ប្រជាពលរដ្ឋ និងអ្នកជំនាញ បង្ហាញមោទភាពខ្ពស់ចំពោះវត្តមានអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរថ្មី និងទាក់ទាញភ្ញៀវទេសចរណ៍ពីគ្រប់ទិសទី

សៀមរាប៖ អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរថ្មី ស្ថិតក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប លាតសន្ធឹងលើផ្ទៃដីប្រមាណ ៧០០ហិកតា ចម្ងាយប្រមាណ ៤០ គីឡូម៉ែត្រពីឧទ្យានអង្គរ និងប្រមាណ ៥០ គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប ។

អាកាសយានដ្ឋានអន្តរជាតិសៀរាបអង្គរ (ថ្មី) បានបើកដំណើរការ ទទួលជើងហោះហើរ ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣មក បាននិងកំពុងបង្ហាញពីភាពមមាញឹកនៃការដឹកជញ្ជូនភ្ញៀវជាតិ អន្តរជាតិ គ្រប់ប្រភេទ ទាំងអ្នកទេសចរណ៍ អ្នកចំនួញ និងអ្នកធ្វើដំណើរផ្សេងៗ។

ជាការចាប់អារម្មណ៍ វត្តមានព្រលានយន្តហោះដ៏ស្រស់ស្អាតនេះ សង្កេតឃើញបងប្អូន ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប និងប្រជាពលរដ្ឋខេត្តផ្សេងៗទៀត ក៏ត្រូវបានអនុញ្ញាតឱ្យចូលទៅទស្សនាយ៉ាងច្រើនកុះករ ពិសេសថ្ងៃសម្រាកចុងសប្តាហ៍ ។

ប្រជាពលរដ្ឋដែលបានមកទស្សនាកម្សាន្តនាថ្ងៃសម្រាកចុងសប្តាហ៍នេះ បានបង្ហញពីសេចក្តីសប្បាយរីករាយ និងចំណាប់អារម្មណ៍ខ្ពស់ ជាមួយនិងវត្តមានអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ ដែលនិងអាចអោយយន្តហោះគ្រប់ប្រទេសចុះចតបាន។

ជាមួយនិងសម្មិទ្ធិផលថ្មីនៃព្រលានយន្តហោះអន្តរជាតិសៀមរាប នេះលោក មាន សុធី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ(USEA) បានគូសបញ្ជាក់ថា ខេត្តសៀមរាប គឺជាខេត្តដែលនិងទាក់ទាញភ្ញៀវទេសចរណ៍ជាតិអន្តរជាតិ មកពីគ្រប់ទឹសទី ។ ត្រង់ចំណុចនេះដែរលោកបាន បន្ថែមដែរថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញកំណើនភ្ញៀវទេសចរណ៍ក្នុងប្រទេសក៏ដូចជានៅក្នុងខេត្តសៀមរាបនេះតែម្តង ប្រជាពលរដ្ឋគ្រប់រូប សិស្សនិស្សិត គឺត្រូវត្រៀមខ្លួនឱ្យបានរួចរាល់ទាំងចំណេះ និងជំនាញ ធ្វើយ៉ាងមេចដើម្បីបំរើក៏ដូចជាឆ្លើយតបជាមួយនិងតំរូវការ។

ជាមួយគ្នានេះដែរ លោក រិន ណារ៉ាន មគ្គទេសក៍ទេសចរណ៍ ខេត្តសៀមរាប បានលើកឡើងថា ជាមួយនិងព្រលានយន្តហោះថ្មីនេះ គឺត្រូវតែមានការចូលរួមគាំទ្រពី អ្នកប្រតិបត្តិករនៅក្នុងវិស័យទេសចរណ៍ រាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋផងដែរ ដើម្បីជំរុញឱ្យដំណើរការវិស័យទេសចរណ៍នេះមានការកើនឡើង។

ក្នុងពេលចុះពិនិត្យការងារបញ្ចប់នៃគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដម តឹករ៉េត សំរេច រដ្ឋលេខាធិការប្រចាំការ ក្រសួងរៀបចំ ដែន ដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការ តម្រង់ទិស សម្រាប់ ការសាងសង់ អាកាសយាន ដ្ឋាន អន្តរជាតិ សៀមរាប-អង្គរ បានលើកឡើងថា ការងាររបស់គណៈកម្មការនៅពេលនេះ គឺបានចប់សព្វគ្រប់ ។

ឯកឧត្តម គូសបញ្ជាក់ថា «ថ្ងៃនេះ គឺជាការពិនិត្យបញ្ចប់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្ករ មុនការសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា»។

ឯកឧត្តម បានបន្តថា ទោះបីជាជួបវិបត្តិសេដ្ឋកិច្ច ដោយសារជំងឺកូវីដ-១៩ និងផលវិបាកជាច្រើនក្នុងដំណើរការសាងសង់ក៏ដោយ ក្រុមការងារទាំងអស់បានពុះពារ ដោះស្រាយជាមួយគ្នា រហូតទទួលបានជោគជ័យ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងមានលទ្ធផលដូចថ្ងៃនេះ ហើយទៅអនាគត យើងមិនត្រឹមតែ មាន អាកាសយានដ្ឋានខ្នាតអន្តរជាតិនោះទេ យើងនឹងមានទីក្រុងរណបទំនើបនៅតំបន់ជុំវិញអាកាសយានដ្ឋាន ដែលនឹងក្លាយទៅជាតំបន់ទ្រទ្រង់សេដ្ឋកិច្ចដ៏សំខាន់ ទាំងក្នុងតំបន់ និងសេដ្ឋកិច្ចកម្ពុជាទាំងមូល ដែលនេះ គឺជាមោទកភាពដែលបានកើតចេញពីការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner