សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីខេត្តស្ទឹងត្រែង គ្រោងនឹងពង្រីកការផលិតឱ្យដល់៦០០០តោន នៅឆ្នាំក្រោយ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ អ្នកស្រី មុត ចរិយា ស្ថាបនិកសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីស្ទឹងត្រែង បានប្រាប់ឱ្យដឹងថា សិប្បកម្មរបស់អ្នកស្រីគ្រោងនឹង ពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនពីជាងមួយតោនក្នុងមួយឆ្នាំ ក្នុងពេលបច្ចុប្បន្ននេះ ឱ្យដល់៦ ០០០តោន ក្នុងមួយឆ្នាំ នាឆ្នាំ២០២៤ខាងមុខនេះ ដើម្បីបំពេញតម្រូវការ។

អ្នកស្រីចរិយា បានថ្លែងប្រាប់បែបនេះ នៅក្នុងពេលដែលលោកស្រីបាននាំអ្នកសារព័ត៌មានទស្សនកិច្ចនៅក្នុងសិប្បកម្មរបស់អ្នកស្រី ដែលមានទីតាំងនៅក្នុងភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងពេលផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានអ្នកស្រីបានលើកឡើងថា បច្ចុប្បន្ន ទីផ្សារគ្រាប់ស្វាយចន្ទីនៅក្រៅប្រទេស ដែលអ្នកស្រីបាននាំចេញទៅរួមមាន អាល្លឺម៉ង់ អង់គ្លេស អាមេរិក ជប៉ុន កូរ៉េ អូស្រ្តាលី បារាំង ជាដើម ។គឺមានការទទួលស្គាល់ពីគុណភាពនិងរសជាតិ ដែលធ្វើឱ្យការបញ្ជាទិញមានការកើនឡើងជាបន្តបន្ទាប់។

អ្នកស្រីបាននិយាយថា៖«ជាការពិតគ្រាប់ស្វាយចន្ទីរបស់យើង ពិតមានទីផ្សារខ្លាំងណាស់ ប៉ុន្តែកម្ពុជាយើងនៅមានការខ្វះខាតបច្ចេកទេសផលិត ខ្វះទុនិនិយោគ។គោលដៅរបស់ពួកយើងនៅក្នុងឆ្នាំ២០២៤និង២០២៥ខាងមុខនេះ យើងនឹងផលិតឱ្យបានឱ្យបាន៦ ០០០តោនក្នុងមួយឆ្នាំ»។

ក្រោយបើកដំណើរការសិប្បកម្ម បានត្រឹមតែជាងពីរឆ្នាំប៉ុណ្ណោះ អ្នកស្រី ចរិយា បានពង្រីកទុនវិនិយោគពីត្រឹមពីរម៉ឺនដុល្លារ ដល់ជាងមួយលានដុល្លារ និងបានធ្វើឱ្យទីផ្សារអន្តរជាតិទទួលស្គាល់គុណភាពស្វាយចន្ទីរបស់កម្ពុជា និងបង្កើនការនាំចេញជាបន្តបន្ទាប់។ អ្នកស្រីបាននិយាយថា កត្តាដែលជំរុញនេះ គឺដោយសារការផ្សព្វផ្សាយតាមរយៈការចូលរួមពិព័រណ៌នានា នៅក្រៅប្រទេស និងសន្និសីទស្វាយចន្ទីពិភពនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម កាលពីដើមឆ្នាំនេះ។

អ្នកស្រីបានបន្ថែមថានៅខែធ្នូនេះ យើងបានាំចេញទៅហុងកុងមួយទៀត ដោយទីផ្សារថ្មីនេះ នឹងក្លាយជាទីផ្សារដ៏ធំជាងគេរបស់យើង ហើយឆ្នាំក្រោយយើងនឹងបន្តនាំចេញទៅចិន ហូឡង់ ខណៈដែលយើងក៏កំពុងសាងសង់ឃ្លាំងសម្រាប់ស្តុកផលិតផលរបស់យើងនៅអាមេរិកផងដែរ ។បន្ទាប់ពីនោះ អាមេរិក នឹងក្លាយជាទីផ្សារធំមួយទៀតសម្រាប់យើង»។

របាយការណ៍ពីសមាគមស្វាយចន្ទីកម្ពុជា បានបញ្ជាក់ថា ខេត្តស្ទឹងត្រែង មានផ្ទៃដីដាំដុះស្វាយចន្ទីក្នុងរង្វង់ជិត៧ម៉ឺនហិកតា ជាខេត្តដែលមានការដុះស្វាយចន្ទីច្រើនលំដាប់ទី៣ បន្ទាប់ខេត្តកំពង់ធំ និងក្រចេះ។ ដោយឡែក នៅក្នុងរយៈពេល១០ ខែឆ្នាំ២០២៣នេះ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបានចំនួន ៦៥១ ០០០ តោនក្នុងនោះនាំចេញទៅវៀតណាម ចំនួន ៦១៥ ០០០ តោន ស្មើទឹកប្រាក់ ៨៣១ លានដុល្លារថយចុះ ១៦,៧ភាគរយ បើធៀបរយៈកាលដូចគ្នាទៅនឹង២០២២។ ចំពោះតម្លៃវិញ ជាមធ្យមគ្រាប់ស្ងួត ១ ៦៥៨ ដុល្លារ ក្នុងមួយតោន៕ ដោយ៖ វណ្ណ សុជាតា

ads banner