កូរ៉េខាងត្បូងនឹងហាមឃាត់ការបរិភោគសាច់សុនខ
សេអ៊ូល៖ ប្រធានគោលនយោបាយគណបក្សកាន់អំណាចបានឱ្យដឹងថា ប្រទេសកូរ៉េខាងត្បូងមានបំណងហាមឃាត់ការបរិភោគសាច់សុនខ(ឆ្កែ)និងបញ្ចប់ភាពចម្រូងចម្រាសលើទំនៀមទម្លាប់បរិភោគបុរាណមួយនេះ ចំពេលដែលការយល់ដឹងអំពីសិទ្ធិសត្វមានមានការកើនឡើង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃសៅរ៍។
លោក Yu Eui-dong ប្រធានគោលនយោបាយនៃគណបក្សអំណាចប្រជាជនដែលកំពុងកាន់អំណាចនិងជាសកម្មជនសិទ្ធិសត្វបាននិយាយក្នុងកិច្ចប្រជុំជាមួយមន្ត្រីរដ្ឋាភិបាលកាលពីថ្ងៃសុក្រទី១៧ ខែវិច្ឆិកា ថា៖ «វាដល់ពេលហើយដើម្បីបញ្ចប់ជម្លោះសង្គម និងភាពចម្រូងចម្រាសជុំវិញការទទួលទានសាច់ឆ្កែ តាមរយៈការអនុម័តទង្វើពិសេសមួយដើម្បីបញ្ចប់វា»។
លោក Yu បាននិយាយថា រដ្ឋាភិបាល និងគណបក្សកាន់អំណាច នឹងដាក់ចេញនូវសេចក្តីព្រាងច្បាប់នៅឆ្នាំនេះ ដើម្បីអនុវត្តការហាមប្រាម ដោយបន្ថែមថា ច្បាប់នេះគួរតែឆ្លងកាត់សភា ដោយរំពឹងថានឹងមានការគាំទ្រទ្វេភាគី។
រដ្ឋមន្ត្រីក្រសួងកសិកម្មកូរ៉េខាងត្បូង លោក Chung Hwang-keun បានប្រាប់កិច្ចប្រជុំថា រដ្ឋាភិបាលនឹងអនុវត្តការហាមឃាត់ឱ្យបានឆាប់រហ័ស និងផ្តល់ការគាំទ្រខ្ពស់សម្រាប់អ្នកក្នុងឧស្សាហកម្មលក់សាច់ឆ្កែឱ្យបិទអាជីវកម្មរបស់ពួកគេ។
គួរបញ្ជាក់ដែរថា ច្បាប់ស្ដីពីការប្រឆាំងការបរិភោគសាច់ឆ្កែមិនអាចអនុម័តទៅបាន ដោយមានការប្រឆាំងតវ៉ាពីសំណាក់អ្នកពាក់ព័ន្ធក្នុងឧស្សាហកម្ម និងការព្រួយបារម្ភអំពីជីវភាពរបស់កសិករ និងម្ចាស់ភោជនីយដ្ឋានលក់សាច់សុនខផ្សេងៗ។
យ៉ាងណាមិញសេចក្ដីព្រាងច្បាប់ថ្មីនឹងរួមបញ្ចូលរយៈពេលអនុគ្រោះរយៈពេលបីឆ្នាំ និងការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់អ្នកលក់សាច់ឆ្កែឱ្យប្ដូរអាជីវកម្មរបស់ខ្លួន។
គួរបញ្ជាក់ថា ទម្លាប់បរិភោគសត្វឆ្កែរបស់ប្រជាជនកូរ៉េ កន្លងមកបានទាញការរិះគន់ពីបរទេសចំពោះអំពើឃោរឃៅសម្លាប់សត្វសុនខ ខណៈការប្រឆាំងក្នុងស្រុក ជាពិសេសពីក្មេងៗជំនាន់ក្រោយក៏កើនឡើងកាន់តែខ្លាំង។ ទម្លាប់ចាស់គម្រិលនេះ ត្រូវបានប្រជាជនកូរ៉េជឿថា ជាវិធីមួយដើម្បីយកឈ្នះកំដៅនារដូវក្តៅ ប៉ុន្តែបច្ចុប្បន្នមិនសូវសម្បូរដូចមុននោះទេ៕
ប្រែសម្រួល៖ហួន ឌីណា
ប្រភព៖ South Korea to ban eating dogs
https://www.reuters.com/world/asia-pacific/south-korea-ban-eating-dogs-2023-11-17/