបណ្តាលមូលដ្ឋាន ពីថ្នាក់មតេយ្យរហូតដល់ថ្នាក់ទី១២ ដោយចាត់ទុកថារយៈពេល១២ឆ្នាំ នៃការសិក្សារបស់សិស្ស គឺជា «ចំណុចគន្លឹះនៃវិស័យអប់រំ»។

ads banner