ការដឹកជញ្ជូនកុងតឺន័រ នៅសមុទ្រក្រហមធ្លាក់ចុះ ៣០% នេះបើតាមមូលនិធិរូបិយវត្ថុអន្តរជាតិ
រទេស៖ មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ IMF បានឲ្យដឹង កាលពីថ្ងៃពុធថា ការដឹកជញ្ជូនកុងតឺន័រឆ្លងកាត់សមុទ្រក្រហមបានធ្លាក់ចុះ ជិតមួយភាគបី តាំងពីដើមឆ្នាំ២០២៤ មកដល់ចុងខែមករា ខណៈដែលការវាយប្រហារដោយក្រុមឧទ្ទាមហ៊ូធី មានមូលដ្ឋាននៅប្រទេសយេម៉ែន នៅតែបន្តកើតមាននៅសមុទ្រក្រហម។
លោក Jihad Azour ប្រធានប្រចាំតំបន់មជ្ឈិមបូព៌ា និងអាស៊ីភាគកណ្តាល របស់ IMF បាននិយាយថា «ការដឹកជញ្ជូនកុងតឺន័របានធ្លាក់ចុះជិត ៣០ភាគរយ» ដោយលោកបានបន្ថែមទៀតថា «ទំហំនៃការធ្លាក់ចុះផ្នែកពាណិជ្ជកម្ម ក៏បានកើនឡើងដែរ នៅដើមឆ្នាំ២០២៤» ។
វេទិកាវិភាគ និងស្រាវជ្រាវ PortWatch របស់ IMF បានបង្ហាញថា បរិមាណដឹកជញ្ជូនសរុប តាមព្រែកជីក Suez បានធ្លាក់ចុះ ៣៧ ភាគរយ នៅឆ្នាំនេះ គិតត្រឹមថ្ងៃទី ១៦ ខែមករា បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ ព្រែកជីក Suez គឺជាច្រកតភ្ជាប់សមុទ្រក្រហម ទៅកាន់សមុទ្រមេឌីទែរ៉ាណេ។
មន្ទីរបញ្ចកោណរបស់អាមេរិកបាននិយាយ កាលពីថ្ងៃអង្គារថា ក្រុមហ៊ូធីដែលមានអ៊ីរ៉ង់គាំទ្រពីក្រោយ បានបើកការវាយប្រហារ ជាង ៣០លើក លើការដឹកជញ្ជូនពាណិជ្ជកម្ម និងនាវាកងទ័ពជើងទឹក ចាប់តាំងពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៣មក។ ក្រុមឧទ្ទាមនិយាយថា ការវាយប្រហារនេះបង្ហាញ ពីសាមគ្គីភាពជាមួយប៉ាឡេស្ទីន និងទុកជាការតវ៉ាចំពោះសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលបាននិងកំពុងផ្ទុះឡើង នៅតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីខែតុលា ឆ្នាំ២០២៣មក។
ការវាយប្រហាររបស់ Huthi បានជំរុញឱ្យក្រុមហ៊ុនដឹកជញ្ជូនមួយចំនួន ធ្វើដំណើរផ្លូវវាង ទៅធ្វើដំណើរនៅផ្នែកភាគខាងត្បូងនៃទ្វីបអាហ្រ្វិក ដើម្បីជៀសវាង ការឆ្លងកាត់សមុទ្រក្រហម។ សមុទ្រក្រហម ដែលជាផ្លូវដ៏សំខាន់ ជាធម្មតា ចក្រមួយនេះគ្របដណ្តប់ ប្រមាណ១២ ភាគរយនៃពាណិជ្ជកម្មពិភពលោក នេះបើយោងតាមសភាដឹកជញ្ជូនអន្តរជាតិ ហៅកាត់ថា ICS៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត