សួនមេអំបៅនៅតំបន់ឧទ្យានជាតិកែប នៅតែបើកទ្វារទទួលទេសចរ ចូលទស្សនាដោយឥតគិតថ្លៃ
កែប៖ ពេលនិយាយដល់រមណីយដ្ឋានទេសចរណ៍នានានៃខេត្តកែប គេពិតជានឹកដល់សួនមេអំបៅនៅក្នុងតំបន់ឧទ្យានជាតិកែប ។
ទីនោះគឺជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយរបស់ខេត្តឆ្នេរសមុទ្រមួយនេះ។ភាពទាក់ទាញពីព្រោះតែនៅទីនោះ មានធម្មជាតិ ស្រស់ ត្រកាល និងលាយចម្រុះជាច្រើនប្រភេទគ្នាជាមួយការកែច្នៃដើម្បី បង្កើន ភាពទាក់ទាញ។ពិសេសគឺមានសួនចិញ្ចឹមសត្វមេអំបៅ ហិចហើរទៅ មក គួរជាទីគយគន់ និងចង់ថតផ្តិតយកទិដ្ឋភាពទាំងនេះទុកជាអនុស្សាវរីយ៍ ឬបង្ហោះកម្សាន្តតាមបណ្ដាញសង្គមផងដែរ។
លើសនេះសួនមេអំបៅ ក៏មានរៀបចំជាខ្យូស និងទោងសម្រាប់ ភ្ញៀវជាតិ អន្តរជាតិ អង្គុយលម្ហែ ។សំខាន់បំផុត ការចូលទស្សនា សួនសត្វមេអំបៅនេះឥតគិតថ្លៃឡើយ។
អ្នកមើលការខុសត្រូវសួនមេអំបៅ អ្នកស្រី ពេជ្រ ស៊ីនួន បានប្រាប់ ឱ្យ ដឹងថា សួនមេអំបៅមានទីតាំង នៅជាប់ជ្រលងភ្នំ នៃឧទ្យាន ជាតិកែប ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ។សួននេះបានចាប់ផ្តើមដំណើរការនៅឆ្នាំ២០១៣។ ដំបូងឡើយសួនមេ អំបៅ មានចិញ្ចឹមសត្វមេអំបៅប្រមាណ១៩ ប្រភេទ ប៉ុន្តែបច្ចុប្បន្ននៅ សល់តែ៦ ឬ៧ប្រភេទប៉ុណ្ណោះ។
អ្នកស្រីបានបញ្ជាក់ថា សួនមេអំបៅជាគោលដៅទេសចរណ៍ ដ៏ទាក់ ទាញមួយ កាលពីមុនទាំងភ្ញៀវជាតិ និងអន្តរជាតិ តែចូលមក ទស្សនា ហូរហែមិនដាច់ទេ ដោយសារការចូលទស្សនា មិនបានតម្រូវឱ្យបង់ថ្លៃ ឬទិញសំបុត្រឡើយ ។ ប៉ុន្តែក្រោយ ពេលផ្ទុះជំងឺ កូវីដ១៩ រហូតមកដល់ ដល់បច្ចុប្បន្ន សួនមេអំបៅហាក់នៅស្ងប់ស្ងាត់មិនសូវ មានភ្ញៀវមក ទស្សនា ឡើយ។
អ្នកមើលការខុសត្រូវរូបនោះ បានបញ្ជាក់ដែរថា សួនមេអំបៅ មិន ទាន់មានគម្រោងបិទនៅឡើយទេ គឺនៅតែបើកទ្វារទទួលទេសចរ ឱ្យចូលទស្សនាដោយឥតគិតថ្លៃដដែល ម្យ៉ាងកន្លែងនេះ មិនបានស្វែង រកប្រាក់ចំណូលពីភ្ញៀវទេចរឡើយ ហើយប្រាក់ខែបុគ្គលិក ថៅកែជាអ្នក ទទួលខុសត្រូវ។
ទាក់ទងនឹងសួនមេអំបៅនេះដែរ លោក សោម ចិន្តា ប្រធានមន្ទីរ ទេសចរណ៍ខេត្តកែបបានបញ្ជាក់ថា សួនមេអំបៅជាគោលដៅ ទេសចរណ៍ដ៏ទាក់ទាញមួយក្នុងចំណោមគោលដៅទេសចរណ៍ និង រមណីយដ្ឋានចំនួន ៤២កន្លែងរបស់ខេត្តកែប ។មន្ទីរតែង តែគាំទ្រ និងជួយសម្រួលរាល់ការងារផ្សេងៗ។
លោកបន្តថា ជំនួសមុខឱ្យរដ្ឋបាលខេត្ត និងមន្ទីរជំនាញសូមថ្លែង អំណរគុណដល់ ម្ចាស់សួនមេអំបៅដែលបានអនុញ្ញាត ឱ្យ ភ្ញៀវ ទេសចរ ចូលទៅកម្សាន្តដោយឥតគិតថ្លៃ ហើយសូមបន្តរក្សាភាពល្អប្រសើរ នេះតទៅទៀត ៕
ដោយ ៖ សិលា សារិន