សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិនិយោគិននឹងមកបណ្ដាក់ទុន នៅពេលផែមួយដើរ តម្លៃការដឹកជញ្ជូនកាន់តែថោក
ព្រះសីហនុ៖ ក្នុងពិធី បើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ប្រវែង ៣៥០ម៉ែត្រ និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែចំនួន ០២គ្រឿង ក្រោមឥណទានសម្បទាន និងជំនួយឥតសំណង ពីរដ្ឋាភិបាលជប៉ុន នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា បានថ្លែងថា វិនិយោគិននឹងមកបណ្ដាក់ទុន នៅពេលផែមួយដើរ តម្លៃការដឹកជញ្ជូនកាន់តែថោក ។
សម្ដេចធិបតី បានថ្លែងថា នៅពេលកំពង់ផែមួយដំណើរការ តម្លៃការដឹកជញ្ជូនកាន់តែថោក វិនិយោគិន នឹងចូលមកវិនិយោគ ក្នុងវិស័យកសិកម្ម វិស័យឧស្សាហកម្មកាន់តែច្រើន ព្រោះតម្លៃដឹកជញ្ជូនថោក យើងភ្ជាប់ការដឹកជញ្ជូនតាមទន្លេ និង សមុទ្រ កា ន់តែមានប្រសិទ្ធភាព ។
សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានធ្វើព្រែកជីកភ្ជាប់ទន្លេ-សមុទ្រ និងការអភិវឌ្ឍកំពង់ផែខេត្តព្រះសីហនុ គឺដើម្បីពង្រីកសក្តានុពលសេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើននិងបង្កើនប្រាក់ចំណូលដល់ពលរដ្ឋឱ្យមានជីវភាពធូរធា ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា កំពង់ផែ មានដំណើរការ គឺជាផ្នែកមួយជួយភ្ជាប់ ទំនាក់ទំនងពាណិជ្ជកម្មក្នុង និងក្រៅប្រទេស ធ្វើឱ្យកើតមានសកម្មភាពដឹកជញ្ជូនរស់រវើក ជាពិសេស សកម្មភាពសេដ្ឋកិច្ចនៅតាមខេត្តផ្សេងៗក៏រីកចម្រើន និងបង្កើតប្រាក់ចំណូល សម្រាប់ប្រជាពលរដ្ឋផងដែរ ៕
អត្ថបទ ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ



