ក្រោមគំនរបាក់បែក! ក្តីសង្ឃឹមមានកាន់តែតិចសម្រាប់អ្នកបាត់ខ្លួន ក្នុងគ្រោះរញ្ជួយដីនៅជប៉ុន
តូក្យូ៖ ក្តីសង្ឃឹមដែលថា អ្នកបាត់ខ្លួននៅរស់រានមានជីវិត មានកាន់តែតិច ខណៈដែលក្រុមអ្នករុករក មានទាំងឆ្កែហិតក្លិនផង បានព្យាយាមស្វែងរកមនុស្សរាប់សិបនាក់ទៀត ដែលបន្តបាត់ខ្លួន អំឡុងគ្រោះរញ្ជួយដី នៅប្រទេសជប៉ុន។
គិតត្រឹមថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ ក្រុមអ្នកជួយសង្គ្រោះរាប់ពាន់នាក់ មានឆ្កែហិតក្លិន ផង នៅតែបន្តប្រឹងប្រែងតស៊ូរុករក នៅក្នុងកម្ទេចថ្មបាក់បែកដែលគរលើគ្នាដ៏ស្មុគស្មាញ។ ក៏ប៉ុន្តែក្តីសង្ឃឹមកាន់តែរសាត់ទៅ សម្រាប់មនុស្សរាប់សិបនាក់ ដែលនៅតែបាត់ខ្លួន ក្នុងរយៈពេលបីថ្ងៃមកហើយនោះ។ ជាការបាត់ខ្លួន បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងក្លា ដែលបានសម្លាប់មនុស្ស យ៉ាងហោចណាស់ ៨៤នាក់ នៅប្រទេសជប៉ុន។
អភិបាលខេត្ត Ishikawa លោក Hiroshi Hase បានប្រាប់កិច្ចប្រជុំគ្រប់គ្រងគ្រោះមហន្តរាយថា «គិតត្រឹមម៉ោង ៤ល្ងាច ថ្ងៃទី៤ ខែមករា អត្រារស់រានមានជីវិតរបស់អ្នកបាត់ខ្លួនទាំងនោះ ត្រូវបានគេនិយាយថា ធ្លាក់ចុះយ៉ាងខ្លាំង»។
នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានប្រាប់សន្និសីទសារព័ត៌មាន នៅថ្ងៃទី៤ ខែមករាថា ការរញ្ជួយដីនេះគឺជា «គ្រោះមហន្តរាយដ៏អាក្រក់បំផុត» ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ។ លោកនាយករដ្ឋមន្ត្រីបានបន្តថា «ស្ថានការណ៍នៅតែលំបាក ប៉ុន្តែយើងនឹងបន្តធ្វើឲ្យអស់ពីសមត្ថភាព ដើម្បីជួយដល់ជនរងគ្រោះ»។
យ៉ាងណាមិញ ថ្មីៗនេះ ស្ត្រីវ័យ៨០ឆ្នាំម្នាក់ ត្រូវបានសង្គ្រោះនិងនៅរស់រានមានជីវិត បន្ទាប់ពីជាប់គាំង នៅជាន់ផ្ទាល់ដីនៃផ្ទះរបស់លោកស្រី អស់រយៈពេល ៣ថ្ងៃ។
ការណ៍នេះបានជំរុញឲ្យមនុស្សជាច្រើនបានអបអរសាទរ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីល្ងាចថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ។
អ្នកលេងបណ្តាញសង្គម X បានសរសេរថា «មិនគួរឱ្យជឿ! សង្ឃឹមថា លោកស្រីនឹងប្រសើរឡើង…អរគុណ ក្រុមជួយសង្គ្រោះ!»។
គិតត្រឹមថ្ងៃទី៤ ខែមករា គេជឿថា នៅមានមនុស្សជាង៥០នាក់ទៀតនៅតែបាត់ខ្លួននៅឡើយ ក្នុងហេតុការណ៍រញ្ជួយដី កម្លាំង ៧.៥ រិចទ័រ ដែលបានវាយប្រហារតំបន់ភាគកណ្តាល ប្រទេសជប៉ុន នៅថ្ងៃចូលឆ្នាំថ្មី៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

