សកម្មជនប្រមូលផ្តុំគ្នានៅមុខរូបសំណាកសេរីភាពរបស់សហរដ្ឋអាមេរិក ដើម្បីអំពាវនាវឱ្យមានបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស

វ៉ាស៊ីនតោន៖ សកម្មជនរាប់រយនាក់ស្លៀកពាក់ឈុតខ្មៅ នៅរសៀលថ្ងៃចន្ទសប្តាហ៍នេះ បានប្រមូលផ្តុំគ្នាតវ៉ានៅមុខរូបសំណាកសេរីភាពក្នុងទីក្រុងញូវយ៉ក ដើម្បីអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។

ការប្រមូលផ្តុំគ្នាមួយធ្វើឡើងនៅម៉ោងប្រហែល ១រសៀលថ្ងៃចន្ទសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ហើយប្រហែល ២០នាទីក្រោយមក ក្រុមបាតុករបានចាកចេញពីមុខរូបសំណាកសេរីភាព ដែលស្ថិតនៅលើកោះឡាយបឺរធី ក្នុងទីក្រុងញូវយ៉ក តាមរយៈសាឡាងមួយគ្រឿង។ ក្នុងអំឡុងការប្រមូលផ្តុំគ្នាខាងលើនេះ ក្រុមបាតុករបានកាន់ខិត្តប័ណ្ណអំពាវនាវឱ្យមានការដោះលែងចំណាប់ខ្មាំង និងអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។

គួរបញ្ជាក់ថា ជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលបានផ្ទុះឡើងនៅថ្ងៃទី០៧ ខែតុលា ធ្វើឱ្យចំនួនអ្នកស្លាប់សរុបរបស់ប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា កើនឡើងលើសពី ១០,០០០នាក់ហើយ នេះបើតាមការបញ្ជាក់ពីក្រសួងសុខាភិបាលប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា។ ចំណែកនៅខាងអ៊ីស្រាអែលវិញ មនុស្សជាង ១,៤០០នាក់បានស្លាប់ នៅក្នុងការវាយប្រហាររបស់ពួកហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ដែលបង្កឱ្យមានជម្លោះដែលកំពុងបន្ត៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner