និយតករទូរគមនាគមន៍កម្ពុជា ស្នើម្ចាស់បុរីនៅភ្នំពេញ ចាត់វិធានការ រុះរើឧបករណ៍បង្កើនកម្លាំងសេវាឱ្យបានមុនឆ្នាំ២០២៣

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ និយតករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) ចាប់ផ្ដើមពង្រឹងយុទ្ធនាការចុះរុះរើឧបករណ៍បង្កើនកម្លាំង ឬឧបករណ៍ពង្រីកសេវានៅតាមបុរីក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយតម្រូវឱ្យម្ចាស់អភិវឌ្ឍន៍បុរីចាត់វិធានការតាមគ្រប់មធ្យោបាយក្នុងការរុះរើ ដកចេញឧបករណ៍ទាំងនោះ ឱ្យបានមុនថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។

តាមរយៈលិខិតរបស់និយតករទូរគមនាគមន៍កម្ពុជា ដែលបានផ្ញើជូនប្រធានក្រុមការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ នៅតាមបុរីក្នុងរាជធានីភ្នំពេញ ដែលបានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា និងចុះហត្ថលេខាដោយលោក ជា ច័ន្ទដារ៉ា អនុប្រធានក្រុមការងារលើកកម្ពស់គុណភាពសេវាតាមបុរីក្នុងរាជធានីភ្នំពេញ បានឱ្យដឹងថា ប្រតិបត្តិករបង្គោលអង់តែន និងទូរសព្ទចល័ត បានសាងសង់បង្គោលអង់តែននិងដាក់ឱ្យដំណើរការរួចរាល់ហើយគិតត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក ជា ច័ន្ទដារ៉ា បានលើកឡើងតាមរយៈលិខិតនេះថា ដើម្បីចៀសវាងការឆ្លងរំខាន ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កម្រិតគុណភាពសេវាទូរសព្ទចល័ត ន.ទ.ក. សុំស្នើដល់ប្រធានក្រុមការងារ ជូនដំណឹងទៅម្ចាស់អភិវឌ្ឍន៍បុរី ឱ្យផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងបុរីឱ្យរុះរើ ដកចេញ និងបញ្ឈប់ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវានិង/ ឬ ឧបករណ៍ពង្រីកសេវា (Booster/Repeater) ឱ្យអស់ដោយស្ម័គ្រចិត្តចាប់ពីថ្ងៃទី២០ ដល់៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោកបានសង្កត់ធ្ងន់ថា ៖ «ក្នុងករណីការអនុវត្តន៍ដោយស្ម័គ្រចិត្តនេះ ពុំមានប្រសិទ្ធភាព ម្ចាស់អភិវឌ្ឍន៍បុរីត្រូវចាត់វិធានការណ៍តាមគ្រប់ មធ្យោបាយក្នុងការរុះរើ ដកចេញ និងបញ្ឈប់ការប្រើប្រាស់ឧបករណ៍ ទាំងនេះនៅក្នុងបរិវេណបុរីរបស់ខ្លួនឱ្យបានមុនថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣»។ ដោយឡែកបណ្តាប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តនឹងធ្វើការកែសម្រួលទៅលើបណ្តាញរបស់ខ្លួនដើម្បីបញ្ចប់គម្រោងទៅតាមផែនការចាប់ពីថ្ងៃទី១០ ដល់២៥ ខែធ្នូ ឆ្នាំ២០២៣។

ជុំវិញរឿងនេះឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នាពិធីសំណេះសំណាលនេះ ជាមួយនិស្សិតទទួលបានអាហារូបកណ៍សិក្សានៅមជ្ឈមណ្ឌលនវានុវត្តន៍ នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា កាលពីសប្តាហ៍មុន បានលើកឡើងដែរថា វឌ្ឍនភាពការងាររបស់ក្រសួងបានធ្វើកំណែទម្រង់ផ្ទៃក្នុងដើម្បីធ្វើឱ្យប្រព័ន្ធការងារមានភាពងាយស្រួល និងឆាប់រហ័ស និងដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញប្រសិទ្ធភាពការងារ។

ឯកឧត្តមក៏បានថ្លែងឡើងផងដែរពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល ការលើកកម្ពស់គុណភាពសេវាទូរសព្ទចល័ត តាមរយៈ ការសាង សង់ស្ថានីយ៍អង់តែន ការធ្វើឱ្យសេវាទូរគមនាគមន៍កាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការប្រើប្រាស់ ការធ្វើបរិវត្តកម្ម ឌីជីថល ក្នុងក្រសួង-ស្ថាប័ន និងការកសាងពលរដ្ឋឌីជីថល។

ឯកឧត្តម ជា វ៉ាន់ដេត បានបញ្ជាក់ថា ៖ «ក្រសួងមានផែនការសាងសង់ បង្គោលអង់តែននៅរាជធានីភ្នំពេញប្រមាណ១ពាន់បង្គោល និង រាប់ ពាន់បង្គោលទៀតនៅតាមបណ្តារាជធានី-ខេត្ត ដើម្បីគ្រប់ ដណ្តប់ ក្នុង ការផ្តល់សេវាទូរសព្ទ ជូនពលរដ្ឋកាន់តែល្អ ប្រសើរឡើងថែមទៀត»។

សូមជម្រាបថា ដើម្បីចៀសវៀងការឆ្លងរំខាន ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់គុណភាពសេវាទូរសព្ទចល័ត ក្រសួងប្រៃសណីយ៍ បានធ្វើយុទ្ធនាការចុះរុះរើ បញ្ឈប់ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំង និងឧបករណ៍ពង្រីកសេវា ជាបន្តបន្ទាប់នៅតាមបុរីក្នុងរាជធានីភ្នំពេញ។

មុននឹងឈានដល់ការរុះរើ ឧបករណ៍ទាំងនេះ ក.ប.ទ. បានសម្របសម្រួលការងារជាមួយប្រតិបត្តិករទូរគមនាគមន៍ ដោយបានសាងសង់បង្គោលអង់តែនរួមដែលអាចបំពាក់ស្ថានីយ៍ផ្សាយបានច្រើនប្រតិប ត្តិករ សរុបចំនួន ៧០ បង្គោលអង់តែន បន្ថែមលើបង្គោលអង់តែនមានស្រាប់ ដើម្បីផ្តល់សេវាទូរសព្ទចល័ត ជូនដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅតាមបុរីក្នុងរាជធានីភ្នំពេញ។

ជាមួយគ្នានេះ ក្រសួងក៏បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ ឈប់ប្រើប្រាស់ និងដំឡើងឧបករណ៍បង្កើនកម្លាំង ឬពង្រីកសេវានៅនៅតាមផ្ទះ ដែលនាំឱ្យខាតបង់ថវិកា និងត្រូវរុះរើចោលវិញដោយខ្លួនឯង ឬដោយក្រុមការងារ របស់ក្រសួងក្នុងពេលដ៍ខ្លីខាងមុខ៕

ដោយ ៖ សុខ រក្សា
CPA

ads banner