សម្ដេចតេជោ ហ៊ុន សែន ប្រកាសជួយកសាងកុដិ និងទិញដីពង្រីបន្ថែម សម្រាប់ វត្តដែលកូននេន សីហា គង់ស្នាក់នៅក្នុងខេត្តកំពត
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសជួយកសាងកុដិ និងទិញដីពង្រីកបន្ថែម សម្រាប់វត្តដែលកូននេន សីហា គង់ស្នាក់នៅ ដែលមាទីតាំងនៅវត្តព្រៃថ្មី ស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត ។
នៅលើបណ្ដាញទំនាក់ទំនងសង្គម នាថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៤ សម្ដេចតេជោបានសរសេរថា ព្រឹកម៉ិញបានជួបកូន អួន សារ៉ាត់ ដែលជាអ្នកផ្សព្វផ្សាយពីកូននេន សីហា ។ ចំណុចសំខាន់ តើត្រូវជួយកូននេនសីហា របៀបណា និង ការជួយកសាងកុដិសម្រាប់ព្រះសង្ឃគង់នៅ និងទិញដីបន្ថែមដើម្បីពង្រីកនិងកសាងវត្ត។
សម្ដេចតេជោបញ្ជាក់ថា៖ ខ្ញុំនឹងចាត់ឱ្យតំណាងរបស់ខ្ញុំ ទៅជួបព្រះចៅអធិ ការវត្ត និង កូននេនសីហា ដោយរួមដំណើរជាមួយ អួន សារ៉ាត់ ដើម្បីពិភាក្សាដោះស្រាយជាក់ស្តែង។ សូមអរគុណ កូន អួន សារ៉ាត់ ដែលបានជួយផ្សព្វផ្សាយពីកូននេន សីហា និង សូមអរគុណសប្បុរសជន ដែលបានជួយដល់ កូននេនសីហា ដើម្បីកសាងព្រះវិហារ និង សូមអំពាវនាវសូមបន្តជួយរហូតរួចរាល់នូវព្រះវិហារនេះ ។ ចំណែកខ្ញុំ ទទួលខុសត្រូវលើការជាវដីពង្រីកវត្ត និងកសាងកុដិសម្រាប់ព្រះសង្ឃគង់នៅ។ ផ្ញើ ប្រគេនការស្រឡាញ់និងក្តីអាណិតចំពោះកូននេនសីហាពីតា ។
សូមបញ្ជាក់ដែរថា កូននេន សីហា ដែលមានព្រះជន្ម ៥វស្សា កំពុងគង់នៅវត្តព្រៃថ្មី ស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត។ កូននេន សីហា កំពុងមានប្រជាប្រិយភាពលើបណ្តាញសង្គម តាមរយៈការផ្សព្វផ្សាយវីដេអូសកម្មភាពនានា ដោយ លោក អួន សារ៉ាត់ ។
ចំពោះវត្តដែលព្រះអង្គគង់នៅ នាពេលបច្ចុប្បន្ន ជួបការខ្វះខាត ហើយក៏កំពុង អំពាវនាវដល់សប្បុរសជន ដើម្បីជួយសាងសង់ព្រះវិហារផងដែរ ៕
ដោយ ៖ វណ្ណលុក





