សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ តម្លៃប្រមាណជា២៤៣លានដុល្លារ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធី “បើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ប្រវែង៣៥០ម៉ែត្រនិងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែចំនួន០២គ្រឿងក្រោមឥណទានសម្បទាននិងជំនួយឥតសំណង ពីរដ្ឋាភិបាលជប៉ុន” នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ពិធីនៅថ្ងៃនេះ គឺកម្មវិធីពីរ ទី១.“បើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី និងទី២.សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែចំនួន០២គ្រឿង ដែលនឹងជួបពេញមុខងារកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីពង្រីកសមត្ថភាព និងធ្វើទំនើបកម្មកំពង់ផែសដំដៅឆ្លើយតបទៅនឹងទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃចំនួនកុងទីណ័រឆ្លងកាន់នាពេលបច្ចុប្បន្ន និងសម្រាប់ពេលអនាគត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណឬគុណទៅដល់រាជរដ្ឋាភិបាលជប៉ុន ក៏ដូចជាប្រជាជនជប៉ុន ដែលបានផ្តល់គ្រឿងចក្រលើកដាក់ចល័តនៅគែមផែចំនួន០២គ្រឿង តម្លៃជិត ១៤លានដុល្លារ តាមរយៈឥណទានសម្បទាននិងជំនួយឥតសំណង ក៏ដូចជាផ្តល់ឥណទានប្រមាណជា២៤៣លានដុល្លារ ដើម្បីសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ដែលបានបើកការដ្ឋានសាងសង់នៅថ្ងៃនេះ ដោយប្រើពេល៣៦ខែ ដើម្បីសាងសង់ និងអាចបញ្ចប់នៅឆ្នាំ២០២៦។
សម្តេចតេជោ ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្លាយទៅជាកំពង់ផែដែលមានសក្តានុពលមិនមែននៅក្នុងប្រទេសទេ គឺនៅក្នុងតំបន់ ដែលនេះហើយជាគោលដៅដែលរាជរដ្ឋាភិបាលអាណត្តិមុនដែលសម្តេចតេជោ អតីតនាយករដ្ឋបានដាក់ទិសដៅប្រែក្លាយកំពង់ផែនេះច្រើនអាណត្តិមកហើយ បានប្រែក្លាយបានឈានទៅដល់ដំណាក់កាលថ្មី ហើយទៅថ្ងៃមុខធ្វើកិច្ចការងារបន្ថែមទៀតដើម្បីប្រែក្លាយផែនេះ មិនត្រឹមតែជាផែឆ្លងកាត់កុងទីណឺនោះទេ ដែលជាការខិតខំប្រឹងប្រែងរបស់យើង ដើម្បីឱ្យសក្តានុពលនៅកន្លែងនេះ ក្លាយទៅជាសក្តានុពលដែលបម្រើទៅដល់វិស័យពាណិជ្ជកម្មតំបន់ និងអន្តរជាតិ ដើម្បីភ្ជាប់កម្ពុជាជាមួយតំបន់និងអន្តរជាតិ ដើម្បីជាដង្ហើមសេដ្ឋកិច្ចកម្ពុជា ដោយមិនចាំបាច់នៅការពឹងផ្អែក។
សូមជម្រាបថា គម្រោងចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ ប្រវែង៣៥០ម៉ែត្រនេះ នឹងបង្កើនសមត្ថភាពផែដល់ ៤៥០០០០ TEUs/ឆ្នាំ និងនាំឱ្យសមត្ថភាពផែសរុបកើនដល់ ១២៥០០០០ TEUs/ឆ្នាំ ដោយអនុញ្ញាតឱ្យនាវាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ប្រមាណ៩៣ភាគរយ ចូលចតបាន ដើម្បីបង្កើនការប្រកួតប្រជែង។ កម្ពុជា គ្រោងនឹងបន្តការពង្រីកនៃគម្រោងផែកុងតឺន័រថ្មី-ជំហានទី២ (ឆ្នាំ២០២៥-២០២៨) និងជំហានទី៣ (ឆ្នាំ២០២៦-២០២៩) ការណ៍នេះ នឹងក្លាយជាកាតាលីករថ្មីបន្ថែម ដើម្បីឱ្យកម្ពុជាសម្រេចបាននូវគោលដៅ កម្ពុជាឆ្នាំ២០៣០ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឈានទៅក្លាយជាប្រទេសដែលមានចំណូលខ្ពស់ ក្នុងឆ្នាំ២០៥០៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត












