លក្ខណៈពិសេសបី ធ្វើឱ្យការដឹកជញ្ជូនទំនិញតាមផ្លូវទឹក នៅតែមានចំនួន ច្រើន ជាងផ្លូវគោក ផ្លូវរថភ្លើងល្បឿនលឿនរាប់ពាន់គីឡូម៉ែត្រ
ព្រះសីហនុ៖ មានលក្ខណៈពិសេសបី ដែលធ្វើឱ្យការដឹកជញ្ជូនទំនិញតាមផ្លូវទឹក នៅតែមានចំនួនច្រើន ជាងផ្លូវគោក ផ្លូវរថភ្លើងល្បឿនលឿនរាប់ពាន់គីឡូម៉ែត្រ ។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ប្រវែង ៣៥០ម៉ែត្រ និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅកំពង់ផែចំនួន ០២គ្រឿង ក្រោមឥណទានសម្បទាន និងជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុន នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្អែកលើទិន្នន័យដឹកជញ្ជូនបច្ចុប្បន្ន ទោះបីគេមានផ្លូវគោក ផ្លូវរថភ្លើងល្បឿនលឿនរាប់ពាន់គីឡូម៉ែត្រក៏ដោយ ក៏ការដឹកជញ្ជូនទំនិញតាមផ្លូវទឹកនៅតែមានចំនួនច្រើនដដែល ដោយសារលក្ខណៈពិសេសមួយចំនួនគឺ៖
ទី១-ចំនួន ៩០% នៃការចរាចរទំនិញនៅលើពិភពលោក នៅតែដឹកតាមកប៉ាល់, ទី២-ថ្លៃដឹកជញ្ជូនទាប និងទី៣-ការតភ្ជាប់រវាងកំពង់ផែទៅកំពង់ផែ មានភាពងាយស្រួលជាងនៅលើដី។
សម្ដេចធិបតី បានសង្កត់ធ្ងន់ថា ទោះបីជាកម្ពុជាដាក់គោលដៅក្នុងការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវគោក ផ្លូវអាកាស និងផ្លូវ Highway បន្ថែម និងធ្វើទំនើបកម្មនិងកែលម្អផ្លូវដែក កសាងព្រលានយន្តហោះបន្ថែមថ្មីក៏ដោយ ក៏ការដាក់ទិសដៅក្នុងការកសាងអភិវឌ្ឍកំពង់ផែទឹកជ្រៅ គឺជាយុទ្ធសាស្រ្តសំខាន់មិនអាចខ្វះបាន នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ៕
អត្ថបទ ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ



