ទុយនីស៊ីស្ទាក់ចាប់ជនចំណាកស្រុកតាមច្រកសមុទ្របានជិត ៧ម៉ឺននាក់ក្នុងឆ្នាំ ២០២៣
ទុយនីស៖ ឆ្មាំជាតិទុយនីស៊ីបានរាយការណ៍នៅថ្ងៃសៅរ៍សប្តាហ៍នេះថា ពួកគេស្ទាក់ចាប់ជនចំណាកស្រុកបានជិត ៧០,០០០នាក់ ដែលព្យាយាមឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេពីទុយនីស៊ីទៅកាន់ប្រទេសអ៊ីតាលីក្នុងឆ្នាំ២០២៣នេះ កើនឡើងច្រើនជាងទ្វេដង បើធៀបនឹងតួលេខឆ្នាំ២០២២។
ប្រទេសទុយនីស៊ី និងលីប៊ី គឺជាចំណុចចេញដំណើរដ៏សំខាន់របស់ជនចំណាកស្រុករាប់ពាន់នាក់ ដែលសង្ឃឹមថា នឹងធ្វើដំណើរទៅដល់ទឹកដីអឺរ៉ុប។ ជាក់ស្តែង អាជ្ញាធរទុយនីស៊ីបានស្ទាក់ចាប់ជនចំណាកស្រុកជិត ៦៩,៩៦៣នាក់ ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៣ ពោលគឺកើនឡើងច្រើនជាងទ្វេដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ចំនួន ៣១,២៩៧នាក់ នេះបើយោងតាមទិន្នន័យពីឆ្មាំជាតិទុយនីស៊ី។ ក្នុងនោះជនបរទេសមានចំនួន ៧៨ភាគរយ ហើយ២២ភាគរយទៀតជាជនជាតិទុយនីស៊ី។
តួលេខនេះបានផ្លាស់ប្តូរយ៉ាងខ្លាំងកាលពីឆ្នាំ២០២២ នៅពេលដែលចំនួន ៥៩ភាគរយគឺជាជនចំណាកស្រុកបរទេស។ ការស្ទាក់ចាប់ជនចំណាកស្រុកត្រូវបានពន្លឿននៅក្នុងខែកុម្ភៈ បន្ទាប់ពីប្រធានាធិបតីទុយនីស៊ី លោក Kais Saied បានខឹងសម្បារជាខ្លាំងចំពោះការមកដល់នៃក្រុមជនភៀសខ្លួនខុសច្បាប់ជាច្រើន មកពីអនុតំបន់សាហារ៉ាអាហ្រ្វិក ដែលលោកបានអះអាងថា ជាផ្នែកមួយនៃ “ផែនការឧក្រិដ្ឋកម្ម” ដែលមានបំណង “ផ្លាស់ប្តូរសមាសភាពប្រជាសាស្រ្ត” របស់ប្រទេស។
សុន្ទរកថានេះ បានបង្កឱ្យមានយុទ្ធនាការប្រឆាំងជនចំណាកស្រុកដោយហិង្សា ដែលជំរុញឱ្យប្រទេសអាហ្វ្រិកមួយចំនួន ជាពិសេសកូតឌីវ័រ និងហ្គីណេ ធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋរបស់ពួកគេរាប់ពាន់នាក់ ខណៈដែលជនចំណាកស្រុកជាច្រើនព្យាយាមភៀសខ្លួនតាមទូក ដែលនាំឱ្យមានជនភៀសខ្លួនជាច្រើនបានស្លាប់ដោយសារលិចទូក៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
