អាមេរិកចោទថា រុស្សីបានប្រើកាំជ្រួចកូរ៉េខាងជើង វាយប្រហារលើអ៊ុយក្រែន

វ៉ាស៊ីងតោន ឌីស៊ី៖ សេតវិមានបាននិយាយថា ប្រទេសកូរ៉េខាងជើងបានផ្តល់ឱ្យរុស្ស៊ី នូវកាំជ្រួចមីស៊ីលផ្លោង និងកាំជ្រួចមីស៊ីល ដែលត្រូវបានប្រើប្រាស់ វាយប្រហារទៅលើប្រទេសអ៊ុយក្រែន នាពេលថ្មីៗនេះ។

នៅក្នុងសន្និសីទសារព័ត៌មាន នៅឯសេតវិមាន កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ អ្នកនាំពាក្យនៃក្រុមប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក លោក John Kirby បាននិយាយថា «ព័ត៌មានរបស់យើងបង្ហាញថា ថ្មីៗនេះ សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េបានផ្តល់ឱ្យរុស្ស៊ី នូវកាំជ្រួចមីស៊ីលផ្លោង និងកាំជ្រួចផ្លោង ជាច្រើន»។

លោកបានបន្តថា មីស៊ីលដែលផ្គត់ផ្គង់ដោយកូរ៉េខាងជើងនេះ អាចបាញ់បានចម្ងាយប្រហែល ៩០០ គីឡូម៉ែត្រ។ លោកបានបន្ថែមទៀតថា មីស៊ីលនេះហើយ ដែលត្រូវបានរុស្ស៊ីបាញ់ ទៅលើប្រទេសអ៊ុយក្រែន កាលពីសប្តាហ៍មុន។

លោក Kirby បានអះអាងថា ការណ៍នេះគឺបង្ហាញច្បាស់ថា កូរ៉េខាងជើងបង្កើនការគាំទ្រចំពោះប្រទេសរុស្ស៊ី។ លោក Kirby បានបន្ថែមថា ការវិវឌ្ឍន៍នេះបញ្ជាក់ពីតម្រូវការសម្រាប់សភាអាមេរិក ក្នុងការអនុម័តកញ្ចប់ជំនួយយោធាដ៏សំខាន់ សម្រាប់អ៊ុយក្រែន ក្នុងពេលឆាប់ៗនេះ។

លោក Kirby ថែមទាំងបានអះអាងថា រុស្សីក៏កំពុងស្វែងរកទិញមីស៊ីល ពីប្រទេសអ៊ីរ៉ង់ ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន ខណៈដែលប្រទេសនេះអស់អាវុធ ជិតពីរឆ្នាំ ក្នុងការឈ្លានពានលើអ៊ុយក្រែន ក្រោមការដឹកនាំរបស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន៕ ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner