ទេសចរឡើងភ្នំជាង ១០ នាក់ ស្លាប់ក្នុងបំផ្ទុះភ្នំភ្លើងនៅឥណ្ឌូណេស៊ី
ហ្សាការតា៖មន្រ្តីឥណ្ឌូណេស៊ីបានឱ្យដឹងនៅព្រឹកថ្ងៃចន្ទនេះថាអ្នកដើរលេងឡើងភ្នំយ៉ាងហោចណាស់ ១១ នាក់បានស្លាប់ និងប្រមាណ ១២នាក់បន្តបាត់ខ្លួន ក្នុងបំផ្ទុះភ្នំភ្លើងនៅកោះភាគខាងលិចនៃប្រទេស។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
ភ្នំភ្លើង Marapi ដែលស្ថិតនៅលើក្នុងខេត្តស៊ូម៉ាត្រាខាងលិច និងមានកម្ពស់ ២ ៨៩១ ម៉ែត្រ បានផ្ទុះឡើងកាលពីថ្ងៃអាទិត្យ ដោយបានបញ្ចេញផេះភ្នំភ្លើងកម្ពស់ជាង ៣ ០០០ ម៉ែត្រទៅលើអាកាស បង្កឱ្យមានកម្ទេចកម្ទីភ្នំភ្លើងធ្លាក់ទៅតំបន់ក្បែរខាង។
មន្ត្រីមកពីទីភ្នាក់ងារក្នុងស្រុក និងថ្នាក់ជាតិ បាននិយាយថា មានទេសចរឡើងភ្នំប្រមាណ ៧៥ នាក់មុនពេលភ្នំភ្លើងផ្ទុះ ហើយ ៤៩ នាក់ត្រូវបានជម្លៀស ប៉ុន្តែគិតត្រឹមព្រឹកថ្ងៃចន្ទ ក្រុមអ្នករុករក និងជួយសង្រ្គោះ បានរកឃើញអ្នកស្លាប់ ១១ នាក់រួចទៅហើយ។
លោក Abdul Malik ប្រធានទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះក្រុង Padang នៃខេត្តស៊ូម៉ាត្រាខាងលិច បាននិយាយនៅថ្ងៃចន្ទថា ៖ «មានមនុស្ស ២៦ នាក់ដែលមិនត្រូវបានជម្លៀសចេញទាន់ពេល។ យើងបានរកឃើញមនុស្ស ១៤ នាក់ក្នុងចំណោមនោះ ដោយមាន ១១ នាក់ស្លាប់ និង ៣ នាក់ទៀតនៅរស់រានមានជីវិត»។
លោក Abdul Malik និយាយទៀតថា មនុស្ស ១២ នាក់ នៅតែបន្តបាត់ខ្លួន ខណៈអ្នកជម្លៀសចេញមួយចំនួនរងរបួសត្រូវបញ្ជូនទៅមន្ទីរពេទ្យ។ លោកបន្តថា អ្នកនៅរស់ទាំង៣នាក់ ត្រូវបានគេរកឃើញនៅជិតមាត់រណ្ដៅភ្នំភ្លើង ហើយស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ដោយមានរងគ្រោះរលាកផង។
ចំណែកឯលោក Rudy Rinaldi ប្រធានទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយកោះស៊ូម៉ាត្រាភាគខាងលិចវិញ បានប្រាប់ AFP ថា ទេសចរឡើងភ្នំដែលជួយសង្គ្រោះខ្លះ ត្រូវការការព្យាបាលវេជ្ជសាស្រ្ត ព្រោះនៅជិតនឹងកន្លែងភ្នំភ្លើងផ្ទុះ ដោយអ្នកខ្លះរងរបួសដោយសារតែក្តៅខ្លាំង។ លោកថា អ្នកដែលរងរបួសភាគច្រើននៅជិតមាត់រណ្ដៅភ្នំភ្លើង។
គួរបញ្ជាក់ថា ភ្នំភ្លើង Marapi ស្ថិតនៅក្នុងកម្រិតប្រកាសអាសន្នទី ៣ ក្នុងមាត្រដ្ឋាន ៤ កម្រិតរបស់ឥណ្ឌូណេស៊ី ហើយអាជ្ញាធរបានដាក់តំបន់គ្រោះថ្នាក់ ប្រមាណ ៣ គីឡូម៉ែត្រជុំវិញមាត់រណ្ដៅរបស់ភ្នំនេះ។
ប្រជុំកោះឥណ្ឌូណេស៊ី ស្ថិតនៅលើក្រវាត់ភ្នំភ្លើងប៉ាស៊ីហ្វិក ដែលធ្វើឱ្យប្រទេសនេះងាយរងគ្រោះដោយសារបំផ្ទុះភ្នំភ្លើង និងការរញ្ជួយដី។ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ មានភ្នំភ្លើងសកម្មជិត ១៣០៕
ប្រែសម្រួល៖ហួន ឌីណា ប្រភព៖ 11 hikers dead after Indonesia volcano erupts, survivors found