ក្រុមហាម៉ាសអញ្ជើញលោក Elon Musk ទៅកាន់តំបន់ហ្គាហ្សា

បេរូត៖ តំណាងជាន់ខ្ពស់របស់ក្រុមហាម៉ាសនៅក្នុងប្រទេសលីបង់ លោក Osama Hamdan បានអញ្ជើញមហាសេដ្ឋីពាណិជ្ជករ លោក Elon Musk ឱ្យទៅទស្សនកិច្ចនៅតំបន់ហ្គាហ្សា។

នៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងបេរូត តំណាងជាន់ខ្ពស់របស់ក្រុមហាម៉ាសនៅក្នុងប្រទេសលីបង់ លោក Osama Hamdan បានថ្កោលទោសចំពោះការបោកបញ្ឆោត និងការភូតកុហករបស់អ្នកនយោបាយនៅក្នុងរដ្ឋបាលអាមេរិក និងបណ្តាប្រទេសលោកខាងលិចមួយចំនួន។

លោក Hamdan បាននិយាយថា ការបោកបញ្ឆោត និងការភូតកុហក ដែលអនុវត្តដោយអ្នកនយោបាយនៅក្នុងរដ្ឋបាលអាមេរិក និងប្រទេសលោកខាងលិចមួយចំនួន រួមទាំងការប្រកួតប្រជែងជាប្រព័ន្ធដោយប្រព័ន្ធផ្សព្វផ្សាយអាមេរិក និងលោកខាងលិច នឹងធ្វើឱ្យការស្អប់ខ្ពើម និងអស្ថិរភាពនៅក្នុងពិភពលោកកាន់តែរីករាលដាល ហើយអ្នកនយោបាយទាំងនោះ គឺជាអ្នកទទួលខុសត្រូវចំពោះផលវិបាកកើតឡើងពីរឿងនេះ។

លោក Hamdan បន្ថែមថា យើងអញ្ជើញលោក Elon Musk ដែលបានធ្វើទស្សនកិច្ចនៅប្រទេសអ៊ីស្រាអែលកាលពីប៉ុន្មានថ្ងៃមុន ទៅទស្សនាតំបន់កាហ្សាស្ទី្រប ដើម្បីមើលពីទំហំនៃការសម្លាប់រង្គាល និងឧក្រិដ្ឋកម្មប្រឆាំងនឹងប្រជាជនរបស់យើង។ ហើយងាកចេញពីគោលនយោបាយលំអៀង និងស្តង់ដារពីរ ក្នុងការដោះស្រាយបញ្ហាប្រជាពលរដ្ឋរបស់យើង និងសិទ្ធិស្របច្បាប់របស់ពួកគេ។

ការអញ្ជើញរបស់លោក Hamdan នេះ កើតឡើងបន្ទាប់ពីលោក Elon Musk បានធ្វើទស្សនកិច្ចមិនធម្មតាមួយនៅអ៊ីស្រាអែល ដែលបានចាប់ផ្តើមកាលពីព្រឹកថ្ងៃចន្ទសប្តាហ៍នេះ ក្នុងអំឡុងពេលផ្អាកការប្រយុទ្ធគ្នា ៤ថ្ងៃ និងបានផ្សាយបន្តផ្ទាល់ការពិភាក្សារបស់លោកជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ។ នាឱកាសនោះដែរ លោក Musk បានសន្យាបន្តគាំទ្រអ៊ីស្រាអែល នៅក្នុងការសងសឹកក្រុមហាម៉ាស នៅពេលលោកបានលើកឡើងអំពី «អនាគតសម្បូរសប្បាយ» មួយសំរាប់តំបន់ហ្គាហ្សា៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner