ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ការរួមសហការគ្នារវាងកម្លាំងចាស់ និងកម្លាំងថ្មី នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ប្រាកដជាប្រែក្លាយខេត្តនេះឱ្យទៅជាប៉ូលសេដ្ឋកិច្ចមួយដ៏មានសារៈសំខាន់សម្រាប់កម្ពុជា

ព្រះសីហនុ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង លើកឡើងថា ការរួមសហការគ្នារវាងកម្លាំងចាស់ និងកម្លាំងថ្មីនៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ នឹងអាចប្រែក្លាយខេត្តដែលមានសក្ដានុពលខ្ពស់នេះទៅជាប៉ូលសេដ្ឋកិច្ចមួយដ៏មានសារៈសំខាន់សម្រាប់កម្ពុជា។ ក្រុមការងារចុះមូលដ្ឋាន គឺជាយន្តការមួយដែលបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក មិនត្រឹមតែសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ក្រុមការងារដែលមកពីក្រសួងស្ថាប័នដទៃទៀតផងដែរ ។ ការចុះមូលដ្ឋាន គឺជាកត្តាសំខាន់ដើម្បីបង្រៀនឱ្យស្គាល់ពីខ្លួនឯង និងឱ្យចេះធ្វើការជាមួយអ្នកដទៃក្នុងកម្រិតបុគ្គល និងកម្រិតជំនាញ ដែលនេះជារឿងមិនអាចមើលរំលង និងជាកត្តាចាំបាច់បំផុត ដើម្បីធ្វើដំណើរឆ្ពោះទៅមុខទាំងអស់គ្នា ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ។

ទន្ទឹមនេះ ឯកឧត្តម សាយ សំអាល់ បានលើកឡើងអំពីសច្ចភាពប្រវត្តិសាស្រ្តដែលកម្ពុជាធ្លាប់បានជួបប្រទះជាច្រើនដំណាក់កាល និងស្ថានការណ៍នយោបាយពិភពលោក ដូចជាវិបត្តិសង្គ្រាមនៅអ៊ុយក្រែនជាដើម ដោយបញ្ជាក់ថាការរួបរួមសាមគ្គីគ្នាជាធ្លុងមួយពិតជានឹងធ្វើឱ្យប្រទេសជាតិ ក៏ដូចជាពិភពលោកមានសន្តិភាព និងភាពរីកចម្រើន គ្មានការបែកបាក់ ហើយប្រជាជននឹងរស់នៅដោយភាពសុខដុមរមនា។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្ថែមថា កម្ពុជាបាននឹងកំពុងដើរលើមាគ៌ាដ៏ត្រឹមត្រូវបំផុតដោយបច្ចុប្បន្នប្រជាជនកម្ពុជាកំពុងរស់នៅក្រោមម្លប់សុខសន្តិភាព ដែលផ្តួចផ្ដើមឡើងដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តមរតកសន្តិភាពដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា ដោយមានយុទ្ធសាស្ត្រក្នុងការរក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយនិងកំណើនសេដ្ឋកិច្ច។

អត្ថន័យ នៃសុខសន្តិភាពនេះ ដក់ជាប់នៅក្នុងផ្នត់គំនិតរបស់កូនខ្មែររៀងរហូត ។ ភារកិច្ចបន្តដែលត្រូវអនុវត្តនាថ្ងៃខាងមុខ គឺត្រូវរួមសហការគ្នាធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានជីវភាពរស់នៅល្អប្រសើរ មានលំនៅដ្ឋានរស់នៅសមរម្យ មានអាហារហូបចុកគ្រប់គ្រាន់ មានការងារធ្វើ មានប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ និងកូនចៅប្រជាពលរដ្ឋបានទៅសិក្សារៀនសូត្រទាំងអស់គ្នា ដែលកត្តាទាំងនេះនឹងជំរុញឱ្យយើងឈ្នះជារៀងរហូត ហើយសន្តិភាពនឹងស្ថិតនៅជាមួយយើងទាំងអស់គ្នាជានិរន្ដរ៍ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner