លោក ខេស៊ី បាណេត៖ ជោគជ័យ នៅស៊ីហ្គេម ២០២៣ ទើបធ្វើឲ្យកម្ពុជា ត្រូវបានអាស៊ីអាគ្នេយ៍គាំទ្រឲ្យធ្វើម្ចាស់ផ្ទះជើងឯកចំបាប់អាស៊ីអាស៊ីគ្នេយ៍ម្តងទៀត

ភ្នំពេញ៖ កម្ពុជាត្រូវបានប្រទេសក្នុងតំបន់អាស៊ាន គាំទ្រឲ្យធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាចំបាប់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ជាថ្មីម្តងទៀត ក្រោយកម្ពុជាទទួលបានជោគជ័យគួរជាទីមោទនពីព្រឹត្តកីឡាណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ នេះជាការបញ្ជាក់របស់លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជាប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍ ក្នុងបទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មាន នៅវិទ្យាស្ថាន CamEd Business School កាលពីម្សិលមិញ។

លោក ខេស៊ី បាណេត បានបន្ថែមថា មូលហេតុចម្បង ដែលបណ្តាប្រទេសនានា ក្នុងតំបន់អាស៊ីអាគ្នេយ៍ផ្តល់ការគាំទ្រដល់កម្ពុជា ដោយសារកម្ពុជារៀបចំបានល្អ ទាំងស៊ីហ្គេម ឆ្នាំ២០២៣ និងជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២២កន្លងទៅ ជាពិសេសមានហេដ្ឋារចនាសម័ន្ធល្អ បដិសណ្ឋារកិច្ចល្អ មន្ត្រីអាជ្ញាកណ្តាល ចៅក្រមអន្តរជាតិកាត់សេចក្តីប្រកបដោយយុត្តិធម៌ ក្នុងការរៀបចំធ្វើម្ចាស់ផ្ទះ។

អនុប្រធានសហព័ន្ធចំបាប់រូបនេះ បានសង្កត់ធ្ងន់ថា ៖ ការប្រកួតកីឡាចំបាប់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នេះ គឺជាការប្រកួតធំជាងគេ ដោយមានអត្តពលិក រហូតដល់២៧៦នាក់ ដែលមកពីប្រទេសអាស៊ីអាគ្នេយ៍ចូលរួម មានវៀតណាម ឡាវ ថៃ សិង្ហបូរី ហ្វីលីពីន ឥណ្ឌូនេស៊ី និងកម្ពុជាជាម្ចាស់ផ្ទះ «ដើម្បីបង្កើនគុណភាព និងសិទ្ធផលអាជ្ញាកណ្តាលកម្ពុជា និងកីឡាករ កីឡាការិនី។

ជាមួយគ្នានេះ ការប្រកួតនេះក៏មានការចូលរួមពីតំណាងសហព័ន្ធកីឡាចំបាប់អន្តរជាតិ តំណាងអាជ្ញាកណ្តាលអូឡាំពិកអន្តរជាតិ ដើម្បីគ្រប់គ្រងលើការប្រកួតនេះ និងមន្រ្តីអាជ្ញាកណ្តាលកម្ពុជា៦រូប ជាមន្រ្តីអាជ្ញា កណ្តាលអន្តរជាតិផងដែរ។ «ក្រៅពីនេះ គឺភាគីទាំងអស់ទុកចិត្តលើកម្ពុជាយើង ដូច្នេះរាល់ការរៀបចំនូវប្រព័ន្ធបច្ចេកទេស ប្រព័ន្ធដាក់ពិន្ទុ គឺការបន្ទុករៀបចំរបស់ម្ចាស់ផ្ទះកម្ពុជា ដែលយើងមានអ្នកជំនាញបច្ចេកទេសគ្រប់គ្រាន់»។

អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជាប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍ បានចាត់ទុកការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ គឺមានសារសំខាន់ខ្លាំង ដើម្បីវាស់ស្ទង់បច្ចេកទេសក្រុមជម្រើសជាតិ និងក្រុមយុវជនវ័យក្មេងកម្ពុជាបានត្រៀមខ្លួន ទៅប្រជែងមេដាយក្នុងព្រឹត្តិការណ៍ធំៗចំនួន២ចំពោះមុខ គឺស៊ីហ្គេម លើកទី៣៣ នៅថៃ នាឆ្នាំ២០២៥ និងត្រៀមខ្លួនទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០២៩ ខាងមុខ។

សូមរម្លឹកថា ការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ គឺកម្ពុជាដណ្ដើមបានមេដាយសរុបចំនួន ១៩ គ្រឿង។

គួរបញ្ជាក់ថា ការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នឹងចាប់ផ្ដើមពីថ្ងៃទី៦ ដល់ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០២៣ ការប្រកួតបែងចែកកម្រិតក្រោមអាយុ១៧ឆ្នាំ ក្រោម ២០ ឆ្នាំ និងកម្រិតលើស២០ឆ្នាំ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner