សម្តេចធិបតីហ៊ុន ម៉ាណែត៖  យើងត្រូវដាក់គោលដៅឱ្យ ខ្ពស់ ហើយត្រូវ សម្រេច ឱ្យបាន ដើម្បីហុចផលទៅដល់ពលរដ្ឋរបស់យើង ស្របតាម សូចនាករ ប្រាំ

ភ្នំពេញ៖ រាជរដ្ឋាភិបាលអាណត្តិទី៧នេះ មានគោលដៅធំប្រាំ  ដែល រុញប្រទេសកម្ពុជា កាន់តែអភិវឌ្ឍន៍និងប្រជាពលរដ្ឋកាន់តែមានបាន ។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសំណេះសំណាល ជាមួយបងប្អូនកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសចំនួន ១៣រោងចក្រ ដែលមានមូលដ្ឋានក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិស័យការងារពាក់ព័ន្ធ នឹង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដូច្នេះហើយយើងត្រូវដាក់គោលដៅ ឱ្យខ្ពស់ ហើយត្រូវសម្រេចឱ្យបាន ដើម្បីហុចផលទៅដល់ប្រជាពលរដ្ឋ របស់យើង ស្របតាមសូចនាករទាំងប្រាំគឺ កំណើនសេដ្ឋកិច្ច ការងារ សមធម៌ ប្រសិទ្ធិភាព និងចីរភាព។

សម្តេចធិបតី បានបញ្ជាក់ទៀតថា រដ្ឋាភិបាលអាណត្តិថ្មីនេះ ត្រូវបន្ត ថែរក្សានូវសមិទ្ធផលវិជ្ជមានទាំងអស់ ដែលបានកសាងដោយ លំបាក ក្នុងរយៈពេល ៤០ឆ្នាំនេះ និងត្រូវថែរក្សាឱ្យបាននូវស្ថិរភាព សន្តិភាព កុំឱ្យបាត់បង់ទៅវិញ និងជាពិសេស ត្រូវថែរក្សាឱ្យបាននូវប្រព័ន្ធ សេដ្ឋកិច្ច ទីផ្សារ និងកំណែទម្រង់ ដែលយើងទទួលបានជោគជ័យ កន្លងមកនេះ។

សម្តេចបន្តថា កម្ពុជា បានតស៊ូតាំងពីបាតដៃទទេ ទើបបានធ្វើឱ្យ ប្រទេស មានការ អភិវឌ្ឍបានប៉ុណ្ណេះ តែទោះជាយ៉ាងណា មហិច្ឆតា របស់យើងមិនទាន់បញ្ចប់ត្រឹមនេះទេ និងខិតខំធ្វើដោយឥតឈប់ ឈរបន្ថែមទៀត ដើម្បីផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិ ទាំងមូល។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបន្ថែមថា នៅក្នុងរយៈពេល ២ ឬ ៣ ឆ្នាំខាងមុខ ប្រជាពលរដ្ឋនឹងឃើញពីលទ្ធផលជាក់ស្ដែង ដែលរាជរដ្ឋា ភិបាល អាណត្តិទី៧ បានដាក់ចេញ ៕

ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner