ល្ងាចនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតី បិទពិធីបុណ្យសមុទ្រលើកទី១០

(កែប)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី បិទពិធីបុណ្យសមុទ្រលើកទី១០ ក្រោមប្រធានបទ “ទាំងអស់គ្នាដើម្បីទេសចរណ៍” នាល្ងាចថ្ងៃអាទិត្យ ទី៣ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងកែប ខេត្តកែប។

ពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ឆ្នាំ២០២៣ នៅខេត្តកែប ក្រោមប្រធានបទ “ទាំងអស់គ្នា ដើម្បីទេសចរណ៍” មានរយៈពេល០៣ ថ្ងៃ ចាប់ពីថ្ងៃ ទី០១ ដល់ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣។ ដោយឡែកកាលពីល្ងាចថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានអញ្ជើញចុះជួបបងប្អូន ពូមីង តាយាយ ជាតំណាងក្រសួង ស្ថាប័ន និងក្រុមហ៊ុនឯកជន ដែលបានរៀបចំតាំងបង្ហាញសមិទ្ធផល ផលិតផល ឬសេវាកម្មផ្សេងៗរបស់ខ្លួន ក្នុងពិធីបុណ្យសមុទ្រលេីកទី ១០ នៅទីក្រុងកែប ខេត្តកែប ខណៈពិធីបុណ្យសមុទ្រនេះ បាននឹងកំពុងធ្វេីឡេីងចាប់ពីថ្ងៃទី១ ដល់ ៣ ខែធ្នូ ឆ្នាំ២០២៣ នៅតាមបណ្តាទីតាំងសំខាន់ៗនាទីក្រុងកែប ខេត្តកែប។

សូមជម្រាបថា ពិធីបុណ្យសមុទ្រ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យកចុង សប្ដាហ៍ទីមួយ នៃខែធ្នូរៀងរាល់ឆ្នាំ។ រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យរៀបចំធ្វើពិធីបុណ្យនេះឡើងតាមបណ្តាខេត្តទាំងបួននៃតំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា ដោយឈរលើគោលការណ៍ផ្លាស់វេនគ្នាជារៀងរាល់ឆ្នាំ បន្ទាប់ពីឆ្នេរសមុទ្រកម្ពុជា បានចូលជាសមាជិកនៃក្លឹបឆ្នេរសមុទ្រដ៏ស្អាតជាងគេបំផុតនៅលើពិភពលោក នៅឆ្នាំ២០១១។

ពិធីបុណ្យសមុទ្រលើកទី១ ឆ្នាំ២០១១ ឆ្លងចូល ឆ្នាំ២០១២ ប្រារព្ធឡើងនៅខេត្តព្រះសីហនុ, លើកទី ២ ឆ្នាំ២០១៣ ប្រារព្ធឡើងនៅខេត្តកែប, លើកទី ៣ ឆ្នាំ២០១៤ ប្រារព្ធឡើងនៅខេត្តកោះកុង , លើកទី ៤ ឆ្នាំ២០១៥ ប្រារព្ធឡើងនៅខេត្តកំពត , លើកទី ៥ ឆ្នាំ២០១៦ ប្រារព្ធឡើងនៅខេត្តព្រះសីហនុ, លើកទី ៦ ឆ្នាំ២០១៧ ប្រារព្ធឡើងនៅខេត្តកែប , លើកទី ៧ ឆ្នាំ២០១៨ ប្រារព្ធឡើងនៅខេត្តកោះកុង ,លើកទី ៨ ឆ្នាំ២០១៩ ប្រារព្ធឡើងនៅខេត្តកំពត ខណៈឆ្នាំ២០២០ និង ឆ្នាំ២០២១ ពិធីបុណ្យសមុទ្រ បានផ្អាកដោយសារការរីករាលដាលជំងឺកូវីដ-១៩ , ពិធីបុណ្យសមុទ្រលើកទី ៩ ចាប់ផ្តើមធ្វើបន្តឡើងវិញ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ និងពិធីបុណ្យសមុទ្រលើកទី១០ ឆ្នាំ២០២៣ បាននិងកំពុងប្រារព្ធធ្វើឡើង នៅខេត្តកែប ។

គោលបំណងនៃពិធីបុណ្យសមុទ្រ គឺដើម្បីរួមគ្នាអភិរក្សការពារធនធានធម្មជាតិសមុទ្រ និងថែរក្សាបរិស្ថាន ឆ្នេរឲ្យបានស្អាតដើម្បីបម្រើដល់ការអភិវឌ្ឍន៏ទេសចរណ៍ប្រកបដោយចិរភាព និងការទទួលខុសត្រូវ ព្រមទាំងលើក តម្កើងការផ្សព្វផ្សាយគោលដៅទេសចរណ៍តំបន់ឆ្នេរកម្ពុជាឲ្យកាន់តែទូលំទូលាយ ទាក់ទាញទេសចរជាតិ និងអន្តរជាតិមកទស្សនាកាន់តែច្រើន។

សូមបញ្ជាក់ថា នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ក៏មានការរៀបចំកម្មវិធីដាំដើមឈើអនុស្សាវរីយ៍ ចំនួន ១៣០០ដើម នៅ សងខាងផ្លូវប្រមាត់សមុទ្រជាប់ឆ្នេរអង្កោ និងកម្មវិធីសិក្ខាសាលា ស្តីពី “ការជំរុញការអភិវឌ្ឍន៍ទេសចរណ៍ និង ពង្រឹងគុណភាពសេវាកម្មទេសចរណ៍ខេត្តកែប និងពិធីប្រគល់បណ្ណសរសើរ លិខិតសរសើរដល់មូលដ្ឋាន អាជីវកម្ម ទេសចរណ៍គំរូតំបន់ឆ្នេរសមុទ្រកម្ពុជាប្រចាំឆ្នាំ២០២៣ និងជ័យលាភីឆ្នេរស្អាត។ ការរៀបចំតាំង ពិព័រណ៍ក្នុងតំបន់ ទាំងបី សរុបមានចំនួន ៤៥៣ស្តង់ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner