លោក ស៊ី ជីនពីង ៖ ចិន និងអូស្រ្តាលីអាចក្លាយដៃគូដ៏គួរឱ្យទុកចិត្ត

ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បានចេញផ្សាយថា លោក ស៊ី ជីនពីង នៅថ្ងៃចន្ទសប្តាហ៍នេះ បានប្រាប់មេដឹកនាំអូស្រ្តាលីថា ជំហររបស់ប្រទេសទាំងពីរកំពុងក្លាយជាដៃគូដ៏គួរឱ្យទុកចិត្ត ហើយក៏កំពុងស្ថិតនៅលើ “ផ្លូវត្រឹមត្រូវនៃការកែលម្អ និងអភិវឌ្ឍទំនាក់ទំនង”។

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានជួបនាយករដ្ឋមន្រ្តីអូស្រ្តាលី លោក អាន់ថូនី អាល់បាណេស ក្នុងរដ្ឋធានីប៉េកាំង ក្នុងអំឡុងពេលលោក អាល់បាណេស បំពេញទស្សកិច្ចផ្លូវរដ្ឋរយៈពេល ៤ថ្ងៃនៅប្រទេសចិន។ នេះជាសញ្ញាសម្គាល់ដ៏ខ្ពស់មួយ សម្រាប់ទំនាក់ទំនងចិន-អូស្រ្តាលី បន្ទាប់ពីមានភាពតានតឹងជាច្រើនឆ្នាំ ដែលបានកាត់បន្ថយពាណិជ្ជកម្មរាប់ពាន់លានដុល្លារ។

លោក ស៊ី បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា ចិន និងអូស្ត្រាលីមិនមានជម្លោះជាប្រវត្តិសាស្ត្រ ហើយក៏គ្មានជម្លោះផលប្រយោជន៍ជាមូលដ្ឋានដែរ ដូច្នេះហើយប្រទេសទាំងពីរអាចក្លាយជាដៃគូដែលគួរឱ្យជឿទុកចិត្តទៅវិញទៅមក និងជោគជ័យទាំងស្រុង។ លោក ស៊ី បានប្រាប់លោក អាល់បាណេស ថា ចិនសង្ឃឹមថា នឹងអភិវឌ្ឍយ៉ាងពេញលេញនូវសក្តានុពលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-អូស្ត្រាលី និងបើកចំហកិច្ចសហប្រតិបត្តិការក្នុងវិស័យថ្មី រួមទាំងការប្រែប្រួលអាកាសធាតុ និងសេដ្ឋកិច្ចបៃតង។

លោក ស៊ី បន្ថែមថា តាមរយៈការខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ ប្រទេសចិន និងអូស្ត្រាលីបានបន្តការផ្លាស់ប្តូរក្នុងវិស័យផ្សេងៗ ហើយបានត្រឡប់ទៅរកផ្លូវត្រឹមត្រូវនៃការកែលម្អ និងអភិវឌ្ឍទំនាក់ទំនង។

លោក ស៊ី បានបញ្ជាក់ទៀតថា ចិនមានបំណងចង់អភិវឌ្ឍកិច្ចសហប្រតិបត្តិការត្រីភាគី និងពហុភាគីបន្ថែមទៀតជាមួយអូស្ត្រាលី និងថា ទីក្រុងប៉េកាំងក៏ស្វែងរកការគាំទ្រការពង្រឹងភាពធន់នៃការអភិវឌ្ឍន៍ សម្រាប់ប្រជាជាតិប៉ាស៊ីហ្វិកខាងត្បូង, ដោះស្រាយបញ្ហាប្រឈមនានា រួមទាំងការប្រែប្រួលអាកាសធាតុ ព្រមទាំងការការពារសន្តិភាព និងស្ថិរភាពនៃតំបន់អាស៊ីប៉ាស៊ីហ្វិកដោយបើកចំហ និងការអត់ឱន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner