លោកជំទាវ ពោធិតី សាវត្ថី៖ ក្រោយពីបញ្ចប់សង្គ្រាមស៊ីវិល២៥ឆ្នាំ កម្ពុជាមានស្ថិរភាពនយោបាយ មានសន្តិភាព និងការអភិវឌ្ឍប្រកបដោយសក្តានុពលលើគ្រប់វិស័យ
ភ្នំពេញ៖ ការបញ្ចប់សង្គ្រាមស៊ីវិលរយៈពេល២៥ឆ្នាំកន្លងមក តាមការមើលឃើញរបស់គណបក្សធម្មាធិបតេយ្យ គឺការបង្រួបបង្រួមជាតិដោយប្រមូលនិន្នាការនយោបាយទាំងអស់រួបរួមគ្នា មានការអភិវឌ្ឍន៍គ្រប់វិស័យ ពោលគឺក្រោយពីបញ្ចប់សង្គ្រាមស៊ីវិល២៥ឆ្នាំមក នៃព្រះរាជាណាចក្រកម្ពុជា មានស្ថិរភាពនយោបាយ មានសន្តិភាព និងការអភិវឌ្ឍ ប្រកបដោយសក្តានុពលលើគ្រប់វិស័យស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ នេះបើតាមការបញ្ជាក់របស់លោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ ថ្លែងប្រាប់ AMS នៅថ្ងទី២១ ខែធ្នូ ឆ្នាំ២០២៣។

លោកជំទាវ ពោធិតី សាវត្ថី បានមានប្រសាសន៍ថា តាមការមើលឃើញរបស់គណបក្សធម្មាធិបតេយ្យ ក្រោយពេលបញ្ចប់សង្គ្រាមស៊ីវិលរយៈពេល២៥ឆ្នាំ គឺមានចំណុចចំនួន ៩ ដែលមានការរីកចម្រើន មានដូចជា៖
១)បង្រួបបង្រួមជាតិដោយប្រមូលនិន្នាការនយោបាយទាំងអស់រួបរួមគ្នា ជាពិសេសកងទ័ពមានតែមួយ គឺកងទ័ពខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា
២)អភិវឌ្ឍន៍គ្រប់វិស័យ ជាពិសេសប្រព័ន្ធអប់រំវិញ មានសាលារៀនចាប់ពីបឋមសិក្សារហូតដល់សាកលវិទ្យាល័យ ងាយស្រួលដល់កូនខ្មែរអាចរៀនសូត្របានមិន ចាំបាច់ទៅឆ្ងាយដូចពីមុន មិនតែប៉ុណ្ណោះរាជរដ្ឋាភិបាលខំប្រឹងផ្តល់អាហារូបករណ៍ ដល់និសិ្សតក្រីក្រ និងជាប់និទ្ទេស A ជាច្រើននាក់ទៀតផង។
៣)ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដូចជា៖ ផ្លូវថ្នាល់ ធារាសាស្ត្រ អគ្គិសនី អាគារ ថ្មីៗ មានគ្រប់កន្លែងទាំងអស់ សម្រាប់ប្រជារាស្ត្រប្រើប្រាស់
៤)ពង្រឹងថែរក្សា វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ សាសនា និងកីឡា ដើម្បីលើកស្ទួយសញ្ញាណជាតិខ្មែរនៅលើសកលលោក
៥)ក.សង្គមកិច្ចការងារមនុស្សចាស់ និងមនុស្សដែលមិនអាចធ្វើការងារបាន ទទួលបានប័ណ្ណសមធម៌ និងប័ណ្ណ ប.ស.ស សម្រាប់គាំពារសុខភាពប្រជារាស្ត្រ និងខ.វិស័យការងាររាជរដ្ឋាភិបាលបានទំនាក់ទំនងជាមួយវិនិយោគិន ដើម្បីឱ្យមានរោងចក្រក្នុងស្រុកសម្រាប់កម្មករមានការងារធ្វើ ទោះបីជាប្រទេសយើងមិន ការងារធ្វើគ្រប់គ្រាន់ក៏ដោយ រាជរដ្ឋាភិបាលខិតខំប្រឹងប្រែងទំនាក់ទំនងជាមួយបរទេស ដើម្បីឱ្យពួកគេទទួលយកកម្មករខ្មែរបានទៅធ្វើការងារនៅក្រៅប្រទេស ដូចជា៖ ថៃ ជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ ។ល។
៦)កសិ-ឧស្សាហកម្ម រាជរដ្ឋាភិបាលអាណត្តិទី៧ បានខំប្រឹងប្រែងអូសទាញ វិនិយោគិនបរទេសមកបង្កើតរោងចក្រសម្រាប់វិស័យកសិកម្មក្នុងប្រទេសយើងបន្ថែមទៀត
៧)មានសន្តិសុខសណ្តាប់ធ្នាប់សង្គមបានល្អ ប្រជារាស្ត្ររស់នៅក្នុងប្រទេសខ្មែរ មិនមានការភ័យខ្លាច
៨)កត្តាសំខាន់ គឺនាពេលបច្ចុប្បន្ន ប្រជារាស្ត្រខ្មែរឆ្លងផុតបន្ទាត់ក្រីក
៩)រាជរដ្ឋាភិបាលរក្សាបានលំនឹងនៃសេដ្ឋកិច្ចនៅក្នុងប្រទេស។
ប្រធានគណបក្សធម្មាធិបតេយ្យ បានបន្តថា សរុបសេចក្តី ក្រោយពីបញ្ចប់សង្គ្រាមស៊ីវិល ២៥ឆ្នាំមក ប្រទេសកម្ពុជាមានស្ថិរភាពនយោបាយ មានសន្តិភាព និងការអភិវឌ្ឍ ប្រកបដោយសក្តានុពលលើគ្រប់វិស័យស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ ទន្ទឹមនឹងនេះ ក៏មានចំណុចអវិជ្ជមានខ្លះដែលត្រូវកំពុងតែកែតម្រូវ ដោយរាជរដ្ឋាភិបាលអាណត្តិទី៧នេះផងដែរ៕
ដោយ៖ពលជ័យ