លោក Zelensky ៖ គ្មាននរណាម្នាក់ដឹងថា សង្គ្រាមនៅអ៊ុយក្រែននឹងចប់ នៅពេលណានោះទេ

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា «គ្មានទីបញ្ចប់» ដែលត្រូវបានមើលឃើញ ចំពោះការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែននោះទេ ខណៈដែលភាពនឿយហត់បានលេចឡើង ក្នុងចំណោមសម្ព័ន្ធមិត្តរបស់ទីក្រុង Kyiv រយៈពេលជិតពីរឆ្នាំ នៅក្នុងសង្រ្គាម។

កាលពីពេលថ្មីៗនេះ លោក Zelensky បានប្រាប់អ្នកយកព័ត៌មាន ក្នុងពេលឆ្លើយតបទៅនឹងសំណួរដែរចោទសួរថា «តើសង្គ្រាមជាមួយរុស្ស៊ីអាចបញ្ចប់ នៅឆ្នាំក្រោយ ឬយ៉ាងណា» ។ នៅពេលនោះ លោក Zelensky បានឆ្លើយតបថា «គ្មាននរណាម្នាក់ដឹងចម្លើយទេ»។

នៅក្នុងវេទិកា ដែលរៀបចំឡើង កាលពីថ្ងៃអង្គារ សប្តាហ៍នេះ នារដ្ឋធានី គៀវ ក្នុងពេលនោះដែរ លោក Zelensky បានលើកឡើងទៀតថា «សូម្បីតែមនុស្សជាទីគោរព មេបញ្ជាការរបស់យើង និងដៃគូបស្ចិមប្រទេសរបស់យើង សុទ្ធតែបានដឹងថា នេះជាសង្រ្គាម រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែ ពួកគេសុទ្ធតែមិនដឹងទេថា តើនឹងចប់ នៅពេលណានោះ»។

លោក Zelensky កាលពីសប្តាហ៍មុន បានធ្វើដំណើរទស្សនកិច្ច ទៅកាន់បណ្តាប្រទេសលោកខាងលិច ដើម្បីស្វែងរកការគាំទ្រផ្នែកយោធា និងនយោបាយបន្ថែមទៀត ។ ក៏ប៉ុន្តែ លោកបានបរាជ័យក្នុងការបញ្ចុះបញ្ចូលសភាអាមេរិកឱ្យយល់ព្រមភ្លាមៗ នូវកញ្ចប់ជំនួយ ចំនួន ៦០ពាន់លានដុល្លារ។ នៅឯទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិកសម្រាប់ប្លុកអឺរ៉ុបវិញ មេដឹកនាំប្រទេសនៃហុងគ្រី លោក Viktor Orban បានរារាំងកញ្ចប់ជំនួយប្រហែល ៥០ ពាន់លានអឺរ៉ូ ឬ ៥៥ ពាន់លានដុល្លារ ដែលគ្រោងថានឹងផ្តល់ឲ្យអ៊ុយក្រែន។

យ៉ាងណាមិញ លោក Zelensky បានសម្តែងនូវទំនុកចិត្តថា ទីក្រុងវ៉ាស៊ីនតោននឹងបន្តផ្តល់ជំនួយ។ លោក Zelensky បានថ្លែងថា៖ «ខ្ញុំមានទំនុកចិត្តថា សហរដ្ឋអាមេរិកនឹងមិនក្បត់យើងទេ»៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner